នៅពេលញ៉ាំអាហារអ្វីមួយមិនបានប្រយ័ត្ននឹងប្រឈមការស្លាក់ជាប់នៅបំពង់ក មិនថា ចាស់ ឬក្មេងនោះទេ។ ភាគច្រើនរាល់ពេលដែលជួបបញ្ហានេះ មិនសូវមានអ្នកដឹងថា គួរជួយអ្នកឆ្លាក់តាមរបៀបណាទេ តែកុំបារម្ភ លើកក្រោយបើជួបអ្នកស្លាក់ ធ្វើតាមការណែនាំខាងក្រោយអាចជួយជីវិតបាន។
ទាក់ទងនឹងវិធីជួយសង្គ្រោះ លោកវេជ្ជបណ្ឌិត ចាន់ រស្មី បានឲ្យដឹងថា ការស្លាក់អាហារកើតឡើងនៅពេលដែលញ៉ាំអាហារមិនចេះប្រយ័ត្ន ជាពិសេសអាហារដែលមានគ្រាប់ដូចជាផ្លែឈើជាដើម ហើយបើមិនចេះជួយភ្លាមៗទេ វាអាចបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិត។ ករណីស្លាក់អាហារភាគច្រើនក្មេងតូចៗ កើតឡើងញឹកញាប់ជាងមនុស្សធំធម្មតា។ ដើម្បីជួយសង្គ្រោះក្មេងៗ ឬអ្នកដែលកំពុងស្លាក់ចំណីអាហារចូលបំពង់ខ្យល់ គឺមានវិធីច្រើនទៅតាមអាយុរបស់អ្នករងគ្រោះ៖
១- ចំពោះទារក និងក្មេងៗ
– ត្រូវដាក់ក្មេងឲ្យគេងផ្កាប់មុខ ម្រាមដៃឆ្វេងរបស់អ្នកសង្គ្រោះដាក់ចូលមាត់ក្មេង ហើយដៃស្ដាំគោះខ្នងក្មេង ៥ដង បើនៅតែមិនចេញត្រូវប្រើវិធីមួយទៀត។
– ត្រូវដាក់ក្មេងឲ្យគេងផ្ងារ រួចអ្នកសង្គ្រោះយកម្រាម ២នៃដៃស្ដាំសង្កត់លើចុងដង្ហើមក្មេងចំនួន ៥ដងដែរ។
២- ចំពោះមនុស្សធំ
– អ្នកជំងឺឱនមុខចុះ អ្នកសង្គ្រោះនៅពីក្រោយ ហើយទះខ្នង៥ដង បើនៅតែមិនចេញត្រូវប្រើវិធីទីពី។
– អ្នកជំងឺឱនមុខចុះ អ្នកសង្គ្រោះនៅពីក្រោយ ប្រើដៃទាំងពីរ អោបរឹតចុងដង្ហើមអ្នកជំងឺ៥ដងដែរ។
សូមបញ្ជាក់ថា ក្នុងករណីដែលស្ត្រីពពោះ ឬទារកមានបញ្ហាស្លាក់អាហារ គឺមិនត្រូវគក់ខ្លាំងៗ ឬអោបរឹតពោះដើម្បីឲ្យធ្លាក់អាហារចេញមកក្រៅទេ ព្រោះបើធ្វើបែបនេះអាចបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរកើតឡើងទៅវិញទេ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ប្រសិនបើសាកល្បងវិធីទាំងនេះហើយ អ្នកជំងឺនៅតែមិនទាន់ធូរស្បើយ ត្រូវស្វះស្វែងរកការសង្គ្រោះបន្ទាន់ភ្លាមៗ ដោយការហៅឡានពេទ្យសង្គ្រោះបន្ទាប់ ឬត្រូវបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យ បើមិនដូច្នោះទេ អាចមានគ្រោះថ្នាក់ដល់ជីវិត។
[embed-health-tool-bmi]