ធ្លាប់ឮចាស់ៗនិយាយពីរឿងកើតអាអូនមិនគ្រប់ខែទេ? ចូលដល់សប្តាហ៍នេះបេប៊ីអាចរស់នៅខាងក្រៅស្បូនបានហើយ មានន័យថា បើយើងសម្រាលនៅពេលនេះបេប៊ីអាចរស់នៅក្នុងបរិយាកាសខាងក្រៅបាន។ អាអូនមានទម្ងន់ប្រហែល ១,៧ គីឡូក្រាម និងប្រវែងប្រហែល ៤២,៥ សង់ទីម៉ែត្រ ដុះរោមភ្នែក ចិញ្ចើម និងសក់បន្តិច ចំណែករោមដុះលើខ្លួនបេប៊ី (Lanugo hair) តាំងពីខែទី៦ នោះចាប់ផ្តើមជ្រុះទៅវិញ ហើយអាចនៅសល់ខ្លះលើស្មា និងខ្នងនៅពេលអាអូនកើត។
១- រាងកាយយើងប្រែប្រួលអីខ្លះ?
បរិមាណឈាមនឹងកើនឡើងពី ៤០-៥០% ដើម្បីបំពេញតម្រូវការក្នុងខ្លួនយើង និងការលូតលាស់របស់គភ៌។ យើងអាចពិបាកដកដង្ហើម និងឆ្អល់ចុងដង្ហើមដោយសារស្បូនខិតទៅជិតសាច់ដុំសន្ទះទ្រូង ហើយសង្កត់ទៅលើក្រពះ។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ យើងអាចគេងងើយឲ្យខ្ពស់បន្តិច និងញ៉ាំអាហារតិចជាងមុន។

មួយវិញទៀត យើងអាចរួយខ្នងផ្នែកខាងក្រោម ស្រួលមិនស្រួលអាចជាសញ្ញាសម្រាលអាអូនមុនខែ ដូច្នេះគួរតែទាក់ទងទៅគ្រូពេទ្យជាបន្ទាន់។
ចំណុចអីខ្លះគួរបារម្ភ
មិនមែនបំភ័យនេះ ចូលដល់សប្តាហ៍នេះស្រីៗយើងអាចប្រឈមនឹងការសម្រាលអាអូនមុនខែ ដែលរោគសញ្ញាមាន៖
– តឹងណែនក្នុងពោះ
– កន្រា្តក់ស្បូន (អាចមិនឈឺ)
– រួយខ្នងផ្នែកខាងក្រោម
– ធ្ងន់នៅអាងត្រគាក ឬភ្លៅ
– ហូរទឹករម្អិលចេញពីទា្វរមាសដូចជាឈាម។
បើកន្រ្តាក់ស្បូនលើសពី ៦ ដង/ម៉ោង និងម្តងៗមានរយៈពេលយ៉ាងហោចណាស់ ៤៥ វិនាទី យើងគួរតែទាក់ទងទៅគ្រូពេទ្យ ឬទៅមន្ទីរពេទ្យជាបន្ទាន់ ទោះជាការកន្រ្តាក់នេះមិនឈឺក៏ដោយ ពិសេសមានហូរឈាមពីទ្វារមាស ឬឈឺពោះ។
២- ប្រាប់អីខ្លះទៅពេទ្យ?
ជិតដល់ពេលសម្រាលហើយ ស្រីៗយើងគួរតែសួរគ្រូពេទ្យជំនាញផ្នែកកុមារឲ្យបានច្រើន ដើម្បីបានដឹងរឿងក្មេងៗ ងាយស្រួលក្នុងការចិញ្ចឹមបីបាច់បេប៊ីពេលកើតមក។ បើមិនដូច្នេះទេយើងក៏អាចសួពីមិត្តភក្តិ អ្នកជិតខាង អ្នកធ្វើការជាមួយគ្នា ឬស្រីៗដែលធ្លាប់មានផ្ទៃពោះរឹតតែប្រសើរ។
តេស្តអីខ្លះចាំបាច់?
បន្ទាប់ពីសប្តាហ៍នេះទៅ គ្រូពេទ្យនឹងពិនិត្យ ២ ដង/សប្តាហ៍ ដើម្បីតាមដានសុខភាពយើង និងការលូតលាស់របស់គភ៌។
– វាស់ចង្វាក់បេះដូងបេប៊ី
– វាស់កម្ពស់តួស្បូន
– តាមដានជាតិស្ករ
– ចាក់ថ្នាំបង្ការជំងឺខាន់ស្លាក់
– ថ្លឹងទម្ងន់ និងវាស់សម្ពាធឈាម
– តេស្តរកជំងឺខ្វះគ្រាប់ឈាមក្រហម
– ពិនិត្យទឹកនោមមើលជាតិស្ករ និងប្រូតេអ៊ីន
– ពិនិត្យទំហំស្បូនដោយស្ទាបពីខាងក្រៅ
– ពិនិត្យការរីកប៉ោងនៃសសៃឈាមនៅដៃជើង។
៣- ត្រូវដឹងពីអីខ្លះ?
ការហាត់ យូហ្គា៖ យើងអាចហាត់យូហ្គាបាននៅពេលមានផ្ទៃពោះ ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នទុកជាមុន។ ការហាត់យូហ្គាអំឡុងពេលនេះល្អមែនចំពោះសុខភាព ជួយឲ្យយើងរៀនដកដង្ហើមចូលឲ្យបានជ្រៅ និងស្រួលខ្លួន ខណៈយើងកំពុងត្រូវការវាសម្រាប់រាងកាយពេលសម្រាលអាអូន។ ការហាត់យូហ្គា ទៀតសោតអាចជួយបំបាត់ស្រេ្តសទាំងរាងកាយ និងស្មារតីក្នុងពេលមានផ្ទៃពោះ។
រោគផ្សិតនៅក្រចកជើង៖ យើងអាចប្រើក្រេបលាបនៅក្រចកជើងដើម្បីប្រឆាំងនឹងពពួកផ្សិត។ សារធាតុថ្នាំមិនជ្រាបចូលច្រើនក្នុងសសៃឈាមយើងដែលអាចបង្កឲ្យមានបញ្ហានោះទេ។
ចុះនៅសប្តាហ៍ក្រោយ បេប៊ីនឹងលូតលាស់យ៉ាងណា? កុំភ្លេចតាមដានជាមួយ Hello គ្រូពេទ្យ!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed March 30, 2015.
Pregnancy calendar week 32. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week32.html. Accessed March 30, 2015.
Your pregnancy: 32 weeks. http://www.babycenter.com/6_your-pregnancy-32-weeks_1121.bc. Accessed March 30 2015.
កំណែប្រែបច្ចុប្បន្ន
27/08/2019
អត្ថបទដោយ Chorn Sophearom
ត្រួតពិនិត្យដោយ គឹម កាណែល
បច្ចុប្បន្នភាពដោយ៖ Solika
ត្រួតពិនិត្យដោយ
គឹម កាណែល