ហេតុអ្វីអ្នកមានជំងឺទឹកនោមផ្អែមមិនគួររំលងម៉ោង​ពេលញុំាអាហារ​?

    ហេតុអ្វីអ្នកមានជំងឺទឹកនោមផ្អែមមិនគួររំលងម៉ោង​ពេលញុំាអាហារ​?

    អ្នកជំងឺទឹកនោមផ្អែមមួយចំនួនគិតថាការរំលងពេលញុំាអាហារអាចធ្វើ​ឲ្យ​ស្រកទម្ងន់ និងកម្រិត​ជាតិ​ស្ករ​ក្នុងឈាម។ តាមពិតការរំលងពេល​ញុំាអាហារ​​​អាចធ្វើឱ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរទៅវិញទេ។ តើ​អ្នក​ជំងឺទឹក​នោម​​​​​​​ផ្អែម​អាចមានបញ្ហាសុខភាពអ្វីខ្លះ បើរំលងពេល​ញុំាអាហារ?

    ១. កម្រិតជាតិស្ករក្នុងឈាមគ្មានស្ថិរភាព

    ប្រសិនបើយើងរំលង​ម៉ោ​ង​ពេល​ញ៉ាំអាហារ ថ្លើមរបស់យើងនឹងផលិតជាតិស្ករ​ច្រើនដើម្បី​ផ្តល់​ថាមពល​ដល់​រាងកាយ មុនពេលជាតិស្ករ​ក្នុងឈាមរបស់យើងធ្លាក់ចុះ​ដែលបណ្តាលឱ្យកម្រិត​ជាតិស្ករក្នុងឈាម​កើនឡើងកាន់តែ​ខ្ពស់ ព្រោះថា​ក្នុងឈាមអ្នកជំងឺទឹកនោមផ្អែមមានជាតិស្ករខ្ពស់ស្រាប់ហើយ។ ពេលណាជាតិ​ស្ករក្នុង​ឈាមឡើងខ្ពស់ យើងអាចក្អួត ឃ្លាន ឬស្រេកទឹកខ្លាំង បេះដូងលោតញាប់ ឬមើលមិន​ច្បាស់​ជាដើម។

    កម្រិតជាតិស្ករក្នុងឈាមយើងនឹងធ្លាក់ចុះវិញ​បន្ទាប់ពីឡើងខ្ពស់ ដែលបណ្តាលឱ្យយើងឈឺក្បាល អស់កម្លាំង ចង់ក្អួត និងទល់លាមក។ បើយើងនៅតែបន្តមិនញុំាអាហារ យើងអាចបាត់បង់ស្មារតី ឬប្រកាច់​ព្រោះ​រាងកាយយើងគ្មានថាមពលគ្រប់គ្រាន់។

    ២. ធាត់

    ការ​រំលងមិនញុំា​អាហារអាចធ្វើឱ្យយើងញ៉ាំ​លើស​កម្រិតនៅពេលក្រោយ និងអាចធ្វើឱ្យ​យើង​ញុំា​អាហារ​ដែលមិនល្អចំពោះសុខភាពដោយសារការឃ្លានជ្រុល។ ប្រសិនបើ​យើង​ញ៉ាំ​ច្រើន​ជ្រុល​ញឹក​ញាប់​អាច​នាំឱ្យយើង​ឡើង​ទម្ងន់។

    វិទ្យាស្ថានជាតិជំងឺទឹកនោមផ្អែម ជំងឺទាក់ទងប្រព័ន្ធរំលាយអាហារ និងជំងឺតម្រងនោមនៅសហរដ្ឋអាមេរិក (NIDDK) បានលើកឡើងថា ការលើស​ទម្ងន់ ឬធាត់ប៉ះពាល់​ដល់ការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ហើយអាចនាំឱ្យមានផលវិបាកដូចជាជំងឺលើសសម្ពាធ​ឈាម ជំងឺបេះដូង និងជំងឺដាច់សរសៃ​ឈាមខួរក្បាលជាដើម។

    ចង់គណនា BMI ចុចទីនេះ!

    ធាត់

    ៣. អារម្មណ៍មិនល្អ

    ការរំលង​ពេលញុំាអាហារ ឬការញុំាអាហារមិនទៀងពេល​អាចធ្វើឱ្យកម្រិតជាតិ​ស្ករ​ក្នុងឈាម​ធ្លាក់ចុះ​ដែល​ធ្វើឱ្យយើងមានអារម្មណ៍ច្របូកច្របល់ ថប់បារម្ភ និងមួម៉ៅ។

    ៤. ថ្នាំគ្មានប្រសិទ្ធភាព

    ការ​រំលង​ពេល​ញុំាអាហារ​អាច​នឹង​ធ្វើឱ្យ​បាត់បង់​តុល្យភាព​​រវាង​អាហារ និង​ថ្នាំទឹកនោមផ្អែម ដែល​ធ្វើឱ្យ​​កម្រិត​ជាតិស្ករក្នុងឈាមធ្លាក់ចុះទាបពេក ឬ​ឡើង​ខ្ពស់ពេក និងអាចបណ្តាលឱ្យមានគ្រោះថ្នាក់។

    អ្នកជំងឺទឹកនោមផ្អែមមិនគួររំលងម៉ោង​ពេល​ញុំាអាហារ ឬញុំាអាហារមិនទៀងពេលទេព្រោះ ការធ្វើបែបនេះ​ធ្វើឱ្យជាតិស្ករក្នុងឈាមគ្មានស្ថិរភាព។ ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមយើងគួរញុំាអាហារ ១ ថ្ងៃ ៣ ដងឱ្យទៀងពេល ញុំាអាហារសម្រន់ ញុំាទឹក ២ លីត្រក្នុង ១ថ្ងៃ ហាត់ប្រាណឱ្យបានទៀងទាត់ និង​កាត់​បន្ថយភាពតានតឹង​ក្នុង​ចិត្ត​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    6 Things That Can Cause Your Blood Sugar to Spike or Drop
    https://www.self.com/story/blood-sugar-spike-drop

    The Danger in Skipping Meals with Diabetes
    https://type2diabetes.com/nutrition/danger-skipping-meals-diabetes

    Missing Meals? Avoid Dangerous Blood Sugar if You Have Diabetes
    https://health.clevelandclinic.org/how-to-monitor-your-diabetes-when-youre-not-eating-well/

    Why People With Diabetes Should Avoid Meal Skipping
    https://www.verywellhealth.com/reasons-to-avoid-skipping-meals-1087705

    Type 2 diabetes management: Why skipping meals can cause a rise in your blood sugar
    https://www.timesnownews.com/health/article/type-2-diabetes-management-why-skipping-meals-can-cause-a-rise-in-your-blood-sugar/492420

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ សុខ វណ្ណ កែសម្រួល​ចុងក្រោយ 29/11/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត