អាការៈឈាមច្រមុះអាចកើតមាននៅពេលសរសៃឈាមតូចក្នុងច្រមុះស្ងួតដោយការញើសសម្បោរ ឬឆ្កឹះច្រមុះញឹកញាប់ ឬនៅពេលច្រមុះប៉ះទង្គិចនឹងអ្វីមួយ។ ជាទូទៅយូរៗឈាមច្រមុះម្ដងគឺមិនបង្កគ្រោះថ្នាក់អ្វីទេ ប៉ុន្តែប្រសិនជាគ្នាយើងឈាមច្រមុះញឹកញាប់ ឬក្រោយពីរងរបួស យកល្អគួរទៅពិគ្រោះជាមួយគ្រូពេទ្យ។
សម្រាប់គ្នាយើងដែលមានអាការៈឈាមច្រមុះដោយមិនមានបញ្ហាសុខភាពផ្សេងទៀតអាចអនុវត្តប៉ុន្មានវិធីនេះដើម្បីបញ្ឈប់អាការៈឈាមច្រមុះបាន។
១. អង្គុយត្រង់ខ្លួន និងឱនទៅមុខ
នៅពេលឈាមច្រមុះ យើងតែងចង់ផ្តេកខ្លួនទៅក្រោយដើម្បីកុំឲ្យឈាមហូរចេញមក។ ប៉ុន្តែជម្រើសដែលល្អគឺការអង្គុយត្រង់ខ្លួន និងឱនមកមុខបន្តិច។ នេះអាចបង្ការមិនឲ្យឈាមហូរទៅក្នុងបំពង់កដែលអាចបណ្ដាលឲ្យឈ្លក់ ឬក្អួត។ បន្ថែមពីនេះទៀត យើងគួរដកដង្ហើមតាមមាត់វិញ។
២. កុំប្រើអ្វីមកខ្ទប់ច្រមុះ
គ្នាយើងមួយចំនួនអាចនឹងប្រើសំឡី ឬក្រដាសជូតមាត់ចុកក្នុងរន្ធច្រមុះដើម្បីបញ្ឈប់ការហូរឈាម។ ការធ្វើបែបនេះអាចធ្វើឲ្យអាការៈឈាមច្រមុះកាន់តែធ្ងន់ធ្ងរព្រោះនេះអាចបង្កឲ្យមានការរលាកសរសៃឈាមជាងមុន និងមិនផ្តល់សម្ពាធគ្រប់គ្រាន់ក្នុងបញ្ឈប់ការហូរឈាមទេ។ យកល្អយើងគួរយកក្រដាសជូតមាត់ ឬកន្សែងសើមដាក់ក្រោមច្រមុះដើម្បីត្រងឈាមវិញ។
៣. ច្របាច់ច្រមុះ
ការច្របាច់ច្រមុះដែលបិទរន្ធច្រមុះរយៈពេល១០នាទីអាចជួយសង្កត់សរសៃឈាម។ បន្ទាប់ពីច្របាច់ច្រមុះ១០នាទីហើយ យើងអាចច្របាច់បន្ថែម១០នាទីទៀត។ ប្រសិនជាអាការៈឈាមច្រមុះមិនឈប់ក្រោយធ្វើបែបនេះរយៈពេល៣០នាទី ឬយើងមានឈាមច្រើន យកល្អគួរទៅជួបគ្រូពេទ្យជាបន្ទាន់។
៤. បញ្ចុះសីតុណ្ហភាពរាងកាយ
ការបញ្ចុះសីតុណ្ហភាពរាងកាយអាចជួយកាត់បន្ថយលំហូរឈាមទៅកាន់ច្រមុះ។ យើងអាចបៀមទឹកកកក្នុងមាត់។ ការធ្វើបែបនេះអាចជួយបញ្ចុះសីតុណ្ហភាពក្នុងរាងកាយបានលឿនជាងការស្អំទឹកកកទៅលើច្រមុះ។
៥. សម្រាក
ក្រោយពីលែងមានឈាមហូរទៀត យើងអាចសម្អាតជុំវិញច្រមុះដោយប្រើទឹកក្ដៅឧណ្ហៗ។ បន្ទាប់ពីសម្អាតហើយ យើងអាចសម្រាកមួយសន្ទុះ។ ការសម្រាកអាចបង្ការមិនឲ្យមានឈាមហូរទៀត។
[embed-health-tool-bmi]