backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Heel pain (បញ្ហាឈឺ​កែង​ជើង)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Nov 07, 2019

Heel pain (បញ្ហាឈឺ​កែង​ជើង)

និយមន័យ

១- អ្វី​​ជាបញ្ហាឈឺ​កែង​ជើង?

ក​ជើង​ និង​កំភួន​ជើង ផ្គុំ​ឡើង​ដោយ​ឆ្អឹង ២៦ សន្លាក់ ៣៣ និង​សរសៃ​ពួរ ច្រើន​ជាង ១០០ ខណៈ​កែង​ជើង ​គឺ​ជា​ឆ្អឹង​ធំ​ជាង​គេ​នៅ​ក្នុង​ជើង​។ យើង​អាច​នឹង​មាន​បញ្ហា​​ឈឺ​កែង​ជើង ​បើ​សិនយើង​​ប្រើជើង​​ច្រើន​ពេក ឬ​មាន​របួស​នៅ​កែង​ជើង។

អាការៈឈឺ​ចាប់​ភាគ​ច្រើន​ កើត​ឡើង​នៅ​ខាង​ក្រោម​កែង​ជើង ឬនៅ​ខាង​ក្រោយ​កែង​ជើង ដែល​ជា​កន្លែង​ភ្ជាប់​រវាង​សរសៃ​ពួរកែង​ជើង (Achilles tendon) និង​ឆ្អឹង​កែង​ជើង។

ការ​ឈឺ​ចាប់​នៅ​ក្រោម​កែង​ជើង ឬភាសា​បច្ចេក​ទេស​ហៅ​ថា Plantar Fasciitis (ការ​រលាក​សរសៃ​ពួរ​បាត​ជើង) គឺ​ជា​បញ្ហា​កើត​ឡើង​ញឹក​ញាប់​ជាង​គេ ​ដែល​នាំ​ឲ្យយើង​មាន​បញ្ហា​​ឈឺ​កែង​ជើង។

ការ​ឈឺ​ចាប់​ខាង​ក្រោយ​កែង​ជើង គឺ​ជា​ការ​រលាក​សរសៃ​ពួរអាគីលីស ដែល​ភាសា​បច្ចេក​ទេស​ហៅ​ថា Achilles Tendinitis) ដោយ​អាការៈ​ឈឺ​ចាប់​នេះ ក៏​អាច​ប៉ះពាល់​ផ្នែក​ខាង​ក្នុង ​ឬ​ខាង​ក្រៅ​កែង​ជើង​ និង​ក​ជើងបាន​ដូច​គ្នា។

ក្នុង​ករណី​ជា​ច្រើន អាការៈ​ឈឺ​ចាប់​ គឺ​មិន​បង្ក​ឡើង​ដោយសារ​របួស​ទេ ដំបូងវា​នឹង​កើត​ឡើង​តិច​តួច​ប៉ុណ្ណោះ ប៉ុន្តែអាច​ឈាន​ទៅ​ធ្ងន់​ធ្ងរ និង​ពេល​ខ្លះ​អាច​ឈាន​ដល់​ពិការទៀត​ផង។

ជា​ទូទៅ​ បញ្ហា​ឈឺ​កែង​ជើង នឹង​បាត់​ទៅ​វិញ​ដោយ​មិន​ចាំបាច់​ព្យាបាល ប៉ុន្តែករណី​ខ្លះ ​អាច​នៅ​ឈឺ​យូរ និង​ក្លាយ​ជាជំងឺ​​រ៉ាំរ៉ៃ​ក៏​មាន​។

២- បញ្ហា​ឈឺ​កែង​ជើង​កើត​ឡើង​ញឹក​ញាប់ដែរ​ទេ?

បញ្ហា​ឈឺ​កែង​ជើង (Heel Pain) ជា​បញ្ហា​ក​ជើង​ ដែល​កើត​ឡើង​ញឹក​ញាប់ណាស់។ យ៉ាងណា​ យើង​នៅ​តែ​​អាច​គ្រប់​គ្រង​បាន​ ដោយ​គ្រាន់​តែ​កាត់​បន្ថយ​កត្តា​ប្រឈម​ប៉ុណ្ណោះ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ទទួល​បាន​​ព័ត៌មាន​បន្ថែម។

រោគ​សញ្ញា

៣- ឈឺ​កែង​ជើងមាន​រោគ​សញ្ញា​អ្វី​ខ្លះ?

ឈឺ​កែង​ជើង ជា​ទូទៅ មាន​អារម្មណ៍​ឈឺ​នៅ​ក្រោម​កែង​ជើង ឬនៅ​ក្រោយ​កែង​ជើង ហើយការ​ឈឺ​ចាប់​ ចាប់​ផ្ដើម​ឡើង​បន្តិច​ម្តងៗ ទាំង​គ្មាន​របួសត្រង់​កន្លែង​ឈឺក៏ដោយ។ ជាទូទៅ​កើត​ឡើង​ដោយ​សារ​តែ​ពាក់​ស្បែក​ជើង​រាប​ស្មើរ ប៉ុន្តែ​ករណី​ភាគ​ច្រើន ការ​ឈឺ​ចាប់ ​គឺ​នៅ​បាត​ជើង ទៅ​ផ្នែក​ខាង​មុខ​របស់​កែង​ជើង។

អាច​នៅ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​បើ​មាន​ក្តី​បារម្ភ​ពី​រោគ​សញ្ញាណា​មួយ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៤- ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ?

យើង​គួរ​តែ​ជួប​ពេទ្យ បើសិន​ជាមាន​បញ្ហា​ដូច​ខាង​ក្រោម៖

– ការ​ឈឺ​ចាប់​ធ្ងន់​ធ្ងរ

– ការ​ឈឺ​ចាប់​ភ្លាមៗ

– កែង​ជើង​ឡើង​ក្រហម

– ហើម​កែង​ជើង

– ​មិន​អាច​ដើរ​បាន ព្រោះ​តែ​ឈឺ​នៅ​កែង​ជើង។

បើ​សិនយើង ​ឬ​សមាជិក​គ្រួសារ មនុស្ស​ជាទី​ស្រលាញ់​ មាន​សញ្ញា​ឬ​រោគ​សញ្ញា​ដូច​រៀប​រាប់​ខាង​លើ ឬ​មាន​សំណួរអ្វី​មួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម។ រាង​កាយ​មនុស្ស​ម្នាក់​ៗ​ មាន​សកម្មភាព​ខុសៗ​គ្នា ដូច​នេះ​ ជា​ការ​ល្អ​បំផុត​ ត្រូវ​ពិគ្រោះ​ជាមួយ​ពេទ្យ​ ដើម្បី​អាច​រក​ដំណោះ​ស្រាយ​ល្អ​បំផុត​សម្រាប់​អ្នក។

មូលហេតុបង្ក

៥- មូល​ហេតុ​អ្វីខ្លះ​បណ្តាល​ឲ្យ​ឈឺ​កែង​ជើង?

ឈឺ​កែង​ជើង (Heel Pain) មិន​មែន​បង្ក​ឡើង​ដោយ​ការ​រង​របួស​តែ​មួយ​មុខ ​ដូចជា ដួល​ ឬ​គ្រេច នោះ​ទេ ប៉ុន្តែ​វា​អាច​កើត​ឡើង​ដោយ​សារ​តែ​ការ​ប៉ះ​ទង្គិច​ជាបន្ត​បន្ទាប់ និង​ទម្ងន់​រាង​កាយ​។

មូល​ហេតុ​ញឹក​ញាប់​​នាំ​ឲ្យ​ឈឺ​កែង​ជើង​រួម​មាន៖

– ការ​រលាក​សរសៃ​ពួរ​បាត​ជើង (Plantar Fasciitis)៖ កើត​ឡើង​នៅ​ពេល​សម្ពាធ​កាន់​តែ​ធ្ងន់​ សង្កត់​ទៅ​លើ​ជើង ដែល​នាំ​ឲ្យ​ខូច​ទៅ​ដល់​សរសៃ​ពួរ​បាតជើង (Plantar Fascia ligament) ធ្វើ​ឲ្យ​ឈឺ​ និង​រឹង។ ពេល​យើង​រក​ឃើញ​មូល​ហេតុ​​នាំ​ឲ្យ​មាន​បញ្ហា​នេះ ​គ្រូពេទ្យ​អាច​នឹង​ជ្រើស​រើស​វិធី​ព្យាបាល​ត្រឹម​ត្រូវ​មួយ​សម្រាប់​យើង។

– ថ្លោះ​គ្រេច និង​ឈឺចុក​រោយ៖ ​ជា​បញ្ហា​របួស​រាង​កាយ​ ​ច្រើន​កើត​ឡើង​ដោយ​សារ​តែ​សកម្មភាព​ផ្សេងៗ។ បញ្ហា​របួស​នេះ កើត​ឡើង​ញឹក​ញាប់​ណាស់ ​អាច​កើត​ពី​ស្រាល​ទៅ​ជា​ធ្ងន់ធ្ងរ​បាន អាស្រ័យ​លើ​មូល​ហេតុ​នាំ​ឲ្យ​របួស​នោះ។

– បាក់​ឆ្អឹង៖ មូល​ហេតុ​នេះ​ នាំ​ឲ្យ​ត្រូវ​មាន​ការ​សង្គ្រោះ​ជា​បន្ទាន់។ ការ​ថែ​ទាំ​ទាន់​ពេល​វេលា​ ជា​តម្រូវ​ការ​ចាំបាច់​ចំពោះ​គ្នា​យើង​មាន​រោគ​សញ្ញា​បាក់​ឆ្អឹង និង​កំពុង​ប្រឈម​​គ្រោះ​ថ្នាក់។

– រលាក​សរសៃ​ពួរ​កែង​ជើង​ (Achilles tendonitis)៖ ​កើត​ឡើង​នៅ​ពេល​សរសៃ​ពួរ​នេះ ឡើង​ឈឺ​ចាប់ ​និង​រលាក ដោយ​សារ​តែ​របួស​ ក្រោយ​ពេល​យើង​​ប្រើ​ប្រាស់​វា​ខ្លាំង​ពេក។ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​មូល​ហេតុ ទាន់​ពេល និង​ធ្វើ​ឲ្យ​ការ​ព្យាបាល​កាន់​តែ​មាន​ប្រសិទ្ធិភាព។

– រលាក​ថង់ទឹក​សន្លាក់ (Bursitis)៖ ថង់​ទឹក​សន្លាក់ ជា​ថង់​ទឹក​នៅ​លើ​សន្លាក់​ឆ្អឹងនៅ​ជុំវិញសរសៃ​ពួរ ស្បែក និង​ជាលិកា​សាច់ដុំ​ជាប់​ឆ្អឹង។

– ជំងឺ Ankylosing spondylitis៖ ​​ជា​ទម្រង់​មួយ​ នៃ​ជំងឺ​រលាក​សន្លាក់ ប៉ះ​ពាល់​ដំបូង​គេនៅ​នឹង​ឆ្អឹង​ខ្នង ​ធ្វើ​ឲ្យ​មាន​ការ​រលាក​ធ្ងន់​ធ្ងរ ទៅលើ​ឆ្អឹង​កង​ខ្នង ​អាច​នាំ​ឲ្យ​ទៅ​ជា​ការ​ឈឺ​ចាប់​រ៉ាំរ៉ៃ និង​ពិការ​។

– ជំងឺ Osteochondroses៖ ​ជា​ជំងឺប៉ះពាល់​ដល់​ការ​លូត​លាស់​របស់​ឆ្អឹង​ កើត​ឡើង​ទាំង​ចំពោះ​ក្មេង​ និង​មនុស្ស​វ័យ​ជំទង់។

– ជំងឺ​រលាក​សន្លាក់​ដោយ​សារ​​មេរោគ (Reactive arthritis)៖ ជំងឺ​រលាក​សន្លាក់​នេះ ច្រើន​កើត​ឡើង​ដោយ​សារ​តែ​មាន​ការ​បង្ក​រោគ​ក្នុង​រាង​កាយ។

កត្តា​ប្រឈម

៦- ​កត្តា​ប្រឈម​នាំឲ្យ​ឈឺ​កែង​ជើង​មាន​អ្វី​ខ្លះ?

មាន​កត្តា​ប្រឈម​ជា​ច្រើន នាំ​ឲ្យ​យើង​អាច​ជួប​បញ្ហា​ឈឺ​កែង​ជើង ល្អ​បំផុត សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​​ព័ត៌មាន​បន្ថែម។

អត្ថ​បទ​ពាក់​ព័ន្ធ៖

រោគ​វិនិច្ឆ័យ​និង​ការ​ព្យាបាល

ព័ត៌មានទាំង​នេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

បើ​​មាន​បញ្ហា​ឈឺ​កែង​ជើង យើង​​អាច​សាក​វិធី​ដូច​ខាង​ក្រោម​នៅ​ផ្ទះ​សិន​ ដើម្បី​បន្ថយ​ការ​ឈឺ​ចាប់៖

– សម្រាក​ឲ្យ​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។

– ស្អំ​ទឹក​កក នៅ​លើ​កែង​ជើង រយៈពេល ១០-១៥​ នាទី ២ដង​ក្នុង​មួយ​ថ្ងៃ។

– ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដែលមិន​ត្រូវវេជ្ជបញ្ជា (OTC)។

– ពាក់​ស្បែក​ជើង​​ត្រូវ​ជើង​ល្មម

– ពាក់​ដង្កៀប​ជើង​ពេល​យប់ (Nigh splint) ដែល​ជា​ឧបករណ៍​ពិសេស​ ដែល​ជួយ​ទាញ​ពន្យឺត​ជើងពេល​គេង។

– ប្រើ​ឧបករណ៍​ ឬ​ស្បែក​ជើង​ទប់​កែង​ជើង​ ដើម្បី​បន្ថយ​ការ​ឈឺ​ចាប់។

បើ​ការ​ថែ​ទាំ​តាម​ផ្ទះ​ទាំង​នេះ​មិន​អាច​បន្ថយ​ការ​ឈឺ​ចាប់​បាន​ទេ​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​។ គ្រូពេទ្យ​នឹង​ធ្វើ​ការ​ពិនិត្យ​រាង​កាយ សួរ​ពី​រោគ​សញ្ញា​យើង​កំពុង​​មាន ​និង​ពេលវេលា​​ចាប់​ផ្តើម​កើត​មាន​បញ្ហា។ គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​អ្នក​ថត​កាំរស្មីអ៊ិច ដើម្បី​កំណត់​ពី​មូល​ហេតុ​នាំ​ឲ្យ​​មាន​បញ្ហា​ឈឺ​កែង​ជើង។ ពេល​គ្រូពេទ្យ​ដឹង​ពី​មូល​ហេតុ​ច្បាស់​ហើយ គាត់​នឹង​អាច​ព្យាបាល​យើង​បាន​ត្រឹម​ត្រូវ។

៨- ព្យាបាល​ដោយ​វិធី​ណា?

មាន​ករណី​ជា​ច្រើន ​គ្រូពេទ្យ​ធ្វើ​ការ​ព្យាបាល​ដោយ​ចលនា​ប៉ុណ្ណោះ (Physical therapy) ដោយ​ការ​ព្យាបាល​នេះ​ ជួយ​ឲ្យ​សាច់ដុំ​ និង​សរសៃ​ពួរ​ជើង​រឹងមាំ ដើម្បី​ការ​ពារ​កុំ​ឲ្យ​មាន​របួស​បន្ថែម​ទៀត។ បើ​អាការៈ​ឈឺ​ចាប់​ធ្ងន់​ធ្ងរ គ្រូពេទ្យ​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​ប្រឆាំង​រលាក​ផ្សេងៗ ខណៈថ្នាំ​ទាំង​នោះ​ អាច​ចាក់​នៅ​ត្រង់ជើង ឬ​លេប​តាម​មាត់។

គ្រូពេទ្យ​ អាច​នឹង​ណែនាំ​ឲ្យ​យើង​ធ្វើ​អ្វី​មួយ​ ​អាច​ជួយ​ទ្រ​ជើងបាន ​ដូច​ជា​រុំ​ក​ជើង ឬ​ពាក់​ឧបករណ៍​ពិសេស​នៅ​នឹង​ជើង។

ក្នុង​ករណី​កម្រ គ្រូពេទ្យ​អាច​នឹង​ណែនាំ​ឲ្យ​ធ្វើ​ការ​វះ​កាត់​កែសម្រួល​បញ្ហា​នៅ​កែង​ជើង ប៉ុន្តែ​ការ​វះ​កាត់​កែង​ជើង​នេះ ពេល​ជា​សះ​ស្បើយ​វិញ​ នឹងអាច​​កាត់​បន្ថយ​ការ​ឈឺ​ចាប់បាន​រយៈពេល​យូរ។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់រស់នៅ

​ប្រហែល​ជា​យើង​មិន​អាច​ការពារ​គ្រប់​ករណី​​ នាំ​ឲ្យ​ឈឺ​កែង​ជើង​ក៏​ពិត​មែន ប៉ុន្តែ​វិធី​ងាយ​ៗ​ខាង​ក្រោម​នេះ​ អាច​ជួយយើងចៀស​ផុត​ពី​របួស និង​ការ​ឈឺ​ចាប់​កែង​ជើង​បាន៖

– ពាក់​ស្បែក​ជើង​​ត្រូវ​ជើង និង​អាច​ទ្រ​ជើង​បាន

– ពាក់​ស្បែក​ជើង​​ត្រូវ​នឹង​សកម្មភាព​យើង​ធ្វើ

– ហាត់​ទាញ​សម្រួល​សាច់​ដុំ​ជាមុន​សិន មុនចាប់​ផ្តើម​ហាត់​ប្រាណ

– សម្រាក​ខ្លះ បន្ទាប់​ពី​បញ្ចេញ​សកម្មភាព​ខ្លាំងៗ

– ញ៉ាំ​អាហារ​មាន​សុខភាព​ល្អ

– ថែ​រក្សា​ទម្ងន់​រាង​កាយ​ឲ្យ​បាន​ត្រឹម​ត្រូវ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយគ្រូ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Nov 07, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម