ក្ដៅខ្លួនពេលពពោះអាចបង្កបញ្ហាធ្ងន់ដល់គភ៌ ចុះម៉ាក់ៗគួរការពារសុខភាពរបៀបណា?
អាការៈក្ដៅខ្លួន ជាបញ្ហាទូទៅមួយដែលមនុស្សមិនថា តូច ធំសុទ្ធតែជួបប្រទះ ហើយអាការៈក្ដៅខ្លួនតែមួយមុខ កម្រនឹងបង្កផលពិបាកធ្ងន់ធ្ងរដល់សុខភាពយើងណាស់។ ប៉ុន្តែចំពោះស្ត្រីពពោះ អាការៈក្ដៅខ្លួនមិនគួរយើងប្រងើយកន្តើយដាក់ទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពម្ដាយ និងអាអូនក្នុងពោះ ដូចនេះម៉ាក់ៗគួរចេះតិចនិកថែទាំសុខភាពឲ្យបានល្អ។
បើតាមមន្ទីពេទ្យ កាល់ម៉ែត ឲ្យដឹងថា អាការៈក្ដៅខ្លួន អំឡុងពេលមានផ្ទៃពោះ គឺជាការកើនឡើងកម្ដៅខ្លួនធំជាង ឬស្មើ ៣៧.៨ អង្សារសេ ហើយមួលហេតុដែលបណ្ដាលម៉ាក់ៗពពោះក្ដៅខ្លួនមានច្រើនដូចជា រលាកត្រចៀក រលាកបំពង់ក ផ្ដាសាយធំ (កត្តាមិនសូវធ្ងន់ធ្ងរ) ឬរលាកស្រោមទឹកភ្លោះ រលាកតម្រងនោម រលាកប្រដាប់បន្តពូជ (កត្តាបង្កធ្ងន់ធ្ងរ)។ ដូចនេះហើយ ទើបម៉ាក់ៗពពោះត្រូវចេះ ឬដឹងពីវិធីការពារ និងព្យាបាលអាការៈក្ដៅខ្លួនរួមមាន៖
– ត្រូវនៅឆ្ងាយពីសត្វឆ្មា ឬសត្វអាចបង្ករោគមួយចំនួនទៀត
– មិនត្រូវញ៉ាំសាច់ ឬបន្លែឆៅ ដែលលាងមិនបានស្អាតល្អ
– មិនត្រូវញ៉ាំអាហារ ផ្អាប់ ឬអាហាររក្សាក្នុងទូទឹកកករយៈពេលយូរ ព្រោះវាមានផ្ទុកនូវប៉ារ៉ាស៊ីតមួយចំនួន
– ត្រូវពិនិត្យផ្ទៃពោះ និងពិនិត្យឈាម ដើម្បីស្វែងរកមេរោគមួយចំនួនដែលអាចបង្កហានិភ័យដល់ទារក
– ត្រូវនៅឲ្យឆ្ងាយពីក្មេង ដែលកើតអុតស្វាយ ឬស្អូចព្រោះអាចឆ្លងពីក្មេង
លើសពីនេះ បើម៉ាក់ៗមានអាការៈក្ដៅខ្លួន កម្ដៅលើស ឬស្មើ ៣៧.៨អង្សារសេ ត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យ រកមូលហេតុ និងព្យាបាលឲ្យបានទាន់ពេលវេលា ចៀសវាងការបង្កគ្រោះថ្នាក់ដល់ម្ដាយ និងទារកក្នុងពោះ។
មន្ទីរពេទ្យ កាល់ម៉ែត បញ្ជាក់ថា បើម៉ាក់ៗជួបបញ្ហាក្ដៅខ្លួនអំឡុងពេលពពោះ អាចប្រឈមនឹងផលពិបាកច្រើនដូច រលូតកូន កូនកើតមិនគ្រប់ខែ ទារកស្លាប់ក្នុងពោះ និងអាចកើតជំងឺលើទារកដែលបណ្ដាលមកពីការឆ្លងមេរោគពីម្ដាយទៅកូន។ល។
[embed-health-tool-pregnancy-weight-gain]