backup og meta

បើ​ឈឺកជើង តិចនិក​នេះ​អាច​សម្រាល​ការ​ឈឺ​ចាប់​បាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ May 20, 2019

    បើ​ឈឺកជើង តិចនិក​នេះ​អាច​សម្រាល​ការ​ឈឺ​ចាប់​បាន

    ឈឺ​ក​ជើង​ ឬ​ឈឺ​សន្លាក់​ឆ្អឹង​-កជើង​ សំដៅ​លើ​ការ​ឈឺចាប់​គ្រប់​ផ្នែក​​ក្នុង​រង្វង់​ក​ជើង ទាំង​សរសៃ ទាំង​ឆ្អឹង រហូត​ទ្រាំ​ឈរ ឬ​ដើរ​មិន​បាន ទោះ​ជា​ពេល​ខ្លះ មើល​ទៅ​ឃើញ​ហើម ឬ​អត់​​ក៏​ដោយ។ ​មូលហេតុ​អី​ខ្លះ​ធ្វើ​ឲ្យក​ជើង​យើង​ឈឺ ហើយ​ដោះស្រាយ​យ៉ាង​ម៉េច? “Hello គ្រូពេទ្យ’ នឹងលម្អិត​ខាង​ក្រោម៖

    ១- មូលហេតុធ្វើឲ្យឈឺកជើង

    ជាទូទៅ ​អាការៈ​ឈឺ​កជើង​ កើត​ឡើង​ដោយសារ​ការ​រង​របួស​ជុំវិញ​កជើង ​រួម​ទាំង​ឆ្អឹង​ សរសៃ​ពួរ​សាច់ដុំ​កែងជើង​ ឬ​សរសៃ​ភ្ជាប់​សន្លាក់​ឆ្អឹង។​ គ្នា​យើង​ជា​ពិសេស​ប្រុសៗ​ដែល​ចូលចិត្ត​លេង​កីឡា ឬ​លេង​បាល់ ទាំង​បាល់​ទាត់ បាល់​ទះ​ អាច​​ឈឺ​ចុក​ចាប់​ខ្លាំង​ ពេល​ជួប​ស្ថានភាព​ដូច​ខាងក្រោម​៖

    – កជើង​មិន​រឹងមាំ

    – ប្រគ្រីវ​

    – រហែក​សរសៃ​ពួរ​កែងជើង

    – បាក់​ឆ្អឹង​ ឬ​ថ្លោះ​កជើង

    – ខូច​សរសៃ​ប្រសាទ​ជុំវិញ​កជើង​ ដូចជា tarsal tunnel syndrome

    – ឆ្លង​រោគ​បណ្ដាល​មកពី​វីរុស​ ឬ​បាក់តេរី​នៅ​ត្រង់​កជើង

    – ខ្សោយ​ទម្រង់​កជើង

    – ជំងឺ​រលាក​សន្លាក់។

    ២- ឈឺ​ចុកកជើង អាច​បណ្ដាល​មក​ពី​បញ្ហា​សន្លាក់

    – រលាក​សន្លាក់

    – រលាក​សន្លាក់ឆ្អឹង

    – រលាក​សន្លាក់​ដោយ​ជំងឺ Psoriasis

    – រលាក​សន្លាក់​រ៉ាំរ៉ៃ

    – ជំងឺ​រលាក​សន្លាក់​ដោយសារ​មេរោគ។

    អត្ថបទពាក់ព័ន្ធ៖ 

    ៣- វិធីដោះស្រាយ

    បើ​ឈឺចាប់​កជើង​បណ្ដាល​មក​ពី​របួស​ មិន​បាច់​ទៅ​ពេទ្យ​ទេ ​នៅ​​​ផ្ទះ​ក៏​អាច​ព្យាបាល​ភ្លាមៗ​បាន​ដែរ។ ​វិធី​ទាំងនេះ​មាន៖

    – គួរ​ផ្អាក​ ឬ​កុំ​ធ្វើ​ចលនា​ដើរ​ចុះឡើង​ អំឡុង​ពេល​កជើង​មាន​របួស

    – ធ្វើ​ចលនា​ ឬ​ទៅ​ណា​មក​ណា​ គួរ​ប្រើ​ឈើ​ច្រត់​ជំនួយ​

    – ប្រើ​ទឹកកក​ដាក់​ក្នុង​ថង់​ស្អំ​លើ​របួស​រយៈពេល​ ១៥ ​ទៅ ​២០ ​នាទី​ រៀងរាល់​ម៉ោង​នៅ​ថ្ងៃ​ដំបូង។ ​​២ ថ្ងៃក្រោយ​មក ​បន្ត​ធ្វើ​បែប​នេះ​រៀង​រាល់​ពី ​៣ ទៅ​ ៤ ម៉ោង​ម្ដង

    – ប្រើ​បង់​រុំ​របួស​ ដោយ​រុំ​ស្រាលៗ​ ព្រោះ​ការ​រុំ​តឹង​ពេក​អាច​បណ្ដាល​ឲ្យ​ស្ពឹក​ម្រាម​ជើង

    – ព្យាយាម​រក្សា​កជើង​ឱ្យ​នៅ​ខ្ពស់​ជាង​កម្រិត​បេះដូង ​ដោយ​កល់​ខ្នើយ​នៅ​ក្រោម​កជើង​ដែល​កំពុង​ឈឺ​ដើម្បី​បន្ថយ​ការ​ឈឺចាប់

    – លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ ដូចជា​ ថ្នាំ​ acetaminophen ibuprofen ឬ meloxicam ​ជាដើម។

    នៅ​ពេល​ការ​ឈឺចាប់​ថយ​ចុះ​ គួរ​បន្ត​សម្រាក​បន្ថែម​ទៀត​រហូត​ដល់​ជា​សះស្បើយ​ទាំងស្រុង​ សឹម​ចាប់ផ្ដើម​ធ្វើ​ការងារ​ដូច​ធម្មតា។

    ៤- បើកជើង​កំពុង​ឈឺ

    កជើង​ដែល​កំពុង​ឈឺចាប់​ដោយ​របួស​ អាច​ត្រូវការ​ពេល​ច្រើន​សប្ដាហ៍​ ឬ​ច្រើន​ខែ​ដើម្បី​ជា​សះស្បើយ​ទាំងស្រុង។ ទោះ​ជា​ការ​ឈឺចាប់​ និង​ស្នាម​ហើម​បាន​ធូរស្រាល​ក៏ដោយ​ ក៏​ស្ថានភាព​កជើង​របស់​យើង​ប្រហែល​មិនទាន់​មាន​កម្លាំង​រឹងប៉ឹង​ដូចដើម​នៅ​ឡើយ​ទេ។​ ដូច្នេះ​ អ្វី​ដែល​យើង​គួរ​ធ្វើ​ គឺ​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​លំហាត់​ប្រាណ​ស្រាលៗ ដើម្បី​​ជួយ​ពង្រឹង​កជើង ​និង​ការពារ​កុំ​ឱ្យ​របួស​រើ​ឡើងវិញ។ មិន​គួរ​ហក់​លោត ឬ​រត់​ខ្លាំងៗ បើ​ដឹង​ខ្លួន​ថា ក​ជើងអត់​ទាន់​ស្រួល។

    ៥- រឿងគួរធ្វើ ពេលឈឺ​កជើង​

    – រក្សា​ទម្ងន់​ឲ្យ​បាន​ល្អ ដើម្បី​បន្ថយ​សម្ពាធ​លើ​កជើង

    – កម្ដៅ​សាច់ដុំ​មុន​ពេល​ហាត់ប្រាណ។ ការ​អង្គុយ​សណ្ដូក​ជើង​ត្រង់ ទាញ ឆ្វេង​ស្ដាំៗ ​ជា​ជម្រើស​ល្អ​បំផុត

    – មិន​គួរ​លេង​កីឡា​ណា​ដែល​បញ្ចេញ​កម្លាំង​លើសលុ​បពេក​ បង្ក​បញ្ហា​ដល់​កជើង​សាជា​ថ្មី

    – ទ្រនាប់​ជើង​មាន​កែង​ខ្ពស់ ​គួរ​ចៀសវាង

    – ប្រើ​ទ្រនាប់​ជំនួយ​ជើង​សម្រាប់​ការពារ​បន្ថែម​ទៀត

    – បើ​ឈឺ​កជើង​បណ្ដាល​មកពី​ជំងឺ​រលាក​សន្លាក់​ យើង​ប្រហែល​ជា​ត្រូវការ​ប្រើ​ថ្នាំ​មួយ​ចំនួន​ដើម្បី​បំបាត់​ការ​ឈឺចាប់ ដូចជា ​ថ្នាំ​ប្រឆាំង​ការ​រលាក​ (NSAIDs)​ និង​ថ្នាំ​លាប​បំបាត់​ការឈឺចាប់។

    ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ CHIN Ven · កែ May 20, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម