backup og meta

អ្នក​ឈឺសន្លាក់ក៏អាចហាត់ប្រាណដែរ តាមវិធីមួយចំនួន​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 10, 2020

    អ្នក​ឈឺសន្លាក់ក៏អាចហាត់ប្រាណដែរ តាមវិធីមួយចំនួន​នេះ

    ពេល​ខ្លះ​អ្នក​ជំងឺ​រលាក​សន្លាក់​​​យល់​ឃើញ​​ថា​ ការ​ធ្វើ​លំហាត់​ប្រាណ​នឹង​ធ្វើ​ឲ្យ​ជំងឺ​របស់​ពួកគាត់​កាន់​តែ​​ធ្ងន់​ធ្ងរ​លើស​ដើម​។​ ប៉ុន្តែ​មិន​ដូច្នោះ​ឡើយ​ លំហាត់​ប្រាណ​មាន​សារៈសំខាន់​ណាស់​​ ពីព្រោះ​វា​ជួយ​​បង្កើន​​កម្លាំង​ថាមពល​ និង​ភាព​ពត់​ពែន​​ ក៏​ដូចជា​កាត់​បន្ថយ​នូវ​ការ​ឈឺចាប់​ ព្រមទាំង​ប្រឆាំង​នឹង​ភាព​អស់​កម្លាំង​ផង​ដែរ​។ ​

    ពិត​ណាស់ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ឈឺចាប់​ និង​ស្ពឹក​ស្រពន់​នៅ​​ត្រង់​សន្លាក់​ឆ្អឹង​ យើង​ប្រហែល​ជា​គ្មាន​អារម្មណ៍​ដើរ​កាត់​ប្រាណ​ ឬ​ហែល​ទឹក​ទៀត​នោះ​ទេ​។យ៉ាង​ណា​មិញ​ យើង​មិន​ចាំបាច់​​​​​​ប្រឹង​ប្រែង​​ហាត់​ប្រាណ​ឲ្យ​ហួស​ពី​សមត្ថភាព​ឡើយ​​ លំហាត់​ប្រាណ​​ងាយៗ​ បែប​សាមញ្ញ​​ៗ​ ក៏​អាច​​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរស្រាល ព្រម​ទាំង​អាច​រក្សា​ទម្ងន់​ខ្លួន​ថែម​ទៀត​ផង​។

    ១.តើ​ការ​ហាត់ប្រាណ​មាន​គុណប្រយោជន៍​អ្វី​ខ្លះ​?

    ជាក់ស្ដែង​​​ ការ​ហាត់ប្រាណ​​ជួយ​ពង្រឹង​សុខភាព​ និង​ធ្វើ​ឲ្យ​រាងកាយ​​របស់​យើង​​មាន​ភាព​សម​សួន​ ដោយ​ពុំ​មាន​ការ​ឈឺចាប់​នៅ​ត្រង់​សន្លាក់​ឆ្អឹង​ឡើយ​។ លើស​ពី​នេះ​ ​វា​ក៏​ជួយ​​គ្រប់គ្រង​ទម្ងន់​ បង្កើន​តុល្យភាព​រាងកាយ​ ធ្វើ​ឲ្យ​ឆ្អឹង​ និង​សាច់ដុំ​នៅ​ត្រង់​សន្លាក់​មាន​ភាព​រឹងមាំ​ ក៏​ដូចជា​ធ្វើ​ឲ្យ​យើង​គេង​លក់​ស្រួល​​ផង​ដែរ​។ ផ្ទុយ​ទៅ​វិញ​ ប្រសិនបើ​​យើង​មិន​សូវ​ហាត់​ប្រាណ​ទេ​នោះ​​ វា​នឹង​ធ្វើ​ឲ្យ​សន្លាក់​ឆ្អឹង​របស់​យើង​កាន់តែ​ឈឺចាប់​ និង​ស្ពឹក​ជាង​មុន​​​​ថែម​ទៀត​​។​

    រលាកសន្លាក់

    ២.​លំហាត់​ប្រាណ​ស័ក្ដិសម​​អ្នក​​ជំងឺ​រលាក​សន្លាក់

    ដូច​ដែល​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា​ លំហាត់​ប្រាណ​មាន​ច្រើន​ប្រភេទ​ណាស់​ ហើយ​លំហាត់​ប្រាណ​នីមួយ​ៗ​សុទ្ធសឹងតែ​មាន​គុណ​ប្រយោជន៍​ផ្សេង​ៗ​ពី​គ្នា​។ ​ ចំណែក​ឯ​លំហាត់​ប្រាណ​សម្រាប់​អ្នក​ជំងឺ​រលាក​សន្លាក់​ ក៏​អាស្រ័យ​ទៅ​លើ​ប្រភេទ​នៃ​ជំងឺ​រលាក​សន្លាក់​របស់​យើង​ផង​ដែរ​។ ​

    ជា​ទូទៅ​ លំហាត់​ប្រាណ​សម្រាប់​អ្នក​ជំងឺ​រលាក​សន្លាក់​មាន​ដូចជា លំហាត់​ប្រាណ​បែប​ចលនា (ពត់ខ្លួន​ប្រាណ​ លើកដៃ បង្វិល​ស្មា​ចុះ​ឡើង​…) លំហាត់​ប្រាណ​​ពង្រឹង​កម្លាំង​ (លើក​ទម្ងន់ ​…) លំហាត់​ប្រាណ​អារ៉ូប៊ិក (​ជិះកង់ ដើរ រាំ….) ជាដើម​។​​

    ប្រសិនបើ​យើង​​ចង់​​ទទួល​បាន​អត្ថប្រយោជន៍​​​ដ៏​លើស​លប់​ពី​ការ​ហាត់​ប្រាណ​​ យើង​គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ជាមុន​សិន​​​​ ដើម្បី​ស្វែង​រក​ប្រភេទ​លំហាត់​ប្រាណ​ណាមួយ​ ដែល​ស័ក្ដិសម​បំផុត​ជាមួយ​នឹង​សន្លាក់​ឆ្អឹង​របស់​យើង​។

    ៣.តិចនិក​ការពារ​សន្លាក់​ឆ្អឹង​​ពេល​​ចាប់​ផ្ដើម​លំហាត់​ប្រាណ​ដំបូង​

    សម្រាប់​អ្នក​ដែល​​មិន​សូវ​ហាត់​ប្រាណ​ពីមុន​​សោះ​ ​គួរ​ចាប់​ផ្តើម​ធ្វើ​លំហាត់​ប្រាណ​យឺត​ៗ មួយៗ​ ដើម្បី​កុំ​ឲ្យ​មាន​ការ​ឈឺចាប់​ដល់​សន្លាក់​ឆ្អឹង​។ យើង​​គួរ​ធ្វើ​លំហាត់​ប្រាណ​ណា​ដែល​មាន​ផល​ប៉ះពាល់​ទាប​បំផុត​ ដូចជា​​ការ​ប្រើ​ម៉ាស៊ីន​​ធាក់​ ឬ​ហាត់​ប្រាណ​នៅ​ក្នុង​ទឹក​ ដើម្បី​​រក្សា​កម្លាំង​សង្កត់​លើ​សន្លាក់​ឆ្អឹង​​ឲ្យ​នៅ​ទាប​​ នៅ​ពេល​ធ្វើ​ចលនា​។ ​

    ជាមួយ​គ្នា​នេះ​ដែរ​ យើង​ក៏​អាច​​ប្រើ​កន្សែង​ក្តៅ​ឧណ្ហៗ​ ឬ​ងូត​ទឹក​ក្តៅ​ល្មម​​ជាមុន​សិន​ មុន​នឹង​ចាប់​ផ្តើម​លំហាត់​ប្រាណ​ ឬ​ស្អំ​ទឹក​កក​នៅ​ត្រង់​សន្លាក់​ឆ្អឹង​ឲ្យ​បាន​ប្រហែល​២០នាទី​ បន្ទាប់​ពី​ហាត់​ប្រាណ​រួច។ ជា​ពិសេស​​ សូម​កុំ​ភ្លេច​កម្ដៅ​សាច់ដុំ​ដោយ​​​ធ្វើ​ចលនា​យឺត​ៗ និង​ថ្នម​ៗ​រយៈពេល​ប្រហែល​៥ទៅ​១០​នាទី​ ​មុន​នឹង​ចាប់​ផ្ដើម​លំហាត់​ប្រាណ​ប្រភេទ​ណា​មួយ​​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Dec 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម