backup og meta

Prostate cancer (មហារីក​ក្រពេញ​ប្រូស្តាត)

Prostate cancer (មហារីក​ក្រពេញ​ប្រូស្តាត)

និយមន័យ

១- អ្វី​ជា​មហារីក​ក្រពេញ​ប្រូស្ដាត?

មហារីក​ក្រពេញ​ប្រូស្ដាត ប្រភេទ​ជំងឺ​ធ្ងន់ធ្ងរ ឧស្សាហ៍​កើត​លើ​ក្រពេញ​ប្រូស្ដាត​មនុស្ស​ប្រុស ដែល​ជា​ក្រពេញ​តូច មាន​តួនាទី​ផលិត​ទឹកកាម ចិញ្ចឹម និង​ដឹក​ជញ្ជូន​មេជីវិត។ មហារីក​ក្រពេញ​ប្រូស្ដាត ជា​ធម្មតា​មាន​ការ​រីក​រាលដាល​យឺត ទាមទារ​ការ​ព្យាបាល​តិចតួច ឬមិនចាំបាច់ព្យាបាលតែម្តង ។ ក្នុង​ករណី​ខ្លះ មហារីក​ប្រភេទ​នេះ គឺ​កាច​សាហាវ និង​រីក​រាលដាល​យ៉ាង​ឆាប់​រហ័ស។ ធ្វើតេស្ត​ពិនិត្យ​រកឃើញ​មហារីក​ទាន់​ពេល​វេលា​ ពេល​កោសិកា​មិន​ប្រក្រតី​ស្ថិត​នៅជាប់​ក្នុង​ក្រពេញ​ប្រូស្ដាត​នៅ​ឡើយ មាន​ឱកាស​ច្រើន​ព្យាបាល​ដោយ​ជោគជ័យ។

២- ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ?

មហារីក​ក្រពេញ​ប្រូស្ដាត ជា​ប្រភេទ​ជំងឺ​លក្ខណៈ​ធ្ងន់ធ្ងរ ប៉ះពាល់​ទៅ​លើ​ប្រុសៗ​រាប់ពាន់​នាក់​ទាំង​វ័យ​កណ្ដាល និង​ចាស់​ជរា ភាគ​ច្រើន​កើត​លើ​ប្រុស​អាយុ​ច្រើន​ជាង ៦៥ ឆ្នាំ។ កាលពី​ឆ្នាំ ២០១៣ វិទ្យាស្ថាន​ជាតិ​ជំងឺ​មហារីក នៅ​អាមេរិក វាយ​តម្លៃ​ថា​ ពលរដ្ឋ​អាមេរិក​ជិត ២៤ ម៉ឺននាក់ កើត​មហារីក​ប្រភេទ​នេះ។

ទោះ​យ៉ាង​ណា យើង​នៅ​តែ​អាច​គ្រប់គ្រង តាម​រយៈកាត់​បន្ថយ​កត្តា​ហានិភ័យ​មួយ​ចំនួន។ គួរ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្រាប់​ពត៌មាន​បន្ថែម។

រោគសញ្ញា

៣- រោគ​សញ្ញា​មាន​​អ្វី​ខ្លះ?

មហារីក​ប្រភេទ​នេះ ក្នុង​ដំណាក់​កាល​ដំបូង​គ្មាន​បង្ហាញ​អាការៈ និង​រោគសញ្ញា​ទេ ប៉ុន្តែ​ពេល​ឈាន​ដល់​ដំណាក់​កាល​ចុងក្រោយ អាច​បង្ហាញ​អាការៈ និង​រោគសញ្ញា​មួយ​ចំនួន​រួមមាន៖

– ពិបាក​នោម

– ឈឺ​ឆ្អឹង

– អសមត្ថភាព​រួមភេទ

– អាច​សន្លប់

– លំហូរ​ទឹកនោម​ខ្សោយ

– មាន​ឈាម​ក្នុង​ទឹកកាម

– គ្មាន​ផាសុកភាព​នៅ​តំបន់​ប្រដាប់​ភេទ។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុស​គ្នា ហេតុនេះ​រោគសញ្ញា​អាច​នឹង​ខុស​គ្នា​ដែរ។ បើសិន​ជា​មាន​រោគសញ្ញា​ណា​មួយ​តាម​ចំនុច​ខាង​លើ​​ ឬមាន​មន្ទិល​សង្ស័យ​ សូម​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។

មូលហេតុបង្ក

៥- មូលហេតុ​បង្ក​មានអ្វីខ្លះ?

មក​ទល់​នឹង​បច្ចុប្បន្ន មូលហេតុ​បណ្ដាល​ឲ្យ​កើត​មហារីក​ក្រពេញ​ប្រូស្ដាត នៅ​មិនទាន់​មាន​អំណះ​អំណាង​ជាក់​ច្បាស់​នៅ​ឡើយ​ទេ។ គ្រូពេទ្យ​គ្រាន់​តែ​ដឹង​ថា មហារីក​ក្រពេញ​ប្រូស្ដាត​ចាប់​ផ្ដើម​កើត​ឡើង ពេល​កោសិកា​មួយ​ក្នុង​ប្រពេញ​ប្រូស្តាត​ប្រែប្រួល​ខុស​ប្រក្រតី។ ការ​ផ្លាស់​ប្ដូរ​ហ្សែន ក្នុង DNA ជា​ហេតុបង្ក​ឲ្យ​កោសិកា​រីក​លូត​លាស់ និង​បំណែក​ខ្លួន​ឆាប់​រហ័ស​ជាង​កោសិកា​ធម្មតា ហើយ​បន្ត​រស់នៅ មិន​ងាប់​ដោយ​ឯកឯង​នោះ​ដែរ។ កំណើន​កោសិកា​មិន​ប្រក្រតី​នឹង​វិវត្តទៅ​ជា​ដុំ​សាច់ Tumor រីករាល​ដាល​លុកលុយ​ទៅ​លើ​ជាលិកា​ជិត​ខាង។ ករណី​ខ្លះ​អាច​ទម្លុះ រាលដាល​ទៅ​កាន់​ផ្នែក​ផ្សេងៗ​ក្នុង​រាងកាយ​ទៀត​ផង។

កត្តាប្រឈម

៦- កត្តា​ប្រឈម​មានអ្វីខ្លះ?

កត្តា​ហានិភ័យ​ខ្ពស់​ប្រឈម​ជំងឺ​មហារីក​ប្រភេទ​នេះ​ ស្ថិត​ក្នុង​លក្ខខណ្ឌ​មួយ​ចំនួន​ដូចជា៖

– កត្តា​អាយុ៖ អាយុ​កាន់​តែ​ច្រើន ហានិភ័យ​កើត​មហារីក​ក្រពេញ​ប្រូស្ដាត​កាន់​តែ​ខ្ពស់។

– កត្តា​ជាតិ​សាសន៍៖ ភាគ​ច្រើន​ជនជាតិ​ស្បែក​ខ្មៅ មាន​ហានិភ័យ​ខ្ពស់​ជាង​ជាតិសាសន៍​ដទៃ​ទៀត ហើយ​ជា​ប្រភេទ​កាច​សាហាវ ងាយ​វិវត្តទៅ​រក​ដំណាក់​កាល​ចុង​ក្រោយ។ យ៉ាង​ណា​ នៅ​មិនទាន់​ដឹង​ពី​ហេតុផល​ច្បាស់​បញ្ជាក់​បាន​នៅ​ឡើយ។

– កត្តា​ប្រវត្តិ​គ្រួសារ៖ សមាជិក​ក្នុង​គ្រួសារ​ធ្លាប់​កើត​មហារីក​ក្រពេញ​ប្រូស្ដាត យើង​នឹង​កាន់​តែ​មាន​ហានិភ័យ​ខ្ពស់​កើត។ ម៉្យាង​ទៀត ប្រសិន​ប្រវត្តិ​គ្រួសារ​មាន​ហ្សែន បង្កើន​ហានិភ័យ​មហារីក​សុដន់ (BRCA1 ឬ BRCA2) ឬ​គ្រួសារ​មាន​ប្រវត្តិ​កើត​មហារីក​សុដន់​ត​កូន​ត​ចៅ ហានិភ័យ​កើត​មហារីក​ក្រពេញ​ប្រូស្ដាត​កាន់​ខ្ពស់​ខ្លាំង​ថែម​ទៀត។

– កត្តា​ធាត់​លើស​ទម្ងន់៖ ប្រុសៗ​ធាត់​លើស​ទម្ងន់ មហារីក​ក្រពេញ​ប្រូស្ដាត អាច​ទំនោរ​វិវត្ត​ទៅ​ដំណាក់កាល​ចុងក្រោយ មាន​ផលវិបាក​ក្នុង​ការ​ព្យាបាល។

មហារីកក្រពេញប្រូស្ដាត

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ការ​ធ្វើ​រោគវិនិច្ឆ័យ​សម្រាប់​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត គឺ​ផ្អែក​ទៅ​លើ​ការ​ពិនិត្យ​រាងកាយ និង​ប្រវត្តិ រួម​ជាមួយ​ធ្វើ​តេស្ត​ផ្សេង​ទៀត​ដូច​ជា៖

– តេស្ត​ពិនិត្យ​រន្ធគូទ៖ ការ​ពិនិត្យ​សរីរាង្គ​នេះ ដើម្បី​វិភាគ​ទៅ​លើ​ក្រពេញ​ប្រូស្ដាត ដោយ​ប្រើម្រាម​ដៃ​ពាក់​ស្រោម​រួច​លូក​ចូល​ក្នុង​រន្ធគូទ ស្ទាប​ពិនិត្យ​មើល មាន​ដុំ​ពក​លើ​ក្រពេញ​ប្រូស្ដាត ដែល​អាច​ក្លាយទៅ​ជា​ដុំសាច់។

– ច្រឹប​ក្រពេញ​ប្រូស្ដាត​យក​ពិនិត្យ៖ គ្រូពេទ្យ​នឹង​ច្រិប​សាច់​ចេញ​ពី​ក្រពេញ​ប្រូស្តាត យក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិសោធន៍ ដើម្បី​បញ្ជាក់​ច្បាស់​ពី​រោគវិនិច្ឆ័យ។

– ថត​អឹម៉រាយ (MRI)៖ ថត​ឆ្អឹង ឬ CT ស្កេន ឬ​អាច​ធ្វើ​ទាំងពីរ​យ៉ាង​តែ​ម្តង។

សមាគម​សុខភាព​ផ្លូវ​ទឹក​នោម​អាមេរិក បាន​ណែនាំ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​តេស្ត​ឈាម PSA ដើម្បី​ពិនិត្យ​រក​មហារីក​ក្រពេញ​ប្រូស្ដាត ព្រោះ​ដោយ​សារ​តែ​មាន​ហានិភ័យ​បន្ទាប់​ពី​ធ្វើតេស្ត និង​គ្មានផល​ចំណេញ។ តេស្ត​ឈាម PSA ពិនិត្យ​ទៅ​លើ​ចំនួន អង់​ទីហ្សែន​ជាក់លាក់​របស់​ក្រពេញ​ប្រូស្ដាត​មាន​វត្តមាន​ក្នុង​ឈាម។ យ៉ាងណា ធ្វើ​តេស្ត​នេះ​មាន​ហេតុ​ផល​ច្រើន ធ្វើ​ឲ្យ​យើង​អាច​កើន​ចំនួន PSA (សារធាតុ​ផលិត​ចេញ​ពី​ក្រពេញ​ប្រូស្តាត) ច្រើន​នៅ​ក្នុងឈាម ជា​ហេតុផល​ឈាន​ទៅ​រក​ការ​វាយ​តម្លៃ​រោគ​វិនិច្ឆ័យ​ខុស និង​ព្យាបាល​មិន​ជា​សះ​ស្បើយ។

យ៉ាងណា បើ​យើង​ប្រាកដ​ថា​មាន​មហារីក​ក្រពេញ​ប្រូស្ដាត ការ​ធ្វើ​តេស្ត​នេះ នឹង​បញ្ជាក់​អំពី​ដំណាក់​កាល ឬ​ប្រាប់​ពី​ប្រភេទ​មហារីក។ មុន​ពិចារណា​ធ្វើ​តេស្តឈាម PSA គួរ​តែ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​អំពី​ហានិភ័យ​អាច​កើត​មាន​ជា​មុន​សិន។

៨- ព្យាបាល​ដោយ​វិធីណា?

បើ​មាន​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត ដោយ​អាស្រ័យ​ទៅ​លើ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​មហារីក និងស្ថានភាព​រីក​រាលដាល​របស់​វា ជម្រើស​ព្យាបាល​របស់​យើង​នឹង​ត្រូវ​ណែនាំ​ពី​គ្រូពេទ្យ។ បើ​ជំងឺ​មហារីក​មិន​កាច​សាហាវ​ទេ គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​រង់ចាំ មិន​ទាន់​ធ្វើ​ការ​ព្យាបាល គ្រាន់​តែ​ធ្វើ​តេស្ត​តាម​ដាន​ប៉ុណ្ណោះ ។ ព្យាបាល​ដោយ​វះកាត់ ឬ​ដោយ​វិទ្យុសកម្ម និង​ព្យាបាល​ដោយ​បង្កក​ជាលិកា​មហារីក ព្យាបាល​ដោយ​អ័រម៉ូន ឬ​គីមី សុទ្ធ​តែ​ជា​ជម្រើស​សម្រាប់​គ្រូពេទ្យ​ធ្វើ​ការ​ព្យាបាល​យើង អាស្រ័យ​លើ​កត្តា​អាយុ ស្ថានភាព​សុខភាព និង​ដំណាក់​កាល​មហារីក។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់​រស់​នៅ

កាត់​បន្ថយ​ហានិភ័យ​កើត​មហារីក​ក្រពេញ​ប្រូស្តាត យើង​អាច​អនុវត្ត​តាម​វិធីសាស្រ្ដ​មាន​ប្រយោជន៍​ទាំង​នេះ៖

– របប​អាហារ​សុខភាព៖ ដូចជា បន្លែ និង​ផ្លែឈើ ចៀសវាង​អាហារ​សម្បូរ​ខ្លាញ់ និង​គួរ​ញ៉ាំ​ឲ្យ​បាន​គ្រប់​ប្រភេទ បន្លែ ផ្លែឈើ គ្រាប់​ធុញ្ញជាតិ។ ជ្រើសរើស​យក បន្លែ ផ្លែ​ឈើ មាន​ផ្ទុក វីតាមីន​ច្រើន និង​សារធាតុ​ចិញ្ចឹម​មាន​ប្រយោជន៍​ដល់​សុខភាព។ ទោះ​យើង​អាច​បង្ការ​មហារីក​ក្រពេញ​ប្រូសា្ដត​តាម​រយៈ​របប​អាហារ ប៉ុន្តែ​នៅ​មិន​ទាន់​អាច​បញ្ជាក់​មាន​សុវត្ថិភាព ១០០​ភាគរយ នោះ​ដែរ។ យ៉ាង​ណា ញ៉ាំ​របប​អាហារ​ត្រឹមត្រូវ អាច​ធ្វើ​ឲ្យ​សុខភាព​យើង​កាន់​តែ​ប្រសើរ​ឡើង។

– ចៀសវាង​អាហារ​បំប៉ន៖ គ្មាន​ការ​សិក្សា​ណា​អាច​បង្ហាញ​ថា អាហារ​បំប៉ន​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​មហារីក​ក្រពេញ​ប្រូស្ដាត​ទេ។

– ហាត់​ប្រាណ៖ ហាត់​ប្រាណ ធ្វើ​ឲ្យ​សុខភាព​រាងកាយ​ទាំង​មូល​ប្រសើរ​ឡើង ជួយ​រក្សា​ទម្ងន់ ធ្វើ​ឲ្យ​អារម្មណ៍​ជ្រះថ្លា។ មាន​ភស្តុតាង​បាន​បញ្ជាក់​ថា ប្រុស​មិនហាត់​ប្រាណ​មាន​កម្រិត PSA កើន​ឡើង​ខ្ពស់ អាច​ជា​ហេតុ​បង្ក​ឲ្យ​មាន​មហារីក​ប្រភេទ​នេះ។

– ហាត់​ប្រាណ​រក្សា​គីឡូ៖ បើ​ទម្ងន់​យើង​សមរម្យ សុខភាព​កាន់​តែ​ល្អ ត្រូវហាត់​ប្រាណ​ឲ្យ​បាន​ច្រើន​ថ្ងៃ​ ក្នុង​មួយ​សប្ដាហ៍​ដើម្បី​រក្សា​ទម្ងន់។ បើចង់​សម្រក​ទម្ងន់ ត្រូវ​បន្ថែម​ការ​ហាត់​ប្រាណ និង​បន្ថយ​កាល់ឡូរី ក្នុង​របប​អាហារ​ប្រចាំ។ ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ដើម្បី​រៀបចំ​ផែនការ​សម្រក​ទម្ងន់​មានសុខ​ភាព​ល្អ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Prostate cancer. http://www.webmd.com/prostate-cancer/   . Accessed January 10, 2017.

Prostate cancer.  http://www.mayoclinic.org/diseases-conditions/prostate-cancer/basics/definition/con-20029597 . Accessed January 10, 2017.

Prostate cancer.     http://www.healthline.com/health/prostate-cancer  . Accessed January 10, 2017.

កំណែ​ប្រែបច្ចុប្បន្ន

09/11/2021

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

បច្ចុប្បន្នភាពដោយ៖ នាង សុខុមដាលីញ៉ា


អត្ថបទពាក់ព័ន្ធ

Colon cancer (មហារីក​ពោះវៀនធំ)

ប្រុសៗគួរ​ដឹង! អាហារ ៦​ មុខនេះអាចជួយកាត់បន្ថយ​ហានិភ័យ​មហារីក​ក្រពេញប្រូស្តាត



អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 09, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម