backup og meta

អ្នក​មាន​បញ្ហា​សុខភាពទាំងនេះ ប្រឈមជំងឺ​មហារីក​លំពែង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 28, 2021

    អ្នក​មាន​បញ្ហា​សុខភាពទាំងនេះ ប្រឈមជំងឺ​មហារីក​លំពែង

    ជំងឺ​មហារីក​លំពែង ផ្ដើម​ចេញ​ពី​ជាលិកា​របស់​លំពែង​។ លំពែង​ ជា​សរីរាង្គ​នៅ​ក្នុង​ពោះ​នៅ​ពីក្រោយ​ក្រពះ​​ផ្នែក​ខាង​ក្រោម។ លំពែង​បញ្ចេញ​អង់ហ្សីម ជួយ​ដល់​ការ​រំលាយអាហារ និង​ផលិត​អ័រម៉ូន​ជួយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។

    ជំងឺ​មហារីក​លំពែង​កម្រ​នឹង​រក​ឃើញ​នៅ​ដំណាក់​កាល​ដំបូង​ៗ​ណាស់​ ព្រោះ​ថា​វា​មិន​បញ្ចេញ​រោគ​សញ្ញា រហូត​ទាល់តែ​មាន​ការ​រាល​ដាល​ដល់​សរីរាង្គ​ផ្សេង​។ ការ​ព្យាបាល​ជំងឺ​មហារីក​លំពែង​អាច​មាន​ជម្រើស​ផ្សេងៗ​ផ្អែក​​លើ​កម្រិត​នៃ​ជំងឺ​​។ ជម្រើស​នៃ​ការ​ព្យាបាល​មាន​ដូច​ជា​វះកាត់ ប្រើ​គីមី វិទ្យុសកម្ម ឬ​ការ​ប្រើ​វិធី​ទាំង​នេះ​​រួម​គ្នា​​​។​​

    ១. កត្តា​ប្រឈម​ជំងឺ​មហារីក​លំពែង

    ​កត្តា​មួយ​ចំនួន​ធ្វើ​ឲ្យ​មនុស្ស​យើង​ប្រឈម​នឹង​ជំងឺ​មហារីក​លំពែង​៖

    ជក់បារី

    ជំងឺ​ទឹក​នោម​ផ្អែម

    រលាក​លំពែង​រ៉ាំរ៉ៃ

    គ្រួសារ​មាន​ប្រវត្តិ​កើត​ជំងឺ​មហារីក​លំពែង

    ធាត់​

    មនុស្ស​វ័យ​ចំណាស់ ខណៈ​មនុស្ស​ភាគ​ច្រើន​រក​ឃើញ​មហារីក​លំពែង​នៅ​វ័យ​៦៥​ឆ្នាំ។​

    ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​ ការ​រួម​បញ្ចូល​គ្នា​នៃ​ការ​ជក់​បារី មាន​ជំងឺ​ទឹក​នោម​ផ្អែម​យូរអង្វែង និង​មាន​របប​អាហារ​មិន​ល្អ បង្កើន​ហានិភ័យ​កើត​ជំងឺ​មហារីក​លំពែង​ខ្ពស់​ជា​អ្នក​ដែល​មិន​មាន​កត្តា​ទាំង​នេះ​បញ្ចូល​គ្នា​។

    មហារីកលំពែង

    ២. រោគ​សញ្ញា

    ​សញ្ញា និង​រោគ​សញ្ញា​នៃ​ជំងឺ​មហារីក​លំពែង​មិន​សូវ​លេច​ចេញ​នោះ​ទេ​នៅ​ដំណាក់​កាល​ដំបូង​ៗ​រហូត​ដល់​ជំងឺ​ឈាន​ដល់​សភាព​ធ្ងន់​ធ្ងរ​។ រោគ​សញ្ញា​ទាំង​នោះ​អាច​មាន៖

    • ឈឺ​ពោះ រាល​ដាល​ទៅ​​ខ្នង​
    • បាត់​បង់​ចំណង់អាហារ និង​ស្រក​គីឡូ​
    • ស្បែក​ឡើង​លឿង(ខាន់លឿង​)
    • លាមក​មាន​ពណ៌​ភ្លឺ​ស្រាល
    • ទឹក​នោម​មាន​ពណ៌​ក្រមៅ
    • ​​រមាស់​ស្បែក​
    • មាន​កំណក​ឈាម និង​​
    • អស់​កម្លាំង ជា​ដើម​។​

    ក្នុង​ករណី​ មាន​រោគ​សញ្ញា​គួរ​ឲ្យ​សង្ស័យ​គួរ​ស្វែង​រក​ការពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។​

    ៣. វិធី​បង្ការ​

    ​យើង​អាច​បង្ការ ឬ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​លំពែង​៖

    ឈប់​ជក់បារី៖ បើ​យើង​ជក់បារី គួរ​តែ​ឈប់​។ ដើម្បី​ផ្ដាច់​បារី យើង​អាច​ស្វែង​រក​ការ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ និង​ការ​លើក​ទឹក​ចិត្ត​ពី​គ្រួសារ​។ បើ​យើង​មិន​មែន​ជា​អ្នក​ជក់​បារី កុំ​ចង់​សាក​ល្បង​។

    រក្សា​ទម្ងន់​ឲ្យ​នៅ​កម្រិត​សុខភាព៖ បើ​សិន​ជា​យើង​មាន​ទម្ងន់​ខ្លួន​ត្រឹម​ត្រូវ​ល្អ​ហើយ ចូរ​ររក្សា​វា​នៅ​ល្អ​ជា​និច្ច។ បើ​សិន​ជា​យើង​ជា​មនុស្ស​លើស​ទម្ងន់ គួរ​តែ​ចាប់​ផ្ដើម​សម្រក​គីឡូ​យឺត​ៗ។ ដើម្បី​ស្រក​គីឡូ​យើង​ត្រូវ​មាន​របប​អាហារ​ល្អ​ចំពោះ​សុខ​ភាព​មាន​បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និង​ហាត់​ប្រាណ​ជា​ប្រចាំ​។​​

    ជ្រើស​រើស​របប​អាហារ​ល្អ​ចំពោះ​សុខ​ភាព​៖ របប​អាហារ​មាន​បន្លែ ផ្លែឈើ​ចម្រុះ​ពណ៌ និង​គ្រាប់​ធញ្ញជាតិ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​លំពែង​។

    សម្រាប់​អ្នក​មាន​សមាជិក​គ្រួសារ ធ្លាប់​កើត​ជំងឺ​មហារីក​លំពែង​ គួរ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​បាន​តាម​ដាន និង​អាច​វាយ​តម្លៃ​ថា​យើង​អាច​ប្រឈម​កើត​ជំងឺ​នេះ​កម្រិត​ណា​មួយ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jul 28, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម