កន្លងមកយើងត្រឹមតែដឹងជក់បារីបង្កផលប៉ះពាល់ចំពោះសុខភាពច្រើនមុខណាស់ ក្នុងនោះមាន ប្រព័ន្ធសរសៃប្រសាទ ប្រព័ន្ធដកដង្ហើម សរសៃឈាមបេះដូង រំលាយអាហារ មានបញ្ហាស្បែក សក់ និងក្រចកជាដើម។ ប៉ុន្តែចាប់ពីចុងឆ្នាំ ២០១៩ នេះទៅ ក្រសួងសុខាភិបាលនឹងចាប់ផាកពិន័យជាថវិកា ចំពោះអ្នកជក់បារីនៅតាមទីសាធារណៈ។
លោកស្រីវេជ្ជបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាល បានបញ្ជាក់ ក្នុងទិវាពិភពលោកគ្មានផ្សែងបារី ក្រោមប្រធានបទ ថ្នាំជក់ និងសុខភាពសួត កាលពីព្រឹកថ្ងៃទី៣០ ឧសភា ២០១៩ថា ការអនុវត្តនេះ នឹងចាប់ពីខែធ្នូ ឆ្នាំ២០១៩តទៅ ដោយមានក្រុមអធិការកិច្ច ក្រសួងចំនួន ៤៩០ នាក់ នៅទូទាំងប្រទេស នឹងចុះផាកពិន័យជាថវិកា។
បារីមិនត្រឹមតែមានផលប៉ះពាល់ចំពោះអ្នកជក់ប៉ុណ្ណោះទេ អ្នកស្រូបផ្សែងបារីពីគេក៏គ្រោះថ្នាក់ដែរ គ្រាន់តែភាគរយតិចជាងអ្នកជក់ប៉ុណ្ណោះ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាព។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ក្នុង ១ ឆ្នាំ មានពលរដ្ឋកម្ពុជាប្រមាណ ១ ម៉ឺននាក់បានស្លាប់ដោយការជក់បារី។ អ្នកប្រើប្រាស់ថ្នាំជក់ ជក់បារី ឬស្រូបផ្សែងបារីដោយប្រយោល បណ្តាលឲ្យកើតជំងឺកាចសាហាវមួយចំនួន ដូចជា ៖
– កើតជំងឺសរសៃឈាមបេះដូង
– កើតមហារីកមាត់ធ្មេញ
– ដាច់សរសៃឈាមខួរក្បាល
– កើតមហារីកសួត
– មហារីកបំពង់ក ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]