វីតាមីន D ត្រូវគេដឹងថាមានតួនាទីច្រើនយ៉ាងក្នុងការជួយដល់ប្រព័ន្ធភាពស៊ាំ។ ជាក់ស្ដែង វីតាមីនD ជួយភ្ញោចដល់ប្រព័ន្ធភាពស៊ាំប្រឆាំងនឹងការឆ្លងរោគ ដូចជាជំងឺរបេង និងអាចការពារជំងឺមហារីកជាក់លាក់មួយចំនួនផងដែរ។ បន្ថែមពីនេះ វីតាមីន D ក៏ត្រូវអ្នកស្រាវជ្រាវជឿថាបានដើរតួសំខាន់ក្នុងការការពារជំងឺអាលែកហ្ស៊ីមួយចំនួនផងដែរ។
១. អាលែកហ្ស៊ី និងវីតាមីន D
ជំងឺអាលែកហ្ស៊ី ស្ទើរតែគ្រប់ប្រភេទ រួមមានជំងឺហឺត អាលែកហ្ស៊ីច្រមុះ អាលែកហ្ស៊ីអាហារ ត្រអក និងសូម្បីប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរ បានក្លាយជាបញ្ហាទូទៅមួយក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ បញ្ហានេះ អាចថាកើតឡើងតាមទ្រឹស្តីមួយអះអាងថាដោយសារកាលនៅកុមារភាព ក្មេងៗទាំងនោះស្ថិតក្នុងបរិស្ថានស្អាតពេក ធ្វើឲ្យប្រព័ន្ធភាពស៊ាំមិនបានជួប ឬប្រឈមទៅនឹងសារធាតុគ្រោះថ្នាក់ពីខាងក្រៅ និងមិនបានធ្វើការឆ្លើយតបទៅនឹងសារធាតុទាំងនោះ នៅពេលប្រព័ន្ធភាពស៊ាំកំពុងនៅក្មេងខ្ចី។ យ៉ាងណា ការសិក្សាខ្លះទៀត បញ្ជាក់ថា បញ្ហាកង្វះវីតាមីន D ក៏ជាមូលហេតុមួយនៃការកើតមានជំងឺអាលែកហ្ស៊ីនេះដែរ។
អ្នកស្រាវជ្រាវបានរកឃើញដែរថា អ្នកកើតមានបញ្ហាប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរ កើតឡើងដោយសារអាហារ ថ្នាំពេទ្យ និងសត្វទិច ឬខាំ ច្រើនកើនឡើងក្នុងអត្រាខ្ពស់នៅតំបន់ដែលមានពន្លឺថ្ងៃតិច។
បន្ថែមពីនេះ ជំងឺហឺត និងត្រអក ជាដើម មានទំនាក់ទំនងជាមួយនឹងកម្រិតវីតាមីន D ទាប ពិសេសសម្រាប់អ្នកដែលមានកន្លែងទទួលបំប្លែងហ្ស៊ែនវីតាមីនD។ ដូចគ្នាដែរ ស្រ្តីមានផ្ទៃពោះ ដែលទទួលថ្នាំវីតាមីនD ក៏អាចកាត់បន្ថយការកើតមានជំងឺហឺត និងជំងឺអាលែកហ្ស៊ីផ្សេងទៀតដល់កូន។
ជាងនេះទៅទៀត ការសិក្សាក៏រកឃើញដែរថា វីតាមីន D អាចជួយឲ្យមានដំណើរការភ្នាក់ងារកោសិកាប្រព័ន្ធភាពស៊ាំមួយចំនួន ដែលអាចការពារការបញ្ចេញសារធាតុគីមីបង្កឲ្យជំងឺអាលែកហ្ស៊ីកាន់តែអាក្រក់។ ដូចនេះ កង្វះវីតាមីនD អាចធ្វើឲ្យយន្តការមួយនេះរអាក់រអួល អាចនាំឲ្យកើតមានជំងឺអាលែកហ្ស៊ីកាន់តែអាក្រក់ ឬភ្ញោចឲ្យមានបញ្ហាអាលែកហ្ស៊ី។
២. បរិមាណវីតាមីន D ចាំបាច់
នៅមិនទាន់មានការដឹងច្បាស់ទេថាកម្រិតវីតាមីន D ប៉ុន្មានល្អសម្រាប់ដំណើរការប្រព័ន្ធភាពស៊ាំនោះ ប៉ុន្តែមនុស្សភាគច្រើនរស់នៅក្នុងប្រទេសអភិវឌ្ឍន៍មានវីតាមីនD គ្រប់គ្រាន់ជួយឲ្យឆ្អឹងមានសុខភាពរឹងមាំល្អ។
វីតាមីនD អាចរកបានតាមរយៈការត្រូវនឹងពន្លឺព្រះអាទិត្យ។ ដើម្បីទទួលបានវីតាមីនD ពីពន្លឺព្រះ អាទិត្យ មនុស្សយើងអាចចំណាយពេលត្រឹម១៥នាទីក្នុងមួយថ្ងៃនៅក្រោមពន្លឺព្រះអាទិត្យ និងត្រូវធ្វើឲ្យបានពីពីរទៅបីដងក្នុងមួយសប្ដាហ៍។ ក្រៅពីពន្លឺព្រះអាទិត្យ យើងអាចទទួលបានវីតាមីន D ពីរបបអាហារមួយចំនួនដូចជាត្រី ស៊ុត យ៉ាអួរ និងទឹកដោះគោ មានបន្ថែមវីតាមីន D ជាដើម។
គ្នាយើងមួយចំនួនអាចនឹងចង់ប្រើអាហារបំប៉នវីតាមីនD តែថាមុននឹងប្រើគួរពិភាក្សាជាមួយគ្រូពេទ្យ។ ការទទួលបានវីតាមីន D លើសកម្រិតក៏អាចបង្កទៅជាជំងឺក្រួសក្នុងតម្រងនោមផងដែរ។ មួយវិញទៀត ការត្រូវពន្លឺថ្ងៃច្រើន ក៏អាចបង្កជាបញ្ហាដល់ស្បែក ពិសេសជំងឺមហារីកស្បែក ដែលចំណុចនេះ គ្នាយើងត្រូវកំណត់ និងកម្រិតការត្រូវពន្លឺថ្ងៃតាមការណែនាំ។
[embed-health-tool-bmr]