backup og meta

ទំពាំង​បារាំង​សម្បូររ៉ែ និងវីតាមីន ស្រ្តីពពោះ និងកូនក្នុង​ផ្ទៃត្រូវការ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 05, 2021

    ទំពាំង​បារាំង​សម្បូររ៉ែ និងវីតាមីន ស្រ្តីពពោះ និងកូនក្នុង​ផ្ទៃត្រូវការ

    អំឡុង​ពេល​ពពោះ​ ស្ត្រី​ៗ​យើង​តែងតែ​ត្រូវការ​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ ដើម្បី​ទ្រទ្រង់​សុខភាព​ទាំង​ម្ដាយ​ និង​ទារក​។​ ពិត​ណាស់​ បន្លែ​ និង​ផ្លែឈើ​មាន​គុណប្រយោជន៍​ជា​ច្រើន​ដល់​ម៉ាក់ៗ​ ជាមួយ​នឹង​វីតាមីន​ដ៏​សម្បូរ​បែប​។​ យ៉ាង​ណា​មិញ​ បន្លែ​ និង​ផ្លែ​ឈើ​មួយ​ចំនួន​ក៏​​អាច​មាន​ផល​ប៉ះពាល់​​នៅ​អំឡុង​ពេល​នេះ​ដែរ​ ដូច្នេះ​ហើយ​ម៉ាក់​ៗ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​។​ ​ចំពោះ​ទំពាំង​បារាំង ​គឺ​​មាន​សុវត្ថិភាព​១០០%​​ទាំង​នៅ​អំឡុង​ពេល​មាន​គភ៌​ និង​បំបៅ​ដោះ​កូន​។

    ​​​អត្ថប្រយោជន៍​សុខភាព​អំឡុង​ពេល​ពពោះ​

    ពិត​ណាស់​ ទំពាំង​បារាំង​គឺ​ជា​បន្លែ​ជំនួយ​ដល់​សុខភាព​ ដែល​ផ្ទុក​ទៅ​ដោយ​វីតាមីន​ជា​ច្រើន​ ប៉ុន្តែ​វា​​ស្ទើរ​តែ​​ពុំ​មាន​ជាតិ​ខ្លាញ់​ ឬ​កាឡូរី​​ឡើយ​ ជា​ពិសេស​​ សារធាតុ​ចិញ្ចឹម​ដែល​មាន​នៅ​ក្នុង​ទំពាំង​បារាំង​គឺ​ល្អ​ខ្លាំង​សម្រាប់​ទារក​​ក្នុង​ផ្ទៃ​ដែល​កំពុង​តែ​លូតលាស់។​

    ១. វីតាមីន​K

    វីតាមីន​នេះ​មាន​សារសំខាន់​ទាំង​ចំពោះ​ម្ដាយ​ និង​ទារក​នៅ​អំឡុង​ពេល​ពពោះ​។​ វា​​អាច​ជួយ​បញ្ចៀស​ធ្លាក់​ឈាម​ខ្លាំង​ អំឡុង​ពេល​សម្រាល។​ ទំពាំង​បារាំង​ជា​ប្រភព​នៃ​វីតាមីន​K ប៉ុន្តែ​វា​មិន​អាច​កកើត​ ឬ​នៅ​ក្នុង​រាងកាយ​របស់​យើង​រយៈពេល​យូរ​នោះ​ទេ​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​ញ៉ាំ​វា​ជា​រៀងរាល់​ថ្ងៃ​ទើប​ជា​ការ​ប្រសើរ​។

    ២. ហ្វូឡេត

    ជាមួយ​គ្នា​នេះ​ដែរ​ ហ្វូឡេត​ គឺ​មាន​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​អំឡុង​ពេល​មាន​គភ៌​។​ វា​មាន​គុណប្រយោជន៍​ជួយ​ដល់​ការវិវត្ត​បំពង់​សរសៃ​ប្រសាទ​របស់​ទារក​ (baby’s neural tube)។​ ​ការ​ញ៉ាំ​ហ្វូឡេត​ដែល​មាន​នៅ​ក្នុង​អាហារ​គ្រប់គ្រាន់​ ជា​ពិសេស នៅ​អំឡុង​ពេល​ទើប​ពពោះ​ វា​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​​ជំងឺ​បំពង់​សរសៃ​ប្រសាទ (neural tube disorder) ដូចជា​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ខួរ​ឆ្អឹង​ខ្នង​ (spina bifida) ជាដើម។​ គ្រាន់​តែ​ទំពោះ​បារាំង​​ប្រហែល​១១០​ក្រាម​​​ប៉ុណ្ណោះ​ក៏​មាន​ផ្ទុក​ហ្វូឡេត​១៣៤​មីក្រូក្រាម​ ឬ​ប្រហែល​៣៤​ភាគរយ​នៃ​តម្លៃ​ដែល​បាន​ណែនាំ​ប្រចាំ​ថ្ងៃ​។

    ៣. កាល់ស្យូម​

    បន្ថែម​ពី​នេះ​ ទំពាំង​បារាំង​ប្រហែល​១១០​ក្រាម​​ក៏​មាន​ផ្ទុក​ប្រភព​កាល់ស្យូម​ច្រើន​ជាង​២០​មិល្លីក្រាម​​ផង​ដែរ​។​ ទោះ​បី​ជា​វា​មិន​សូវ​ច្រើន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​មាន​គុណ​តម្លៃ​ចូលរួម​​ជួយ​ដល់​​ឆ្អឹង​ទារក​ឲ្យ​មាន​សុខភាព​ល្អ​ និង​រឹងមាំ​។

    ៤. ជាតិ​សរសៃ​

    ទំពាំង​​បារាំង​ក៏​ជា​ប្រភព​នៃ​ជាតិ​សរសៃ​រលាយ​ផង​ដែរ​ ដែល​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់​​​​ជា​ទៀងទាត់​។​ ដោយ​សារ​តែ​បញ្ហា​ទល់​លាមក​គឺ​ច្រើន​តែ​កើត​មាន​អំឡុង​ពេល​មាន​គភ៌ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​អាច​បន្ថែម​ទំពាំង​បារាំង​ទៅ​ក្នុង​របប​អាហារ​ដើម្បី​ជៀសវាង​បញ្ហា​មួយ​នេះ​។

    ទំពាំងបារាំង២

    ផល​ប៉ះពាល់​នៃ​ការ​ញ៉ាំ​ទំពាំង​បារាំង​លើស​កម្រិត​

    ជាក់​ស្ដែង​ ទោះ​បី​ជា​យើង​ញ៉ាំ​ទំពាំង​បារាំង​ច្រើន​​​ ក៏​វា​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដែរ​។​ ប៉ុន្តែ​ ប្រសិនបើ​ម៉ាក់ៗ​កំពុង​តែ​ជួប​ប្រទះ​បញ្ហា​ហ្គាសក្នុង​ពោះ​​អំឡុង​ពេល​ពពោះ​ ​ទំពាំង​បារាំង​មិន​មែន​ជា​ជម្រើស​ល្អ​ឡើយ​ ពីព្រោះ​វា​មាន​ជាតិ​សរសៃ​ច្រើន​ ដែល​អាច​​ធ្វើ​ឲ្យ​យើង​មាន​ហ្គាស​កាន់​តែ​ច្រើន​។ ម្យ៉ាង​វិញ​ទៀត​ ទំពាំង​បារាំង​ក៏​អាច​​បណ្ដាល​ឲ្យ​ទឹក​នោម​មាន​ក្លិន​ខ្លាំង​​​។ ប្រសិនបើ​ម៉ាក់​ៗ​​​មាន​អាការៈ​ចង់​ក្អួត​ដោយ​សារ​តែ​អ័រម៉ូន​ពពោះ​ ចូរ​ជៀសវាង​បន្លែ​មួយ​ប្រភេទ​នេះ ​រហូត​ដល់​ម៉ាក់​ៗ​អាច​ទប់ទល់​នឹង​ក្លិន​ខ្លាំង​បាន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 05, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម