ក្រួសក្នុងសាច់បំពង់កអាចធ្វើឱ្យយើងឧស្សាហ៍មានក្លិនមាត់ និងឈឺក ប៉ុន្តែភាគច្រើនយើងមិនដឹងថាអាការៈទាំងនេះបណ្តាលមកពីការមានក្រួសក្នុងសាច់បំពង់កទេ រហូតដល់ក្រួសទាំងនោះរីកធំទៅៗដែលបណ្តាលឱ្យសាច់បំពង់កហើម ហើយអាចឈានដល់ការកាត់សាច់បំពង់កថែមទៀតផង។ ហេតុអ្វីបានជាយើងមានក្រួសក្នុងសាច់ក្នុងបំពង់ក? គួរការពារបែបណា?
នៅខាងក្រោយបំពងកយើងមានសាច់បំពង់ក (អាមីដាល់) ពីរដែលមានរាងពងក្រពើ ហើយមានផ្នត់ និងប្រហោង។ ក្រួសក្នុងសាច់បំពង់កគឺកំណក់កាល់ស្យូម ដែលកើតឡើងដោយសារការជាប់បាក់តេរី សម្បោរ ស្លេស្ម ឬកំទេចអាហារនៅក្នុងសាច់បំពង់ករបស់យើង។ យើងអាចមានក្រួសក្នុងសាច់បំពង់កមួយ ឬច្រើនក្នុងពេលតែមួយ។
ខាងក្រោមនេះជាវិធីសាស្រ្តការពារការមានក្រួសក្នុងសាច់បំពង់ក៖
១. អនាម័យមាត់ធ្មេញ
ការដុសធ្មេញពីរដងក្នុងមួយថ្ងៃ ឬក្រោយញុំាអាហាររួច ការសម្អាតអណ្តាត និងរូសធ្មេញអាចជួយសម្អាតកំទេចអាហារ និងកម្ចាត់បាក់តេរីពីក្នុងមាត់ និងការពារការប្រមូលផ្តុំបាក់តេរី និងកម្ទេចអាហារនៅក្នុងប្រហោង និងផ្នត់សាច់បំពង់ក។ លើសពីនេះទៅទៀតការសម្អាតអណ្តាតក៏ជួយសម្អាតស្លេស្មដែលនៅជាប់អណ្តាតយើងដែរ។
២. ខ្ពុរមាត់ជាមួយទឹកអំបិល
យើងអាចលាយអំបិលមួយស្លាបព្រាបាយជាមួយទឹកមួយពែងដើម្បីខ្ពុរមាត់។ ការធ្វើបែបនេះអាចជួយកម្ចាត់បាក់តេរីចេញពីមាត់របស់យើង។
៣. ញុំាទឹកឱ្យបានគ្រប់គ្រាន់
ការញុំាទឹកគ្រប់គ្រាន់ធ្វើឱ្យមាត់យើងមានសំណើម មានទឹកមាត់ច្រើន ព្រមទាំងអាចកម្ចាត់ និងរារាំងបាក់តេរីពីការលូតលាស់នៅក្នុងមាត់។
៤. ចៀសវាងការជក់បារី និងញុំាគ្រឿងស្រវឹង
ការជក់បារី និងញុំាគ្រឿងស្រវឹងធ្វើឱ្យមាត់យើងស្ងួតដែលងាយបណ្តាល ឱ្យមានបាក់តេរីក្នុងមាត់។
៥. កាត់បន្ថយផលិតផលធ្វើពីទឹកដោះ
ការញុំាផលិតផលធ្វើពីទឹកដោះដូចជា ទឹកដោះគោ ទឹកដោះគោជូរ និងឈីស ច្រើនអាចបណ្តាលឱ្យយើងឡើងស្លេស្មនៅក្នុងបំពង់ក និងបង្កជាកំណកកំបោរ។
ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ!
៦. ចៀសវាងភេសជ្ជៈមានជាតិស្ករ
ការញុំាភេសជ្ជៈមានជាតិស្ករខ្ពស់ដូចជា ភេសជ្ជៈប៉ូវកម្លាំង ទឹកក្រូចកំប៉ុង ទឹកផ្លែឈើកំប៉ុងជាដើមអាចបង្កើនការកកើតបាក់តេរីក្នុងមាត់។
៧. គ្រប់គ្រងអាលែកហ្ស៊ី និងបញ្ហាច្រមុះ
អាលែកហ្ស៊ី និងបញ្ហាច្រមុះអាចធ្វើឱ្យយើងហៀរសម្បោរដែលអាចបណ្តាលឱ្យសម្បោរហូរចូលបំពង់ក។ យើងគួរចៀសវាងអាហារ ឬសារធាតុដែលធ្វើឱ្យយើងអាលែកហ្ស៊ី។
ក្រួសក្នុងសាច់បំពង់កអាចមានទំហំប៉ុនគ្រាប់ស្រូវរហូតដល់គ្រាប់សណ្តែក។ ប្រសិនបើមិនព្យាបាល ក្រួសទាំងនោះអាចរីកធំ និងបណ្តាលឱ្យសាច់បំពងករបស់យើងហើម។ យើងអាចការពារការកើតក្រួសក្នុងសាច់បំពង់កដោយរក្សាអានាម័យមាត់ធ្មេញ និងចៀសវាងអាហារមួយចំនួន។
[embed-health-tool-heart-rate]