ជំងឺទឹកនោមផ្អែមពេលពពោះ គឺជាប្រភេទជំងឺទឹកនោមផ្អែមកើតមានជាបណ្ដោះអាសន្ន ពេលស្រីៗមានផ្ទៃពោះ។ ជំងឺទឹកនោមផ្អែមពេលពពោះ មិនមានរោគសញ្ញានោះទេ ដូចនេះស្រ្តីភាគច្រើនត្រូវធ្វើតេស្តជាតិស្ករនៅពេលណាមួយក្នុងអំឡុងពេលពពោះ។
បើសិនជាស្រ្តីកំពុងពពោះមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ គឺត្រូវអនុវត្តរបបអាហារពិសេសរហូតដល់សម្រាលកូនរួច។ ក្នុងករណីខ្លះ ស្រ្តីកើតជំងឺទឹកនោមផ្អែមពេលពពោះ អាចត្រូវការចាក់អាំងស៊ុយលីនដែរ។
ជំងឺទឹកនោមផ្អែមពេលពោះអាចកើតលើស្រ្តីមានប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម និងជាអ្នកលើសទម្ងន់ជាដើម។ ជំងឺនេះនឹងបាត់ទៅវិញនៅពេលស្រ្តីយើងសម្រាលកូនរួច ហើយក៏មានដែរស្រ្តីជាងពាក់កណ្ដាលនៃអ្នកកើតជំងឺទឹកនោមផ្អែមពេលពពោះ អាចវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ២ នៅពេលក្រោយមកទៀត។