ការពពោះកូនក្នុងផ្ទៃរបស់ស្រីៗ ជារឿងអស្ចារ្យដែលមនុស្សប្រុសមិនអាចធ្វើបាន ដូចនេះហើយស្វាមីគួរតែបង្ហាញរឿងទាំងនេះទៅកាន់ភរិយា ដែលជាទំនួលខុសត្រូវសំខាន់ក្នុងនាមជាមេគ្រួសារ។ ខាងក្រោមនេះជារឿងដែលប្ដីល្អ គួរតែធ្វើពេលប្រពន្ធមានផ្ទៃពោះ ណែនាំដោយអ្នកគ្រូពេទ្យ មួន រ៉ានី បម្រើការនៅមណ្ឌលសុខភាពព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៖
១- ជូនប្រពន្ធទៅធ្វើការ
បើទោះបីជាមធ្យោបាយធ្វើដំណើរឥឡូវសម្បូរបែបក៏ពិតមែន តែស្វាមីមិនគួរបណ្ដោយឲ្យប្រពន្ធធ្វើដំណើរម្នាក់ឯងទៅធ្វើការដែរ។ ព្រោះអ្នកពោះធំច្រើនមានអាការៈវិលមុខ ធេងធោងភ្លាមៗ ប្រសិនបើបើកម៉ូតូ ឬឡានម្នាក់ឯង ប្រាកដជាមានគ្រោះថ្នាក់ ហើយបើធ្វើដំណើរតាមឡានក្រុង ឬម៉ូតូកង់បី មានបញ្ហាអស់ទាំងនោះ អ្នកដទៃប្រាកដជាមិនអាចមកជួយអ្វីបានច្រើនដែរ។
២- ជូនប្រពន្ធទៅពេទ្យ
ពេទ្យតែងតែណាត់ម៉ាក់ៗឲ្យទៅពិនិត្យផ្ទៃពោះរៀងរាល់ខែ ហើយប្រសិនបើកូនមានសុខភាពមិនសូវល្អទៀតនោះ រឹតតែត្រូវតាមដានញឹកញាប់។ ដូចនេះហើយមនុស្សស្រីពេលមានប្ដីនៅក្បែរខ្លួនមានអារម្មណ៍កក់ក្ដៅ សួរនាំបញ្ហាផ្សេងៗពីកូនបានលម្អិត និងបើត្រូវជួបបញ្ហាមិនស្រួលណាមួយមានអ្នកពិគ្រោះយោបល់ តែបើគ្មានវិញ គ្នាមិនដឹងត្រូវធ្វើយ៉ាងណាឡើយក្នុងកាលៈទេសៈពិបាកៗ។
៣- កំដរប្រពន្ធ
អ្នកពោះធំច្បាស់ជាមានអារម្មណ៍ធុញថប់ និងគេងមិនលក់ជាដើម។ ប្ដីគួរតែឆ្លៀតពេលទំនេរចុងសប្ដាហ៍ជូនប្រពន្ធដើរកម្សាន្តស្រូបយកខ្យល់អាកាសបរិសុទ្ធ ដើម្បីស្រឡះមុខមាត់ កុំឲ្យអារម្មណ៍ថាល្វើយខ្លាំងពេក។ តែបើមិនអាចទៅណាបានឆ្ងាយ គួរតែឆ្លៀតជូនទៅកន្លែងមានលក់អាហារញ៉ាំ ឬសួនច្បារមានទេសភាពស្អាតៗក៏ល្អដែរ។
អត្ថបទពាក់ព័ន្ធ៖ ជាស្វាមី និងប៉ាៗល្អគួរតែធ្វើរឿងទាំងនេះពេលម៉ាក់ៗពពោះ និងសម្រាល
៤- ម៉ាស្សាឲ្យប្រពន្ធ
ពោះកាន់តែធំអាការៈចុករួយផ្សេងៗក៏មានកាន់តែច្រើនកន្លែង ជាពិសេសចង្កេះ និងជើងតែម្ដង។ ដឹងបែបនេះហើយយប់ឡើង បុរសៗគួរតែជួយច្របាច់ជើង និងធ្វើសរសៃឲ្យប្រពន្ធ ដើម្បីបានធូរស្បើយខ្លះៗ មិនតែប៉ុណ្ណោះ ពេលពាក់កណ្ដាលអាធ្រាត្រគួរតែក្រោកជួយ បើឮសំឡេងប្រពន្ធប្រាប់ថារមួលក្រពើ។
៥- មានកាដូលើកទឹកចិត្ត
ពពោះកូនមួយៗមិនមែនជារឿងងាយស្រួលឡើយ ហត់នឿយទាំងកាយទាំងចិត្ត បាត់បង់រូបឆោម និងលះបង់ពេលវេលាសម្រាប់ខ្លួនឯងជាច្រើនដើម្បីកូន។ ដូចនេះប្ដីគួរតែមានកាដូជាការលើកទឹកចិត្តបន្តិចបន្តួច ដើម្បីឲ្យម៉ាក់ៗមានអារម្មណ៍កក់ក្ដៅ និងគិតថាខ្លួនមិនឯកា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]