ទោះបីជាម៉ាក់ៗកំពុងពពោះក៏ដោយ ក៏ពេទ្យជំនាញណែនាំឲ្យហាត់ប្រាណដើម្បីថែទាំសុខភាពដែរ ព្រោះការហាត់ប្រាណល្អសម្រាប់មនុស្សគ្រប់រូប។ ប៉ុន្តែមានការលើកឡើងមួយថា ម៉ាក់ហាត់ប្រាណអំឡុងពេលពពោះ មិនត្រឹមតែល្អចំពោះសុខភាពម៉ាក់ទេ តែក៏អាចបង្ការកូនមិនឲ្យកើតជំងឺធាត់ក្រោយពេលសម្រាលរួចបានផងដែរ។ ការលើកឡើងនេះ ពិតឬយ៉ាងណា?
ចំពោះការលើកឡើងនេះ លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បានបកស្រាយឲ្យដឹងថា ការដែលគិតថា ហាត់ប្រាណអំឡុងពេលពពោះ អាចជួយមិនឲ្យកូនប្រឈមនឹងជំងឺធាត់ គឺមិនអាចសន្និដ្ឋានបានទាំងស្រុងថាវាអាចជួយបង្ការជំងឺធាត់ដល់កូនបាន ឬអត់ទេ។ ស្ត្រីពពោះគ្រប់រូប គឺត្រូវបានជំរុញឲ្យហាត់ប្រាណ ដោយសារវាអាចជួយឲ្យម៉ាក់ៗមានសុខភាពល្អ យឺតសរសៃ ហើយអាចភាពងាយស្រួលនៅពេលសម្រាលកូន។
“គ្រាន់តែម៉ាក់ៗហាត់ប្រាណអំឡុងពេលពពោះ មិនអាចបញ្ជាក់ថា កូនកើតមកមិនអាចធាត់ ឬកូនកើតមកស្គមបានតែម្ដងទេ។ ស្ត្រីពពោះភាគច្រើន ញ៉ាំរបស់ប៉ូវណាស់ព្រោះខ្លាចកូនទទួលបានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ ដូច្នេះបើម៉ាក់ៗហាត់ប្រាណ កូនកើតមកក៏អាចថ្លោសលើសទម្ងន់បានដែរ”។
ក្នុងករណីខ្លះ កូនកើតមកស្គម មិនមែនដោយសារការហាត់ប្រាណរបស់ម្ដាយពេលពពោះទេ ប៉ុន្តែអាចមកពីកូននោះទទួលបានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ទៅវិញទេ។ បើទាក់ទងនឹងកូនកើតមកធាត់នោះ ពេលខ្លះបណ្ដាលមកពីហ្សែនក៏ថាបាន ព្រោះបើម៉ាក់ប៉ាមានមាឌធំៗ កូនមិនអាចកើតមកតូចបានទេ។
វេជ្ជបណ្ឌិតផ្នែកសម្ភពបានបញ្ជាក់ថា ក្នុងករណីដែលស្ត្រីហាត់ប្រាណទៀងទាត់មុនពេលពពោះ គឺម៉ាក់ៗកម្រនឹងឡើងលើសគីឡូណាស់ និងអាចរក្សាលំនឹងគីឡូបានល្អដែរ ហើយចំពោះកូនវិញ ទម្ងន់ត្រូវស្តង់ដារកម្រនឹងកូនលើសទម្ងន់ណាស់។ មិនតែប៉ុណ្ណោះ បើម៉ាក់ៗបន្តហាត់ប្រាណតាមនៅពេលពពោះ នឹងទទួលបានប្រយោជន៍ច្រើនដូចជា៖
– កាត់បន្ថយជាតិស្ករ
– បញ្ចុះជាតិខ្លាញ់
– កាត់បន្ថយការឈឺខ្នង
– ជួយសម្រួលការទល់លាមក។ល។
[embed-health-tool-due-date]