ក្នុងមួយសប្តាហ៍មានអ្នកជំងឺមិនតិចនាក់ទេ បានទៅមន្ទីរពេទ្យដោយសារតែមានបញ្ហាឈឺខ្នងដោយការកណ្តាស់។ អត្ថបទនេះនឹងបង្ហាញអំពីមូលហេតុនៃការឈឺខ្នងដោយការកណ្ដាស់ និងអ្វីគួរធ្វើនៅពេលកណ្តាស់។
ត្រួតពិនិត្យដោយ គឹម កាណែល
ក្នុងមួយសប្តាហ៍មានអ្នកជំងឺមិនតិចនាក់ទេ បានទៅមន្ទីរពេទ្យដោយសារតែមានបញ្ហាឈឺខ្នងដោយការកណ្តាស់។ អត្ថបទនេះនឹងបង្ហាញអំពីមូលហេតុនៃការឈឺខ្នងដោយការកណ្ដាស់ និងអ្វីគួរធ្វើនៅពេលកណ្តាស់។
ក្នុងការរស់នៅប្រចាំថ្ងៃ ការកណ្តាស់ជារឿងធម្មតា ប៉ុន្តែមានមនុស្សមួយចំនួនមានអាការៈឈឺខ្នងពេលកណ្តាស់។ វេជ្ជបណ្ឌិត Reuben Soh អ្នកប្រឹក្សាផ្នែកវះកាត់ឆ្អឹង (Orthopaedics Surgery)បាននិយាយថា ការឈឺខ្នងដែលបណ្តាលមកពីការកណ្តាស់ គឺជារឿងធម្មតា ហើយភាគច្រើនអ្នកដែលមានអាការៈនេះអាយុចន្លោះពី២០ និង៥០ឆ្នាំ។ ចំណែកការឈឺខ្នងវិញលោកសាស្ត្រាចារ្យ Jacob Oh ប្រធានផ្នែកវះកាត់ឆ្នឹងខ្នង និងជាអ្នកប្រឹក្សាផ្នែកវះកាត់ឆ្អឹងនៅមន្ទីរពេទ្យ Tan Tock Seng សិង្ហបុរីបានបន្ថែមថា ការឈឺខ្នងនេះមិនពាក់ព័ន្ធទៅនឹងអាយុទេ។
វេជ្ជបណ្ឌិត Jacob Oh បាននិយាយថា ការកណ្ដាស់ គឺសកម្មភាពមួយដែលអាចធ្វើឲ្យសាច់ដុំរាងកាយមានភាពតឹងតែងភ្លាមៗ ហើយក្នុងពេលជាមួយគ្នានោះ សន្ទះឆ្អឹងខ្នង (intervertebral Disc) មានតួនាទីដូចឧបករណ៍ស្រូបការឆក់នៅក្នុងឆ្អឹងខ្នង ជួយក្នុងការទប់ផលប៉ះពាល់នេះ។ សន្ទះឌីសឆ្អឹងខ្នង (intervertebral Disc) នីមួយៗមានផ្ទុកនូវ annulus fibrosus ដែលមានរាងដូចសំបកកង់ និងស្រោបបណ្តូលដូចជែលមានឈ្មោះថា nucleus pulposus។ ប៉ុន្តែឌីសនេះអាចនឹងបែក ឬលៀនចេញប្រសិនជាមានការកណ្ដាស់ខ្លាំងផ្ទួនៗជាច្រើនដង។ អាការៈនេះកើតឡើងនៅពេលដែល nucleus pulposus ចេញពី annulus fibrosus និងចូលទៅក្នុងបំពង់ឆ្អឹងខ្នង(Spinal canal) ដែលធ្វើឲ្យមានអាការៈស្ពឹក ឬឈឺចុកចាប់ចុះទៅជើង (Sciatica)។ ពេលខ្លះការកណ្ដាស់នេះអាចធ្វើឲ្យ annulus fibrosus រហែកទៀតផង។
វេជ្ជបណ្ឌិត Oh បានលើកឡើងថា សម្រាប់អ្នកអាយុក្រោម៥០ឆ្នាំ ការកណ្ដាស់អាចធ្វើឲ្យមានអាការៈឈឺចាប់ត្រង់ខ្នង ប្រសិនជាធ្លាប់មានរបួសខ្នងពីមុន។ ដូចគ្នាទៅនឹងអ្នកធ្វើសកម្មភាពដែលមានផលប៉ះពាល់ខ្លាំង (high-impact activities) ដូចជា ការធ្វើលំហាត់ប្រាណដោយការលើកទម្ងន់ ឬលេងកីឡាដូចជា តេននីស ឬការអុំទូក។ បន្ថែមពីនេះទៀត ការជក់បារី និងជំងឺធាត់ជ្រុលក៏អាចជាកត្តារួមចំណែកផងដែរ។
Ringo Yee ប្រធានផ្នែកព្យាបាលដោយចលនានៅមន្ទីរពេទ្យ Tan Tock Seng ដែលជាមន្ទីរពេទ្យធំមួយនៅសិង្ហបូរី បាននិយាយថា វាមិនចាំបាច់ក្នុងការទប់រាងកាយពេលកណ្ដាស់ទេ ប៉ុន្តែអាចតម្រង់ខ្លួនពីការពត់ខ្លួនទៅមុខ ប្រសិនជាយើងអាចប្រតិកម្មនៅពេលនោះ ឬបើសិនជាយើងកំពុងអង្គុយ អាចអង្គុយឲ្យត្រង់ខ្លួន។ ការឱបខ្លួនទៅមុខពេលកណ្តាស់អាចធ្វើឲ្យមានផលប៉ះពាល់ដល់ឌីសឆ្អឹងខ្នង ដែលអាចបង្កើនហានិភ័យនៃការរហែកនៃ annulus fibrosus និងការលៀនចេញឌីសឆ្អឹងខ្នង (Herniated disc)។
យើងអាចកាត់បន្ថយនូវសំឡេងនៃការកណ្ដាស់ ប៉ុន្តែមិនត្រូវទប់កណ្តាស់ទេ ព្រោះវាអាចប៉ះពាល់ដល់បំពង់ក។ តាមរបាយការណ៍វេជ្ជសាស្ត្រ BMJ នៅឆ្នាំ២០១៨ មានបុរសម្នាក់បានទប់កណ្តាស់រហូតដល់បែកបំពង់ក។ បុរសរូបនេះបានជាសះស្បើយក្នុងរយៈពេលមួយសប្តាហ៍ក្រោយពីទទួលការព្យាបាល។
វេជ្ជបណ្ឌិត Yee បានណែនាំថា ព្យាយាមអង្គុយ ឬឈរនូវឥរិយាបថណាមួយដែលមានភាពងាយស្រួល ដោយផ្អែកលើសកម្មភាពដែលកំពុងធ្វើនៅពេលកណ្តាស់ និងមើលថាតើអាចធ្វើចលនាដោយភាពងាយស្រួលដែរឬទេ។ ប្រសិនជាការឈឺចុកចាប់នៅមានក្រោយពីការកណ្តាស់ ធ្វើការចំណាំនៅកន្លែងដែលឈឺ និងចៀសវាងនូវសកម្មភាពដែលប្រើរាងកាយខ្លាំង ឬអាចទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតសម្រាប់ថ្នាំបន្ថយការឈឺចាប់។
ជាទូទៅ អាការៈនេះនឹងជាក្នុងរយៈពេលមួយ ទៅពីរសប្តាហ៍ ឬយ៉ាងយូរអាចពីប្រាំមួយសប្តាហ៍ដល់បីខែ។ ប៉ុន្តែប្រសិនជាមានរោគសញ្ញាមួយចំនួនដូចជាជើងខ្សោយកម្លាំង ឬមានអាការៈបន្ទោរបង់ ឬនោមអត់ដឹងខ្លួនត្រូវទៅពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតភ្លាម។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
គឹម កាណែល