backup og meta

Osteoarthritis (​រលាក​សន្លាក់​ឆ្អឹង)

និយមន័យ

១- អ្វី​ទៅ​ជាជំងឺ​រលាក​សន្លាក់​ឆ្អឹង?

រលាក​សន្លាក់​ឆ្អឹង ជាផ្នែក​មួយ​នៃ​ជំងឺ​រលាក​សន្លាក់ ​បង្ក​ដោយសារ​ការ​សឹក​រេច​រឹល​ក្បាល​ឆ្អឹង​នៅ​សន្លាក់​ណាមួយ ​នាំ​ឲ្យ​បាក់​សង្កត់​គ្នា​ធ្វើឲ្យ​ឈឺ​ចាប់ រឹង ​និង​ហើម ​អាច​ប៉ះពាល់​លើ​គ្រប់​សន្លាក់​ទាំង​អស់ ​ហើយ​ភាគ​ច្រើន​គេ​សង្កេត​ឃើញ​កើត​មាន​នៅ​ម្ដុំ​ដៃ​ ជង្គង់ ត្រគាក ​និង​ឆ្អឹង​ខ្នង។

២- កើត​ឡើង​ញឹកញាប់​ដែរ​ទេ?

យោង​តាម​វិទ្យាស្ថាន​ជាតិ​ជំងឺ​សន្លាក់ ​និង​ឆ្អឹង នៅ​អាមេរិក ជំងឺ​នេះ​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​ដូច​ជា៖

– មុន​អាយុ ​៤៥​ឆ្នាំ​ បុរស​កើត​ច្រើន​ជាង​ស្ត្រី

– ក្រោយ​អាយុ​ ៤៥​ឆ្នាំ​ ស្ត្រី​កើត​ច្រើន​ជាង​បុរស

– អាចកើត​លើ​មនុស្ស​គ្រប់​វ័យ ​តែ​ភាគ​ច្រើន​លើ​មនុស្ស​ចាស់​អាយុលើស​ពី ៦៥ ឆ្នាំ។

រោគសញ្ញា

៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ?

រោគ​សញ្ញា​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេមាន​ដូចជា៖

– ឈឺ​ចាប់ គាំង​សន្លាក់ ​ភាគ​ច្រើន​នៅ​ពេល​ព្រឹក ​និង​ក្រោយ​ពេល​សម្រាក​មិន​ធ្វើ​ចលនា

– មាន​អារម្មណ៍​ថា ​សន្លាក់​តឹង​ជាង​មុន

– បាត់​ភាព​រស់​រវើក​របស់​សន្លាក់

– ធ្វើ​ចលនា ឭ​សំឡេង​ក្នុង​សន្លាក់

– ហើម​ជុំវិញ​សន្លាក់ ​។

មិន​មែន​​​គ្រប់​គ្នា​សុទ្ធ​តែ​អាច​មានរោគ​សញ្ញា​ខាង​លើ​ទេ ហេតុនេះ​បើ​មាន​ករណី​មិនប្រក្រតីណាមួយ​កើត​ឡើង ​សូម​ប្រញាប់​មក​ជួប​គ្រូពេទ្យ។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​មនុស្ស​គ្រប់​រូបមិន​​មាន​រោគ​សញ្ញា​ដូច​គ្នា​ទេ វិធី​​ល្អបំផុត ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

មូលហេតុបង្ក

៥- មូលហេតុ​បង្ក​មានអ្វីខ្លះ?

បង្ក​ឡើង​ដោយ​សារ​ភាព​​សឹករេចរឹល​លើឆ្អឹង​ខ្ចី ​នៅ​ក្បាល​ឆ្អឹង​សន្លាក់​ ដែល​មាននាទី​ការពារ​កុំ​ឲ្យ​វា​ទង្គិច​គ្នា ​ហើយ​បណ្ដាល​ឲ្យ​មាន​ការ​រលាក​សន្លាក់​នេះ​ឡើង។ ករណី​គ្មាន​ឆ្អឹង​ខ្ចី​សោះ​ គឺ​ជា​បញ្ហា​ពិបាក​ព្យាបាល​បំផុត។

កត្តា​ប្រឈម

៦- កត្តា​ប្រឈម​មានអ្វីខ្លះ?

កត្តា​ប្រឈម​ជំងឺ​រលាក​ឆ្អឹង​សន្លាក់​ភាគ​ច្រើន​ដោយសារ៖

– វ័យ​កាន់​តែ​ចាស់

– មាន​ជំងឺ​តំណពូជ​មួយ​ចំនួន ​ដូចជា​ ជំងឺ​ខ្វះជាតិ​ខូឡេជេន

– លើក​វត្ថុ ​ឬ​រែក លី​ឥវ៉ាន់​ធ្ងន់​ជា​ប្រចាំ​ នាំ​ឲ្យ​​ប៉ះពាល់​លើ​សន្លាក់​ឆ្អឹង​ត្រគាក ​និង​ជង្គង់

– មាន​របួស​ ដូចជា​គ្រោះ​ថ្នាក់​នៅ​ពេល​លេង​កីឡា ពិសេសកីឡាករអាជីព ឧស្សាហ៍ឈរ​រយៈពេល​យូរ លើក​ទម្ងន់​ធ្ងន់ៗ និង​ចលនា​ដទៃទៀត ងាយ​នឹង​វិវត្តទៅ​រកជំងឺ​រលាក​សន្លាក់​ឆ្អឹង។

រោគវិនិច្ឆ័យ ​និង​ការព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ក្រោយ​សាក​សួរ​ព័ត៌មាន ​និង​ពិនិត្យរាង​កាយរួច​រាល់ ​គ្រូពេទ្យ​អាច​​ស្នើ​ធ្វើ​តេស្ត​មួយ​ចំនួន​ដូចជា៖

– ថត​ឆ្អឹង ​រក​មើល​ការ​ប្រែប្រួល​ ដើម្បី​ងាយ​កំណត់​រោគ​វិនិច្ឆ័យ។

– ថត​អឹមរ៉ាយ (MRI) មាន​អត្ថប្រយោជន៍​ខ្លាំង ​ក្នុង​ករណី​រលាក​សន្លាក់ឆ្អឹង​ធ្ងន់​ធ្ងរ។

– ធ្វើ​តេស្ត​ឈាម សំខាន់​ណាស់ អាច​ជួយ​រកឃើញ​មូលហេតុ​បង្ក​ដោយ​ជំងឺ​ផ្សេង​ទៀត ធ្វើ​ឲ្យ​រលាក​សន្លាក់​ឆ្អឹង។

– បូម​ទឹក​សន្លាក់​ទៅ​ពិនិត្យ ​ក្រែង​មាន​ការ​រលាក ​ឬឆ្លងមេ​រោគ​ណា​មួយ។

៨- ព្យាបាល​ដោយ​វិធី​ណា?

មិន​មាន​ថ្នាំ​សម្រាប់​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​នោះ​ទេ គ្រាន់តែ​អាច​សម្រួល​អាការៈ​​បាន​ដូចជា៖

ផ្លាស់​ប្ដូរ​របៀប​រស់​នៅ

ហាត់​ប្រាណ​ស្រាល​ៗ​ឲ្យ​បានទៀង​ទាត់ ​ដើម្បី​សម្រួល​ចលនា​សន្លាក់ ​និង​បង្កើន​ថាមពល​សាច់ដុំ ​ទោះ​ជា​មាន​ការ​ឈឺ​ចាប់​បន្តិច​បន្តួច​ក្ដី ​ប៉ុន្តែ​សូម​ប្រយ័ត្ន​កាយវិការ​ ឬ​វិធីធ្ងន់​លើសកម្រិត ​អាច​បង្ក​ជាផល​ប៉ះពាល់​លើ​សន្លាក់​ទៅ​វិញ។ ត្រូវ​រក្សា​ទម្ងន់​ឲ្យ​មាន​លំនឹង ព្រោះថា​ ឆ្អឹង​មាន​នាទី​ទ្រ​ទម្ងន់ ​បើ​ធ្ងន់​ពេក​មិន​ល្អ​ដែរ។

– វិធី​​ដោយ​ចលនា​ក៏​មាន​ប្រសិទ្ធ​ភាព​ដែរ

– ហាត់​យូហ្គា ​និងថាយជិ ​អាច​ជួយ​សម្រួល​អាការៈ​បាន​ដូចគ្នា។

ព្យាបាល​ដោយ​ប្រើ​ថ្នាំ

– វះកាត់​អាច​ធ្វើ​ទៅ​បាន​ក្នុង​ករណី​ឈឺរ៉ាំរ៉ៃ ​ព្រោះដើម្បីជួយ​ជីវិត​រស់​នៅ​ប្រសើរ​ជាង​មុន

– ពពួក​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ​ដូចជា ​ថ្នាំ​ប៉ារ៉ា ​និង​ត្រាម៉ាដុល អាស្ពេរីន Ibuprofen Naproxen និង​ Celecoxib ជាដើម អាច​សម្រួល​ការ​ឈឺចាប់​ និង​បំបាត់​ហើម។ ថ្នាំ​ខ្លះ​អាច​មាន​ជា​ប្រភេទ​លាប​ផ្ទាល់​ទៅ​លើ​សន្លាក់​តែ​ម្ដង។

– ពពួក​ថ្នាំ​ស្តេរ៉ូអ៊ីត​ អាច​ចាក់​បាន ​តែ​មិនត្រូវឲ្យ​លើស ៣ ដង​ក្នុង​មួយ​ឆ្នាំ ​ឬ​ចាក់​រាល់​ចន្លោះ ​៣​ ខែ​ម្ដង ​បើ​ចាក់​ច្រើន​ពេក អាច​បង្ក​ឲ្យ​ខូច​ខាត​សន្លាក់។

– ចាក់​ជាតិ​អាស៊ីដ​អ៊ីយ៉ាលូរ៉ូនិក (HyaluronicAcid) ជួយ​សម្រួល​ភាព​រលាស់ ​និង​រម្អិល​ក្នុង​សន្លាក់។

– ការ​សិក្សា​ខ្លះ​បង្ហាញ​ថា​ ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ​អាច​ជួយ​សម្រួល​អាការៈ​បាន​ខ្លះ ​រួម​ទាំង​ញ៉ាំ​ថ្នាំ​បំប៉ន​​ ដូចជា​ថ្នាំគ្លុយកូសាមីន ​និង​កុងដ្រូអ៊ីត។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– ហាត់​ប្រាណ​ឲ្យ​បាន​ត្រឹម​ត្រូវ ​និង​តាម​ការ​ណែនាំ​របស់​ពេទ្យ

– បើ​ធាត់​ពេក ត្រូវសម្រក​ទម្ងន់ តាម​រយៈ​ស្វែងរក​ដំបូន្មាន​ពី​អ្នក​ឯកទេស​

– ប្រើ​ឧបករណ៍​ជំនួយ​ ដូចជា ​ខ្សែ​ក្រវាត់​ចង្កេះ ឈើ​ច្រត់ ​និង​ស្បែក​ជើង​ទម្រ​​ជាដើម

– ប្រើ​កម្ដៅ ​ឬ​ទឹកកក​ស្អំ​ ពេល​មាន​ការ​ឈឺ​ចាប់​ និង​អាច​សម្រួលករណី​កន្ត្រាក់​ រឹង​ជាប់​សន្លាក់​ ទៀត​ផង។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Osteoarthritis. http://www.mayoclinic.org/diseases-conditions/osteoarthritis/home/ovc-20198248 Accessed January 06, 2017

Osteoarthritis. http://www.nhs.uk/Conditions/Osteoarthritis/Pages/treatment.aspx Accessed January 06, 2017

Osteoarthritis. http://www.arthritis.org/about-arthritis/types/osteoarthritis/ Accessed January 06, 2017

What is Osteoarthritis? http://www.healthline.com/health/osteoarthritis#Long-TermOutlook5 Accessed January 06, 2017

 

កំណែ​ប្រែបច្ចុប្បន្ន

09/11/2021

អត្ថបទ​ដោយ យ៉ានណែត ដាញែល

បច្ចុប្បន្នភាពដោយ៖ នាង សុខុមដាលីញ៉ា


អត្ថបទពាក់ព័ន្ធ

Osteomalacia (ឆ្អឹងទន់)

Osteopenia (ខ្វះកំហាប់ឆ្អឹង)



អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Nov 09, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម