backup og meta

វីតាមីនបានពីពន្លឺថ្ងៃ ជួយការពារ​បញ្ហា​អាលែកហ្ស៊ី?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ May 19, 2021

    វីតាមីនបានពីពន្លឺថ្ងៃ ជួយការពារ​បញ្ហា​អាលែកហ្ស៊ី?​

    វីតាមីន D ត្រូវ​គេ​ដឹង​ថា​មាន​តួ​នាទី​ច្រើន​យ៉ាង​ក្នុង​ការ​ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ។ ជាក់​ស្ដែង វីតាមីន​D ជួយ​ភ្ញោច​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ការ​ឆ្លង​រោគ ដូចជា​ជំងឺ​របេង និង​អាច​ការពារ​ជំងឺ​មហារីក​ជាក់​លាក់​មួយ​ចំនួន​ផង​ដែរ​។ បន្ថែម​ពី​នេះ វីតាមីន D ក៏​ត្រូវ​អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា​បាន​ដើរ​តួ​សំខាន់​ក្នុង​ការ​ការពារ​ជំងឺ​អាលែកហ្ស៊ី​មួយ​ចំនួន​ផង​ដែរ​។

    ១. អាលែកហ្ស៊ី និង​វីតាមីន D

    ជំងឺ​អាលែកហ្ស៊ី ស្ទើរ​តែ​គ្រប់​ប្រភេទ រួម​មាន​ជំងឺ​ហឺត អាលែកហ្ស៊ី​ច្រមុះ អាលែកហ្ស៊ី​អាហារ ត្រអក និង​សូម្បី​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់​ធ្ងរ បាន​ក្លាយ​ជា​បញ្ហា​ទូទៅ​មួយ​​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​ បញ្ហា​នេះ អាច​ថា​កើត​ឡើង​តាម​ទ្រឹស្តី​មួយ​អះអាង​ថា​ដោយ​សារ​កាល​នៅ​កុមារ​ភាព ក្មេងៗ​ទាំង​នោះ​​​ស្ថិត​ក្នុង​បរិស្ថាន​ស្អាត​ពេក ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​មិន​បាន​ជួប ឬ​ប្រ​ឈម​ទៅ​នឹង​សារធាតុ​គ្រោះ​ថ្នាក់​ពី​ខាង​ក្រៅ និង​មិនបាន​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​នឹង​សារធាតុ​ទាំង​នោះ​ នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​កំពុង​នៅ​ក្មេង​ខ្ចី​។ យ៉ាងណា ការ​សិក្សា​ខ្លះ​ទៀត បញ្ជាក់​ថា បញ្ហា​កង្វះ​វីតាមីន D ក៏​ជា​មូល​ហេតុ​មួយ​នៃ​ការ​កើត​​មាន​ជំងឺ​អាលែកហ្ស៊ី​នេះ​ដែរ​។

    ​​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ដែរ​ថា អ្នក​កើត​មាន​បញ្ហា​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់​ធ្ងរ​ កើត​ឡើង​ដោយ​សារ​អាហារ ថ្នាំពេទ្យ និង​សត្វ​ទិច ឬ​ខាំ ច្រើន​កើន​ឡើង​ក្នុង​អត្រា​ខ្ពស់​នៅ​តំបន់​ដែល​មាន​ពន្លឺ​ថ្ងៃ​តិច​។

    បន្ថែម​ពី​នេះ ជំងឺ​ហឺត និង​ត្រអក ​ជា​ដើម​​ មាន​ទំនាក់​ទំនង​ជាមួយ​នឹង​កម្រិត​វីតាមីន D ទាប​ ពិសេស​សម្រាប់​អ្នក​ដែល​មាន​កន្លែងទទួល​បំប្លែង​ហ្ស៊ែន​​វីតាមីន​D​។ ដូច​គ្នា​ដែរ ស្រ្តី​មាន​ផ្ទៃពោះ ដែល​ទទួល​ថ្នាំ​វីតាមីនD ក៏​អាច​កាត់​បន្ថយ​ការ​កើត​មាន​ជំងឺ​ហឺត និង​ជំងឺ​អាលែកហ្ស៊ី​ផ្សេង​ទៀត​ដល់​​កូន។

    ជាង​នេះ​ទៅ​ទៀត ការ​សិក្សា​ក៏​រក​ឃើញ​ដែរ​ថា វីតាមីន D អាច​ជួយ​ឲ្យ​មាន​ដំណើរ​ការ​ភ្នាក់ងារ​កោសិកា​ប្រព័ន្ធ​ភាព​ស៊ាំ​មួយ​ចំនួន ដែល​អាច​ការ​ពារ​ការ​បញ្ចេញ​សារធាតុ​គីមីបង្ក​ឲ្យ​ជំងឺ​អាលែកហ្ស៊ី​កាន់​តែ​អាក្រក់​។ ដូច​នេះ កង្វះ​វីតាមីន​D អាច​ធ្វើឲ្យ​យន្តការ​មួយ​នេះ​រអាក់រអួល អាច​នាំ​ឲ្យ​កើត​មាន​ជំងឺ​អាលែកហ្ស៊ី​កាន់តែ​អាក្រក់ ឬ​ភ្ញោច​ឲ្យ​មាន​បញ្ហា​អាលែកហ្ស៊ី​។​​

    អាលែកហ្ស៊ី

    ២. បរិមាណ​វីតាមីន D ចាំបាច់​​

    នៅ​មិន​ទាន់​មានការ​ដឹង​ច្បាស់​ទេ​ថា​កម្រិត​វីតាមីន D ប៉ុន្មាន​ល្អ​សម្រាប់​ដំណើរ​ការ​ប្រព័ន្ធ​ភាព​ស៊ាំ​នោះ ប៉ុន្តែ​មនុស្ស​ភាគច្រើន​រស់​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​មាន​វីតាមីន​D គ្រប់​គ្រាន់​ជួយ​ឲ្យ​ឆ្អឹង​មាន​សុខភាព​រឹង​មាំ​ល្អ​។

    វីតាមីន​D អាច​រក​បាន​តាម​រយៈ​ការ​ត្រូវ​នឹង​ពន្លឺ​ព្រះ​អាទិត្យ។ ដើម្បី​ទទួល​បាន​វីតាមីនD ពី​ពន្លឺព្រះ អាទិត្យ មនុស្ស​យើង​អាច​ចំណាយ​ពេល​ត្រឹម​១៥​នាទី​ក្នុង​មួយ​ថ្ងៃ​នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ និង​​ត្រូវ​ធ្វើ​ឲ្យ​បាន​ពី​ពីរ​ទៅ​បី​ដង​​ក្នុង​មួយ​សប្ដាហ៍​។ ក្រៅពី​ពន្លឺ​ព្រះអាទិត្យ យើង​អាច​ទទួល​បាន​វីតាមីន D ពី​របប​អាហារ​មួយ​ចំនួន​ដូច​ជា​ត្រី ស៊ុត យ៉ាអួរ និង​ទឹក​ដោះ​គោ មាន​បន្ថែម​វីតាមីន D ជា​ដើម​។

    ​​​គ្នា​យើង​មួយ​ចំនួន​អាច​នឹង​ចង់​ប្រើ​អាហារ​បំប៉ន​វីតាមីនD តែ​ថា​មុន​នឹង​ប្រើ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។ ការ​ទទួល​បាន​វីតាមីន D លើសកម្រិត​ក៏​អាច​បង្ក​ទៅ​ជា​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​ផង​ដែរ​។ មួយ​វិញ​ទៀត ការ​ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន ក៏​អាច​បង្ក​ជា​បញ្ហា​ដល់​ស្បែក ពិសេស​ជំងឺ​មហារីក​ស្បែក ដែល​ចំណុច​នេះ គ្នា​យើង​ត្រូវ​កំណត់ និង​កម្រិត​ការ​ត្រូវ​ពន្លឺ​ថ្ងៃ​តាម​ការ​ណែ​នាំ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ May 19, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម