backup og meta

តិចនិក​​ងាយ​ៗ​ថែទាំ​សុដន់ឲ្យនៅស្អាត​ អំឡុង​ពេល​ពពោះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 12, 2021

    តិចនិក​​ងាយ​ៗ​ថែទាំ​សុដន់ឲ្យនៅស្អាត​ អំឡុង​ពេល​ពពោះ

    ការ​ប្រែប្រួល​នៃ​សុដន់​ អំឡុង​ពេល​មាន​គភ៌​​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ហើយ​វា​​អាច​​បន្ត​រហូត​ដល់​ពេល​សម្រាល​ និង​លើស​ពី​នេះ​។​ ការ​ប្រែប្រួល​អ័រម៉ូន​ ការ​កើន​ឡើង​នៃ​លំហូរ​ឈាម​ និង​ការ​ផលិត​ទឹក​ដោះ​ដំបូង​ អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ និង​មិន​ស្រួល​នៃ​សុដន់​។ ដូច្នេះ​ហើយ​ ស្រីៗ​យើង​គប្បី​ថែទាំ​សុដន់​​ឲ្យ​បាន​ល្អ​នៅ​អំឡុង​ពេល​នេះ​។

    តិចនិក​ថែទាំ​សុដន់​អំឡុង​ពេល​មាន​គភ៌

    ​​សុដន់​ចាប់ផ្ដើម​ស្ទះ​ និង​​ងាយ​រង​ការ​ឈឺ​ចាប់​នៅ​អំឡុង​ពេល​ពពោះ​។​ រី​ឯ​ចុង​សុដន់​ក៏​ក្លាយ​ទៅ​ជា​ស្ងួត​ និង​មាន​ពណ៌​ ក៏​ដូចជា​ប្រេះ​ផង​ដែរ។​ យ៉ាង​ណា​មិញ​ ​ស្រីៗ​យើង​អាច​អនុវត្ត​តិចនិក​ខាង​ក្រោម​នេះ ​ដើម្បី​ថែទាំ​សុដន់​​ឲ្យ​បាន​ល្អ​នៅ​អំឡុង​ពេល​មាន​គភ៌​ និង​ក្រោយ​សម្រាល​កូន​រួច​។

    ​​​១. ម៉ាស្សា​សុដន់​

    ការ​ម៉ាស្សា​សុដន់​អាច​ជួយ​បញ្ចៀស​​ការ​ស្ទះ​បំពង់​ទឹក​ដោះ​ ​ស្នាម​សង្វារ​ និង​ប្រេះ​ចុង​សុដន់​។ ចូរ​លាប​​ក្រែម​ផ្ដល់​សំណើម​ ឬ​ប្រេង​អូលីវ ហើយ​ត្រដុស​ជុំវិញ​ចុង​សុដន់​​ជា​រាង​រង្វង់​ ​ដោយ​​ប្រើ​ចុង​ម្រាម​ដៃ​។​ ជាមួយ​គ្នា​នេះ​ដែរ​ យើង​ត្រូវ​ទាញ​ចុង​សុដន់​​​ទៅ​ផ្នែក​​ខាង​ក្រៅ​ថ្នម​ៗ​ និង​បន្ត​ធ្វើ​ដូច​នេះ​រយៈពេល​ប្រហែល​៥នាទី។​ ពិត​ណាស់​ ការ​ម៉ាស្សា​ដ៏​ល្អ​នឹង​អាច​ជួយ​ជំរុញ​ដល់​ការ​ផ្គត់ផ្គង់​ទឹក​ដោះ​បន្ទាប់​ពី​សម្រាល​ និង​បំបៅ​ ជួយ​ឲ្យ​សុដន់​ទន់​ល្អ​ ​​ក៏​ដូចជា​បង្កើន​លំហូរ​ទឹក​ដោះ​។​ យ៉ាង​ណា​មិញ​ ស្រីៗ​យើង​មិន​គួរ​ដាក់​សម្ពាធ​ខ្លាំង​នៅ​លើ​សុដន់​ឡើយ​ និង​បញ្ឈប់​ការ​ម៉ាស្សា​ភ្លាម​ៗ​ប្រសិនបើ​មាន​យើង​មាន​ការ​ឈឺ​ចាប់​ ក៏​ដូចជា​មិន​ត្រូវ​ម៉ាស្សា​ហួស​កម្រិត​នៅ​ចុង​សុដន់​ នៅ​ពេល​ដែល​យើង​ជិត​សម្រាល​កូន​ឡើយ​។

    ២. បញ្ចេញ​សកម្មភាព​រាងកាយ​

    ​ជាមួយ​គ្នា​នេះ​ដែរ​ ស្រីៗ​យើង​គប្បី​ធ្វើ​លំហាត់​ប្រាណ​ និង​ញ៉ាំ​អាហារ​សុខភាព​​ជា​ប្រចាំ​។​ ពិត​ណាស់​ សកម្មភាព​ពន់ពែន​ខ្លួន​ស្រាលៗ​អាច​ជួយ​បន្ថយ​ភាព​តានតឹង​ផ្នែក​ខាង​លើ​នៃ​រាងកាយ​។​ ​ការ​ពន់​ពែន​ដៃ​ក៏​អាច​ជួយ​​ផ្ដល់​កម្លាំង​ដល់​សាច់ដុំ​សុដន់​ ព្រម​ទាំង​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​នៃ​សុដន់​ថែម​ទៀត​ផង​។ ប៉ុន្តែ​ ម៉ាក់​ៗ​មិន​គួរ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​លើស​កម្រិត​នោះ​ទេ​។

    ៣. ប្រើប្រាស់​អាវ​ទ្រនាប់​សម្រាប់​ស្ត្រី​ពពោះ​​

    ​អាវ​ទ្រនាប់​សម្រាប់​ស្ត្រី​ពពោះ​​ដែល​មាន​ផាសុកភាព​ ​គឺ​​ធ្វើ​ពី​កប្បាស​ ​ពីព្រោះ​វា​អាច​ជួយ​ដល់​ការ​យឺត​នៃ​សុដន់​​នៅ​អំឡុង​ពេល​ពពោះ​បាន​ល្អ។​ បន្ថែម​ពី​នេះ​ អាវ​ទ្រនាប់​កីឡា​ក៏​មាន​ផាសុកភាព​ដូច​គ្នា ដោយ​ជួយ​ឲ្យ​សាច់ដុំ​ខាង​ក្រោម​សុដន់​មាន​ភាព​រឹងមាំ​ ព្រម​ទាំង​​​កាត់បន្ថយ​ការ​ឈឺចាប់​ និង​បញ្ចៀស​ការ​យារ​ធ្លាក់​ផង​ដែរ​។

    ថែទាំសុដន់២

    ​​​​​​​៤. រក្សា​​អនាម័យ​ល្អ​

    ​​សុដន់​របស់​យើង​អាច​លេច​ចេញ​ទឹក​ដោះ​ដំបូង​តិច​តួច​នៅ​អំឡុង​ពេល​ពពោះ​។​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​អាច​ប្រើប្រាស់​កំណាត់​ដែល​ធ្វើ​ពី​កប្បាស​ ឬ​បន្ទះ​ប្រើប្រាស់​សម្រាប់​​បំបៅ​ដោះ  ដើម្បី​បឺត​យក​ជាតិ​ទឹក​។​ ម្យ៉ាង​វិញ​ទៀត​ ស្រីៗ​យើង​ក៏​អាច​ប្រើប្រាស់​កំណាត់​ស្អាត​​ដែល​ជ្រលក់​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​មក​ជូត​​សម្អាត​សុដន់​​ថ្នម​ៗ​​។ ប៉ុន្តែ​ យើង​មិន​ត្រូវ​ប្រើប្រាស់​សាប៊ូ​ដុំ​ ឬ​សាប៊ូ​ដែល​មាន​ជាតិ​អាកុល​ឡើយ​ ពីព្រោះ​វា​អាច​បណ្ដាល​ឲ្យ​សុដន់​ស្ងួត​ និង​ឈឺចាប់​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម