backup og meta

ឧស្សាហ៍មានអាការៈហត់ អាច​ជា​សញ្ញា​នៃ​ការ​កក​ឈាម​​ក្នុង​រាងកាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 14, 2021

    ឧស្សាហ៍មានអាការៈហត់ អាច​ជា​សញ្ញា​នៃ​ការ​កក​ឈាម​​ក្នុង​រាងកាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ដំណើរ​​ការ​ធ្វើ​ឲ្យ​មាន​ឈាម​កក​មាន​ភាព​ចាំបាច់​​ណាស់​ដើម្បី​​បញ្ចៀស​ការ​ហូរ​ឈាម​ច្រើន​​ជ្រុល​​ នៅ​ពេល​ដែល​យើង​មាន​របួស ឬ​រលាត់​ស្បែក​។ ប៉ុន្តែ​ នៅ​ពេល​ដែល​យើង​មាន​កំណក​ឈាម​នៅ​ទីតាំង​ផ្សេង​​ទៀត​នៅ​ក្នុង​រាងកាយ ជា​ពិសេស​នៅ​ក្នុង​សរសៃ​ឈាម​ វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​យើងទៅ​វិញ​​។

    ជាក់​ស្ដែង កំណក​ឈាម​នៅ​ក្នុង​សរសៃ​​​​ឈាម​វ៉ែន​ ឬ​សរសៃ​ឈាម​ក្រហម​ ​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូចជា​ការ​ស្ទះ​សរសៃ​ឈាម​សួត គាំង​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។ ជាទូទៅ កំណក​ឈាម​ដែល​មិន​ផ្លាស់ទី មិន​បង្ក​ជា​គ្រោះថ្នាក់​ឡើយ​ ប៉ុន្តែ​ប្រសិនបើ​វា​ធ្វើ​ដំណើរ​ទៅ​កាន់​បេះដូង ខួរ​ក្បាល​ និង​សួត​ វា​អាច​រារាំង​​លំហូរ​ឈាម​ទៅ​កាន់​សរីរាង្គ​ទាំង​នោះ​។

    ​​​​​​កំណក​ឈាម​កើត​ឡើង​ដោយ​សារ​អ្វី​?

    កំណក​ឈាម​​កើត​ឡើង​នៅ​ពេល​ដែល​ផ្នែក​ខ្លះ​នៃ​ឈាម​​ឡើង​ក្រាស់​ ហើយ​ប្រែប្រួល​ពី​រាវ​ទៅ​ខាប់​អន្ធិល​​ ឬ​ពាក់​កណ្ដាល​រឹង។ កត្តា​ជាច្រើន​ ដែល​អាច​នាំ​ឲ្យ​កើត​មាន​បញ្ហា​កំណក​ឈាម​ រួម​មាន​៖

  • ចរន្ត​ឈាម​ខ្សោយ​
  • ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​
  • អង្គុយ​ ឬ​គេង​យូរ​ពេក​
  • ជក់​បារី​
  • ជំងឺ​បេះដូង​
  • សម្ពាធ​ឈាម​ខ្ពស់​
  • កូលេស្តេរ៉ូល​ខ្ពស់​
  • របួស​ធ្ងន់ធ្ងរ​
  • មាន​ផ្ទៃពោះ
  • ធាត់​ជ្រុល
  • ​ប្រភេទ​មហារីក​ជាក់លាក់​ (មហារីក​លំពែង សួត ឬ​ជំងឺ​មហារីក​ដែល​ទាក់ទង​នឹង​ឈាម​)។
  • ​សញ្ញា​បញ្ជាក់​ថា​មាន​កំណក​ឈាម​នៅ​ក្នុង​រាងកាយ​

    កំណក​ឈាម​អាច​កកើត​ឡើង​នៅ​ក្នុង​សរសៃ​ឈាម​​វ៉ែន​ ឬ​សរសៃ​ឈាម​ក្រហម​។ កំណក​ឈាម​នៅ​ក្នុង​សរសៃ​ឈាម​អាច​នាំ​ឲ្យ​យើង​កើត​មាន​អាការៈ​គាំង​បេះដូង ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។ ចំណែក​ឯ​ការ​ស្ទះ​សរសៃ​ឈាម​វ៉ែន​ជ្រៅ ជា​ប្រភេទ​កំណក​ឈាម​ធ្ងន់ធ្ងរ​បំផុត​ ហើយ​វា​​កើត​ឡើង​ជា​ទូទៅ​នៅ​ជើង​ម្ខាង​។ ​កំណក​ឈាម​ក៏​អាច​កើត​ឡើង​នៅ​ក្នុង​ដៃ អាង​ត្រគាក​ សួត ឬ​សូម្បី​តែ​ខួរ​ក្បាល​។ គ្នា​យើង​អាច​សង្កេត​មើល​សញ្ញា​ព្រមាន​​ ដែល​បញ្ជាក់​ថា​យើង​មាន​កំណក​ឈាម​ដូច​ខាង​ក្រោម​។

    ១. កំណក​ឈាម​ក្នុង​ជើង ឬ​ដៃ​

    កំណក​ឈាម​កើត​ឡើង​ភាគ​ច្រើន​នៅ​ជើង​ផ្នែក​ខាង​ក្រោម​ ហើយ​វា​​បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​ដូចជា​ ហើម​ ឈឺ​ចាប់​ មាន​អារម្មណ៍​ក្ដៅ​ភាយ​​ៗ និង​ស្នាម​ក្រហម​នៅ​បរិវេណ​ដែល​មាន​បញ្ហា​។

    កកឈាម២

    ​២. កំណក​ឈាម​ក្នុង​បេះដូង​

    ​​បេះដូង​ជា​ទីតាំង​ដែល​​មិន​សូវ​មាន​កំណក​ឈាម​ឡើយ​។ ផ្ទុយ​ទៅ​វិញ​ នៅ​ពេល​ដែល​មាន​កំណក​ឈាម​ក្នុង​បេះដូង វា​អាច​បណ្ដាល​ឲ្យ​គាំង​បេះដូង​បាន​។ ក្នុង​ករណី​ដែល​យើង​មាន​កំណក​ឈាម​នៅ​ក្នុង​បេះដូង យើង​អាច​មាន​អាការៈ​ឈឺ​ទ្រូង វិល​មុខ​ និង​អាការៈ ហត់ ដកដង្ហើម​ខ្លី​ៗ​។

    ៣. កំណក​ឈាម​ក្នុង​សួត​

    នៅ​ពេល​ដែល​កំណក​ឈាម​ធ្វើ​ដំណើរ​ទៅ​កាន់​សួត វា​អាច​បង្ក​ជា​ការ​ស្ទះ​សរសៃ​ឈាម​សួត  ​ហើយ​​វា​អាច​បណ្ដាល​ឲ្យ​យើង​ដកដង្ហើម​ខ្លី​ៗ​។ រោគសញ្ញា​ដទៃ​ទៀត​ រួម​មាន​​ឈឺ​ទ្រូង ញ័រ​ទ្រូង​ ឬ​ចង្វាក់​បេះដូង​លោត​ញាប់ មាន​បញ្ហា​ដកដង្ហើម​ និង​ក្អក​ចេញ​ឈាម​។

    ៤. កំណក​ឈាម​ក្នុង​ពោះ​

    យើង​អាច​ប្រឈម​នឹង​អាការៈ​ឈឺ​ពោះ និង​ហើម​ពោះ​ធ្ងន់ធ្ងរ​។ យ៉ាង​ណា​មិញ វីរុស​​ក្នុង​ពោះ ឬ​​ការ​ពុល​អាហារ​ក៏​អាច​នាំ​ឲ្យ​យើង​មាន​អាការៈ​ស្រដៀង​គ្នា​នេះ​ដែរ​។

    ៥. កំណក​ឈាម​ក្នុង​ខួរ​ក្បាល​

    ជំងឺ​ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាលជា​ប្រភេទ​​ជំងឺ​ដែល​កើត​ឡើង​នៅ​ពេល​ដែល​កំណក​ឈាម​រារាំង​លំហូរ​ឈាម និង​អុកស៊ីសែន​​ទៅ​ខួរ​ក្បាល​។ កំណក​ឈាម​នៅ​ក្នុង​ខួរ​ក្បាល​អាច​បង្ក​​ឲ្យ​មាន​​អាការៈ​ឈឺ​ក្បាល​ភ្លាម​ៗ និង​ធ្ងន់ធ្ងរ រួម​ជាមួយ​នឹង​រោគសញ្ញា​ដទៃ​ទៀត​ ដូចជា​ផ្ទៃ​មុខ ដៃ​ ជើង​ ការ​និយាយ​ស្ដី​ចុះ​ខ្សោយ​ បញ្ហា​ភ្នែក​ និង​វិល​មុខ​ជា​ដើម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 14, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម