យើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា ការប្រើបង់បិទរបួស មានអត្ថប្រយោជន៍យ៉ាងខ្លាំង នៅពេលដែលយើងមានរបួសតូចតាច ពីព្រោះវាមិនត្រឹមតែអាចឃាត់ឈាមបាននោះទេ វាថែមទាំងអាចជួយឲ្យមុខរបួសស្អាត និងមានអនាម័យផងដែរ។ ប៉ុន្តែ គ្នាយើងភាគច្រើនជឿថា ការទុកមុខរបួសឲ្យនៅចំហ និងត្រូវខ្យល់ គឺអាចជួយឲ្យវាឆាប់ជាសះស្បើយជាង។ ដូច្នេះ តើជំនឿមួយណាដែលត្រឹមត្រូវ?
ពិតណាស់ មានចំណុចជាច្រើន ដើម្បីឲ្យយើងធ្វើការពិចារណា ថាតើយើងគួរប្រើបង់បិទរបួស ឬចំហឲ្យត្រូវខ្យល់។
១. ហេតុអ្វីយើងត្រូវចំហមុខរបួសឲ្យត្រូវខ្យល់?
យើងតែងតែជឿថា ការទុកមុខរបួសចំហ នឹងធ្វើឲ្យវាអាចដកដង្ហើមបាន និងឆាប់ជាសះស្បើយ។ ប៉ុន្តែ ការទុកឲ្យមុខរបួសឲ្យមានសំណើម គឺមានអត្ថប្រយោជន៍ច្រើនជាង។ យ៉ាងណាមិញ ប្រសិនបើយើងមានស្នាមមុតតិចតួចដែលមិនកកិតជាមួយនឹងសំលៀកបំពាក់ ឬមិនកខ្វក់ទនោះ យើងមិនចាំបាច់ប្រើបង់បិទរបួសក៏បាន។ ម្យ៉ាងវិញទៀត នៅពេលដែលមុខរបួសជិតជាសះស្បើយ និងឡើងក្រមរ យើងក៏អាចចំហវាចោលបានដែរ។
ទោះជាយ៉ាងនេះក្ដី ការទុកឲ្យមុខរបួសចំហ ក៏មានគុណវិបត្តិដូចគ្នា។ នៅពេលដែលយើងចំហមុខរបួស វាអាចប៉ះពាល់ទៅនឹងធូលី និងបាក់តេរីផ្សេងៗ។ សូម្បីតែស្នាមមុត ឬរលាត់ស្បែកតិចតួច ក៏អាចឆ្លងមេរោគ និងភាពកខ្វក់។ ជាមួយគ្នានេះដែរ នៅពេលដែលមុខរបួសចំហ វាអាចមានហានិភ័យនៃការប៉ះទង្គិច កកិត ឬរលាត់ថែម។ កត្តាទាំងនេះអាចរាំងស្ទះដល់ដំណើរការជាសះស្បើយ និងធ្វើឲ្យរបួសចាប់ផ្ដើមចេញឈាម ឬធ្វើឲ្យក្រមរជ្រុះចេញមុនពេលកំណត់។
២. ហេតុអីយើងគួរបិទរបួសឲ្យជិត?
ពិតណាស់ ការប្រើបង់បិទរបួសមានអត្ថប្រយោជន៍ច្រើនជាង ពីព្រោះមុខរបួសអាចជាសះស្បើយប្រសើរជាងនៅពេលត្រូវសំណើម ហើយការបិទរបួសដោយប្រើបង់បិទរបួស អាចជួយឲ្យបរិវេណនោះមានសំណើមតិចតួច។ បន្ថែមពីនេះ ការប្រើប្រាស់ក្រែម ឬថ្នាំសម្លាប់មេរោគក៏អាចជួយការពារមុខរបួសពីការស្ងួតខ្លាំង។
ប្រសិនបើយើងប្រើបង់បិទរបួស យើងគប្បីផ្លាស់ប្ដូរវាឲ្យបានញឹកញាប់ និងពិនិត្យមើលមុខរបួសថាតើវានៅស្អាតល្អ និងកំពុងតែជាសះស្បើយឬយ៉ាងណា។ លើសពីនេះ យើងក៏អាចលាបថ្នាំសម្លាប់មេរោគ ឬថ្នាំរបួស ដើម្បីឲ្យមុខរបួសមានសំណើម និងការពារពីមេរោគផ្សេងៗ។
៣. យើងគួរប្រើបង់បិទរបួសបែបណា?
ការបិទរបួសឲ្យជិត អាចការពារពីការឆ្លងមេរោគ ធ្វើឲ្យបរិវេណនោះមានសំណើម ក៏ដូចជាឆាប់ជាសះស្បើយ និងការពាររបួសពីការប៉ះទង្គិច ឬដាច់រលាត់ផ្សេងៗ។ ខ្យល់ក៏អាចជួយឲ្យរបួសឆាប់ជាសះស្បើយផងដែរ ដូច្នេះហើយ យើងគួរជ្រើសរើសបង់បិទរបួសណាដែលអាចឲ្យខ្យល់ចេញចូលបាន ទើបជាការប្រសើរ។
នៅពេលដែលយើងមានរបួសតិចតួច ចូរលាងសម្អាតជាមួយនឹងទឹកស្អាត ឬក្រដាសជូតសម្លាប់មេរោគ ដើម្បីកម្ចាត់ចោលកម្ទេចកំទី ឬបាក់តេរីផ្សេង ក៏ដូចជាសម្អាតឈាមចេញ។ បន្ថែមពីនេះ យើងក៏អាចប្រើក្រែម ឬស្រ្ពៃយ៍សម្លាប់មេរោគ ដើម្បីការពារពីការឆ្លងមេរោគ និងធ្វើឲ្យមុខរបួសមានសំណើម។ ចុងក្រោយ ចូរបិទបង់បិទរបួសដើម្បីរក្សាអនាម័យនៅត្រង់បរិវេណនោះ។
[embed-health-tool-bmi]