backup og meta

ជិះកង់ល្អ តែអាចជាមូលហេតុបណ្ដាលឲ្យយើងឈឺចង្កេះទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 16, 2021

    ជិះកង់ល្អ តែអាចជាមូលហេតុបណ្ដាលឲ្យយើងឈឺចង្កេះទេ?

    ពេល​ជិះ​កង់ យើង​ប្រើ​កម្លាំង​ជើង​ខ្លាំង ព្រោះ​ត្រូវ​ធាក់​កង់​ដើម្បី​ឲ្យ​វា​ទៅ​មុខ ហើយ​ដោយ​សារ​តែ​ប្រើ​ជើង​ខ្លាំង​គ្នា​យើង​ខ្លះ​គិត​ថា របួស​ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​ជិះ​កង់​កើត​ឡើង​លើ​ជើង​ដូច​ជា កំភួន​ជើង ឬ​ជង្គង់​ជា​ដើម។ ប៉ុន្តែ ការ​សិក្សា​បង្ហាញ​ថា របួស​លើ​រាងកាយ​ពេល​ជិះ​កង់​គួរ​ឲ្យ​ធុញ​នោះ​មិន​មែន​ឈឺ​ជង្គង់​អី​ទេ តែ​ជា​បញ្ហាឈឺចង្កេះដោយសារជិះកង់​វិញ។

    ក្រុម​អ្នក​វិទ្យាសាស្ត្រ​ន័រវែស​បាន​សិក្សា​លើ​អ្នកជិះកង់អាជីព​ចំនួន ១១៦​នាក់ ដើម្បី​ពិនិត្យ​មើល​លើ​ផ្នែក​រាងកាយ​ណា​ដែល​រង​របួស​ខ្លាំង​ជាង​គេ​ដោយសារ​ការ​ជិះ​កង់។ ការ​សិក្សា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា៖

    • ៤៥% ​នៃ​របួស​ដោយ​សារ​ការ​ជិះ​កង់​គឺ​បញ្ហា​ឈឺ​ចង្កេះ
    • ២៣% នៃ​របួស​ដោយ​សារ​ការ​ជិះ​កង់​គឺ​បញ្ហាឈឺជង្គង់
    • ៤១% ​នៃ អ្នក​ជិះកង់​ទាំង​អស់​បាន​ស្វែង​រក​ការ​ព្យាបាល​ដោយសារ​ឈឺ​ចង្កេះ ឈឺខ្នង។

    មូល​ហេតុ​ទូទៅ​បំផុត​នៃ​ការ​ឈឺ​ចង្កេះ​ចំពោះ​គ្នា​យើង​ចូល​ចិត្ត​ជិះ​កង់ គឺ​អាច​ដោយ​សារ​មាន​ឥរិយាបថ​មិន​ល្អ (ឱន​ជិះ​កង់) បណ្ដាល​ឲ្យ​ស្ពឹក​ខ្នង ឬ​ចង្កេះ។ មួយ​វិញ​ទៀត​នោះ ការ​ឈឺ​ចង្កេះ​ដោយ​សារ​ជិះ​កង់​អាច​បង្ក​ឡើង​ដោយ​សារ​សរសៃ​ពួរ​សាច់​ដុំ​ទទួល​រង​ការ​ប៉ះទង្គិច ឬ​ដោយ​សារ​ប្រឹង​ធាក់​កង់​ខ្លាំង​ពេក។ បញ្ហា​ឈឺ​ចង្កេះ​ដោយ​សារ​ជិះ​កង់​ក៏​អាច​បណ្ដាល​មក​ពី​យើង​ធាក់​កង់​ខុស​បច្ចេកទេស​ផង​ដែរ។

    ក្បួន​ដោះ​ស្រាយ​បញ្ហា​ឈឺ​ចង្កេះ​ដោយ​សារ​ជិះ​កង់

    ១. កែ​តម្រូវ​កង់​ឲ្យ​សម​ស្រប​ទៅ​តាម​រាងកាយ​របស់​យើង បើ​អាច​គួរ​មាន​ជំនួយ​ពី​អ្នក​ជំនាញ​ក្នុង​ការ​ជ្រើសរើស​កង់​ស័ក្ដិសម​នឹង​យើង។

    ២. ជ្រើស​រើស​ប្រភេទ​កង់​ត្រឹម​ត្រូវ​ទៅ​តាម​ការ​ជិះ​កង់​ដូច​ជា កង់​ជិះ​លេង​ធម្មតា កង់​ជិះ​ឡើង​ភ្នំ កង់​កីឡា​។ល។

    ៣. ក្នុង​ករណី​យើង​ឈឺ​ចង្កេះ​ដោយ​សារ​ជិះ​កង់ អាច​យក​ទឹក​កក​មក​ស្អំ​កន្លែង​ឈឺ​ចាប់ និង​សម្រាក​មួយ​រយៈ​សិន រហូត​អាការៈ​ប្រសើរ​ឡើង។

    ៤. បើ​យើង​ឈឺ​ចង្កេះ​ដោយ​សារ​ជិះ​កង់​ខ្លាំង អាច​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដោយ​គ្មាន​វេជ្ជបញ្ជា​បាន តែ​ត្រូវ​ប្រាកដ​ថា ប្រើ​សម​ស្រប​ទៅ​តាម​កម្រិត​របស់​ថ្នាំ

    ៥. លើស​ពី​នេះ យើង​អាច​ដោះ​ស្រាយ​ជាមួយ​ក្បាច់​ហាត់​ប្រាណ​ដូច​ខាង​ក្រោម​ក៏​បាន​៖

    ក្បាច់​ផ្អឹប​ជង្គង់ នឹង​ដើម​ទ្រូង៖

    ការ​ផ្អឹប​ជង្គង់នឹង​ដើម​ទ្រូង ជួយ​បន្ធូរ​ភាព​តាន​តឹង​សាច់ដុំ​ចង្កេះ​របស់​យើង។ ជំហាន​ដែល​យើង​គួរ​អនុវត្ត​តាម​មាន​ដូច​ជា៖

    ជំហានទី១៖ គេង​ឲ្យ​រាប​ស្មើ​នឹង​ឥដ្ឋ

    ជំហានទី២៖ ទាញ​ជង្គង់​ទាំង​សង​ខាង​ឡើង​មក​ផ្អឹបនឹង​ដើម​ទ្រូង

    ជំហានទី៣៖ យក​ដៃ​ឱប​ជង្គង់ រួច​សង្កត់​ថ្នម​ៗ​ផ្អឹប​ជង្គង់​នឹង​ដើម​ទ្រូង

    ជំហានទី៤៖ រក្សា​លំនឹង​នេះ​ឲ្យ​បាន​១៥វិនាទី សឹម​លែង​មក​ដាក់​ជើង​ត្រង់​ស្មើ រួច​ធ្វើ​ក្បាច់​នេះ​២-៣​ដង​ទៀត។

    ក្បាច់​កូន​ក្មេង

    ក្បាច់​កូន​ក្មេង​ក៏​ជា​ក្បាច់​យូហ្កា​ដ៏​ពេញ​និយម​មួយ​ទៀត ជួយ​បន្ធូរ​ភាព​តាន​តឹង​សាច់ដុំ​ចង្កេះ​របស់​យើង​ដូច​គ្នា។ យើង​គួរ​អនុវត្ត​តាម​ជំហាន​នីមួយៗ ដូចជា៖

    ជំហានទី១៖ លត់​ជង្គង់​ចុះ​ដោយ​ដាក់​ជង្គង់​ឆ្ងាយ​ពី​គ្នា (ធំជាង​ទំហំ​ត្រគាក​បន្តិច) ប្រអប់​ជើង​ស្រប​គ្នា និង​បាត់​ដៃ​រាប​ស្មើ​លើ​ឥដ្ឋ។

    ជំហានទី២៖ អង្គុយ​ចុះ​ថ្នមៗ ដោយ​ឈោង​ដៃ​ទៅ​មុខ ដាក់​ថ្ងាស​ឲ្យ​រាប​ស្មើ​នឹង​ឥដ្ឋ

    ជំហានទី៣៖ ព្យាយាម​ទាញ​សរសៃសសូង ពត់​ខ្លួន​ឲ្យ​អស់

    ជំហានទី៤៖ រក្សា​លំនឹង​នេះ​២០​វិនាទី រួច​ត្រឡប់​ទៅ​លំនឹង​ដើម​វិញ ហើយ​ធ្វើ​វា​២-៣​ទៀត។

    ឈឺ​ចង្កេះដោយសារជិះកង់​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 16, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម