ឃ្មុំទិច ក៏អាចបង្កឲ្យមានប្រតិកម្មអាលែកហ្ស៊ីដែរ
គ្នាយើងមួយចំនួនពិតជាបានដឹងហើយថាឃ្មុំទិចមានការឈឺចាប់កម្រិតណា តែមានធ្លាប់ដឹងទេថាឃ្មុំទិច ចំពោះគ្នាយើងខ្លះបែរជាបង្កឲ្យមានបញ្ហាប្រតិកម្មអាលែកហ្ស៊ីទៅវិញ។ សម្រាប់មនុស្សយើងជាច្រើន ពេលឃ្មុំទិចគ្រាន់តែឈឺចាប់ត្រង់កន្លែងទិចមួយរយៈប៉ុណ្ណោះ តែថាមានអ្នកផ្សេងទៀត ឃ្មុំទិចធ្វើឲ្យមានប្រតិកម្មអាលែកហ្ស៊ីអាចពីកម្រិតស្រាល ដល់ធ្ងន់ធ្ងរ និងករណីខ្លះអាចគំរាមកំហែងដល់ជីវិតទៀតផង។ ១. ឃ្មុំទិចអាចបង្កឲ្យមានប្រតិកម្មអាលែកហ្ស៊ី តាមការចុះផ្សាយរបស់ព្រឹត្តប័ត្រ Journal of Asthma and Allergy មនុស្សយើងប្រហែលពី៥ទៅ៧,៥ភាគរយ អាចនឹងជួបប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរពេលត្រូវសត្វល្អិតទិច។ មនុស្សជាច្រើនដែលប្រតិកម្មទៅនឹងសត្វល្អិតទិចនឹងអាចមានប្រតិកម្មអាលែកហ្ស៊ីពីកម្រិតស្រាលទៅមធ្យម ដោយមានឡើងក្រហម និងហើម ត្រង់កន្លែងទិច។ សម្រាប់មនុស្សមួយចំនួនតូចទៀត ប្រតិកម្មអាលែកហ្ស៊ីអាចធ្ងន់ធ្ងរ រហូតតម្រូវឲ្យមានការសង្គ្រោះបន្ទាន់ទៀតផង។ ពិសរបស់ឃ្មុំ អាចបង្កឲ្យមានប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរ។ ឃ្មុំ ស្រម៉ោចក្រហម ភាគច្រើនពេលខាំ ឬទិច អាចបង្កឲ្យមានប្រតិកម្មអាលែកហ្ស៊ី ដែលអាចរាលដាលពេញទាំងរាងកាយ មានស្បែក និងប្រព័ន្ធផ្លូវដង្ហើមដែរ។ ២. មូលហេតុបង្កឲ្យមានអាលែកហ្ស៊ី ពេលឃ្មុំទិច ទ្រនិចឃ្មុំនឹងចាក់ចូលទៅក្នុងស្បែករបស់យើង។ ទ្រនិចឃ្មុំអាចនឹងបញ្ចេញពិសភ្លាមៗ ឬរហូតដល់មួយនាទីបន្ទាប់ពីទិចរួច។ ពិសឃ្មុំមានផ្ទុកប្រូតេអ៊ីន ដែលអាចមានឥទ្ធិពលលើកោសិកាស្បែក និងប្រព័ន្ធភាពស៊ាំ ជាលទ្ធផលនាំឲ្យមានការឈឺចាប់ និងហើមនៅកន្លែងដែលទិច។ មនុស្សមួយចំនួនមានប្រតិកម្មអាលែកហ្ស៊ីនឹងឃ្មុំទិច ដោយសារពិសឃ្មុំរំញោចឲ្យមានប្រតិកម្មខ្លាំងពីប្រព័ន្ធភាពស៊ាំ។ អ្នកខ្លះឃ្មុំទិចលើកទីមួយមិនមានប្រតិកម្មអាលែកហ្ស៊ីទេ តែអាចមានប្រតិកម្មនេះនៅពេលឃ្មុំទិចលើកទីពីរ។ ៣. ធ្វើម៉េចដឹងថាយើងមានប្រតិកម្មអាលែកហ្ស៊ីនឹងពិសឃ្មុំ អាលែកហ្ស៊ីទៅនឹងពិសឃ្មុំអាចមានស្ថានភាពចាប់ពីកម្រិតស្រាលទៅដល់ធ្ងន់ធ្ងរបាន។ ករណីធ្ងន់ធ្ងរខ្លះប្រតិកម្មអាលែកហ្ស៊ីអាចកើតមានជុំវិញកន្លែងទិច។ ករណីធ្ងន់ធ្ងរមួយចំនួនទៀត អាចមានផលប៉ះពាល់ដល់ផ្នែកផ្សេងៗទៀតនៃរាងកាយ។ មនុស្សយើងអាចមានប្រតិកម្មទៅនឹងពិសឃ្មុំផ្សេងៗគ្នា ដោយអ្នកខ្លះមានចេញប្រតិកម្មតែនៅត្រង់កន្លែងទិចតែប៉ុណ្ណោះ។ ដូចនេះហើយ ជាការចាំបាច់ណាស់ដែលយើងត្រូវដឹងពីកម្រិតរោគសញ្ញាផ្សេងៗគ្នានៃប្រតិកម្មអាលែកហ្ស៊ីនេះ ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ ៤. រោគសញ្ញា កម្រិតស្រាល៖ មានមុតស្បែក ឡើងក្រហម ឈឺចាប់លើស្បែក និងមានហើមត្រង់កន្លែងទិចតិចតួច។ កម្រិតមធ្យម៖ […]