ឈាមដែលយើងបូមចេញមកឃើញពណ៌ក្រហមៗនោះ តាមពិតនៅក្នុងនោះមានគ្រាប់ឈាមដល់ទៅ ៣ ប្រភេទសំខាន់ៗ ដោយមិនរាប់បញ្ចូលសារធាតុផ្សេងៗទៀត ដូចជាប្លាស្មា ប្រូតេអ៊ីន ទឹកជាដើម។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក និងឈាម បញ្ជាក់ថា សមាសធាតុគ្រាប់ឈាមសំខាន់ទាំង ៣ ប្រភេទនោះមាន ទី១ គ្រាប់ឈាមក្រហម ទី២ គ្រាប់ឈាមស និងទី៣ ប្លាកែត ហើយគ្រាប់ឈាមទាំង ៣ ប្រភេទនេះមានតួនាទីផ្សេងៗគ្នា។
១. គ្រាប់ឈាមក្រហម
នៅក្នុងខ្លួនយើងមានបរិមាណគ្រាប់ឈាមក្រហមច្រើនជាងគេ ដែលមានមុខងារដឹកជញ្ជូនអុកស៊ីសែនទៅចិញ្ចឹមជាលិកា និងកោសិកានានាពេញសារពាង្គកាយយើង។ គ្រាប់ឈាមក្រហមត្រូវបានផលិតចេញពីខួរឆ្អឹង។
២. គ្រាប់ឈាមស
គ្រាប់ឈាម ប្រៀបបាននឹងទាហាន ឬយោធា ដែលមានតួនាទីប្រឆាំងទប់ទល់ជាមួយមេរោគ ដែលចូលឈ្លានពានក្នុងសរីរាង្គយើង។ បើសិនជាគ្រាប់ឈាមសធ្វើសង្គ្រាមឈ្នះ យើងមិនកើតមានជំងឺនោះទេ។ ដូចជាវីរុស COVID-19 ហេតុអីបានជាអ្នកឆ្លងវីរុសនេះខ្លះស្លាប់ ឯខ្លះទៀតមិនស្លាប់? លោកវេជ្ជបណ្ឌិតថា អ្នកដែលឆ្លងវីរុស COVID-19 ហើយមិនស្លាប់មកពីទាហាន (គ្រាប់ឈាមស) ខ្លាំង មានន័យថាប្រព័ន្ធការពាររាងកាយខ្លួនខ្លាំង អាចទប់ទល់ជាមួយមេរោគបាន។
៣. ប្លាកែត
ប្លាកែតជាគ្រាប់ឈាមតូចៗ ពណ៌លឿង មានតួនាទីធ្វើឲ្យសរសៃឈាមស្វិត កុំឲ្យឈាមរាវពេក កុំឲ្យបែកសរសៃឈាម។ លោកវេជ្ជបណ្ឌិតថា អ្នកកើតគ្រុនឈាមហេតុអីស្លាប់? ស្លាប់ដោយសារការធ្លាក់ចុះប្លាកែត ធ្វើឲ្យបែកសរសៃឈាមតូចៗ ហូរឈាមក្នុងខ្លួន ក្នុងពោះផង ធ្វើឲ្យស្លាប់។
[embed-health-tool-bmi]