backup og meta

ថ្នាំលាបសក់អាច​ធ្វើឲ្យ​មាន​ប្រតិកម្មលើស្បែក និង​ស្បែកក្បាល?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ May 11, 2021

    ថ្នាំលាបសក់អាច​ធ្វើឲ្យ​មាន​ប្រតិកម្មលើស្បែក និង​ស្បែកក្បាល?

    ស្រីៗ​ដែល​ចូល​ចិត្ត​លាប​ថ្នាំ​សក់ មាន​ដឹង​អត់​ថា​ក្នុង​ថ្នាំ​លាប​សក់​មាន​ផ្ទុក​សារធាតុ​ផ្សុំ​​អាច​រំខាន​ដល់​ស្បែក និង​ធ្វើ​ឲ្យ​យើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​បាន​។ ដូច​នេះ​ហើយ​ជា​ការ​សំខាន់​ណាស់​ដែល​ស្រី​ៗ​យើង​ត្រូវ​ដឹង​ពី​ហានិភ័យ និង​វិធី​ត្រូវ​ដោះ​ស្រាយ​ពេល​មាន​បញ្ហា។

    ១. ហេតុ​អ្វី​មនុស្ស​ខ្លះ​មាន​ប្រតិកម្ម​នឹង​ថ្នាំ​លាប​សក់​?​

    មនុស្ស​មួយ​ចំនួន​ងាយ​នឹង​មាន​ប្រតិកម្ម​នៅ​លើ​ស្បែក​ណាស់។ នេះ​មាន​ន័យ​ថា​ស្បែក​របស់​អ្នក​ទាំង​នោះ​ឆាប់​ឡើង​ក្រហម ស្ងួត ឬ​មាន​រលាក ពេល​ប៉ះពាល់​ជាមួយ​នឹង​សារធាតុ​ណាមួយ​។

    សារ​ធាតុ​ទាំង​នោះ​អាច​មាន​ទាំង​សារធាតុ​បង្ក​ការ​រលាក​ដល់​ស្បែក ធ្វើ​ឲ្យ​ស្បែក​ខូច​ខាត ឬ​ពពួក​អាលែកហ្ស៊ែន ដែល​ភ្ញោច​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​កើត​ឡើង​លើ​ស្បែក​។ នៅ​ក្នុង​ថ្នាំ​លាប​សក់​មាន​សារធាតុគីមី​ម្យ៉ាង​ហៅ​ថា paraphenylenediamine (PPD) ដែល​ជា​សារធាតុ​អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ពេល​មនុស្ស​ខ្លះ​ប្រើ​​ថ្នាំ​លាប​សក់។

    ២. តើ​សារធាតុ​PPD មាន​សុវត្ថិភាព​ឬ​អត់?

    ថ្នាំ​លាប​សក់​មាន​ផ្ទុក​PPD គឺ​សុវត្ថិភាព​ក្នុង​ការ​ប្រើ​ប្រាស់ ដោយ​យើង​អនុវត្ត​តាម​ការ​ណែ​នាំ​ក្នុង​ការ​ប្រើ​ប្រាស់​។ ផលិត​ផល​ទាំង​នេះ ត្រូវ​បាន​ត្រួត​ពិនិត្យ​យ៉ាង​តឹង​រឹង និង​ក៏​មាន​ការ​កំណត់​បរិមាណ​ច្រើន​បំផុត​របស់​PPD នៅ​ក្នុង​ផលិត​ផល​ផង​ដែរ​។ ក្នុង​ករណី​យើង​ប្រើ​ប្រាស់​ថ្នាំ​លាប​សក់ ដោយ​មិន​អនុវត្ត​តាម​ការ​ណែនាំ​ពេល​លាប​សក់ យើង​អាច​នឹង​ប្រថុយ​នឹង​ប្រតិកម្ម​ធ្ងន់ធ្ងរ​។

    លាបថ្នាំសក់

    ​​​៣. សញ្ញា និង​រោគ​សញ្ញា​ប្រតិកម្ម​នឹង​ថ្នាំលាប​សក់​

    ប្រតិកម្ម​ទៅ​នឹង​សារធាតុ​PPD​ អាច​មាន​ពី​កម្រិត​រលាក​ស្រាល​នៅ​ស្បែក​ក្បាល ទៅ​ជា​ប្រតិកម្ម​អាលែកហ្ស៊ី ដែល​អាច​ភ្ញោច​ឲ្យ​មាន​រោគ​សញ្ញា​ប្រតិកម្ម​ធ្ងន់ធ្ងរ​ពេញ​ទាំង​រាង​កាយ​។

    ការ​រំខាន​កម្រិត​ស្រាល​

    បើសិនជា​​យើង​មាន​ផល​រំខាន​ពី​សារធាតុ​PPD យើង​នឹង​ឃើញ​ថា​ស្បែក​ក្បាល ក ថ្នាស ត្រចៀក និង​ត្របក​ភ្នែក នឹង​មាន​បញ្ហា​​ដូច​ជា​ទើស​ៗ និង​មាន​ការ​រលាក​បន្ទាប់ពី​ប្រើ​ថ្នាំ​លាប​សក់​។

    សម្រាប់​ស្បែក​ដែល​ប៉ះ​នឹង​សារធាតុ​PPD នឹង​ប្រែ​ជា​ក្រហម ហើម ឡើង​កន្ទួល ស្ងួត គ្រើម និង​ប្រេះ​។ ក្រៅ​ពី​នេះ យើង​ក៏​អាច​មាន​អារម្មណ៍​ថា​ស្បែក​ដូច​ជា​ក្ដៅផ្សា ផង​ដែរ​។

    រោគ​សញ្ញា​ទាំង​នេះ​ជា​ធម្មតា​អាច​កើត​មាន​ក្នុង​រង្វង់​៤៨​ម៉ោង តែ​បើ​ថ្នាំលាប​សក់​មាន​ផល​រំខាន​ខ្លាំង អាច​នឹង​ចេញ​ប្រតិកម្ម​លើ​ស្បែក​ភ្លាម​ៗ​ដែរ​។

    ប្រតិកម្ម​អាលែក​ហ្ស៊ី​

    ប្រសិន​បើ​យើង​​អាលែកហ្ស៊ី​នឹង​សារធាតុ​PPD នោះ​ស្បែក​ក្បាល និង​មុខ​របស់​យើង​អាច​នឹង​ចាប់ផ្ដើម​រមាស់ និង​ហើម ហើយ​ដងខ្លួន​យើង​វិញ​ក៏​អាច​ឡើង​រមាស់ និង​អាច​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន។ រោគ​សញ្ញា​ទាំង​នេះ អាច​ចេញ​​នៅ​មួយ​រយៈពេល​​ខ្លី បន្ទាប់​ពី​ប៉ះពាល់ ខណៈ​ប្រតិកម្ម​កម្រិត​ធ្ងន់ធ្ងរ​មួយ​ទៀត អាច​នឹង​ចេញ​តែ​ប៉ុន្មាន​នាទី​ក្រោយ​ប៉ះពាល់​ប៉ុណ្ណោះ​។

    រោគសញ្ញា​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរទាំង​នោះ​រួម​មាន៖

    • ​រមាស់​ស្បែក
    • ហើម​ភ្នែក បបូរមាត់ ដៃ និង​ជើង ហើយ​ត្របក​ភ្នែក​វិញ​អាច​ហើម​ខ្លាំង
    • មាន​អារម្មណ៍​ធេងធោង ឬ​សន្លប់​
    • ហើម​មាត់ បំពង់ក និង​អណ្ដាត ដែល​ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម
    • ក្អួត​ ឬ​ចង្អោរ
    • បាត់បង់​ស្មារតី ឬ​ដួល​សន្លប់

    ៤. ដោះ​ស្រាយ​បែប​ណា?

    ​បើ​យើង​ឃើញ​មាន​ចេញ​រោគ​សញ្ញា​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់​ធ្ងរ ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់។ ប៉ុន្តែ​បើ​យើង​ច្បាស់​ថា​បញ្ហា​កើត​មាន​ក្រោយ​លាប​ថ្នាំ​សក់​មិន​ធ្ងន់ធ្ងរ គ្រាន់តែ​មាន​ការ​រំខាន យើង​អាច​កក់​សក់​ជាមួយ​សាប៊ូ​ដើម្បី​ជម្រះ​ថ្នាំ​សក់​ដែល​នៅ​សេស​សល់​ចេញ។ មួយ​វិញ​ទៀត​ចំពោះ​បញ្ហា​លើ​​ស្បែក យើង​អាច​ប្រើ​ក្រែម​លាប​ស្បែក​​មួយ​ចំនួន​ដើម្បី​លាប​បំបាត់​រោគ​សញ្ញា​បាន។ ក្រែម​ទាំង​នោះ យើង​អាច​សាក​សួរ​ឱសថការី ឬ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​បន្ថែម និង​ចេញ​វេជ្ជបញ្ជា​សម្រាប់​ក្រែម​ដែល​ត្រូវ​ប្រើ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ May 11, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម