អំឡុងពេលមានផ្ទៃពោះ អាចជាពេលសប្បាយរីករាយបំផុត ក៏ជាពេលវេលាពិបាកបំផុតសម្រាប់ស្រីៗគ្នាយើង ពិសេសម៉ាក់ៗកំពុងធ្វើការងារ។ ហេតុនេះត្រូវប្រយ័ត្នបន្តិច បើកំពុងពពោះ នៅប្រឹងធ្វើការច្រើនម៉ោង អាចប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃបាន ព្រោះការសិក្សាថ្មី ស្រីៗពពោះ ឈរធ្វើការយូរ ធ្វើឲ្យកូនកើតមកមិនគ្រប់គីឡូ ឬតូចជាងធម្មតា។ “Hello គ្រូពេទ្យ’ នឹងពន្យល់ក្នុងអត្ថបទនេះ។
១- ឈរធ្វើការយូរអាចធ្វើឲ្យទារកតូចជាងធម្មតា
ការស្រាវជ្រាវរកឃើញថា ស្រីៗពពោះចំណាយពេលឈធ្វើការច្រើនម៉ោងពេក កូនកើតមកមិនសូវថ្លោសឡើយ ពិសេសទំហំក្បាលទារក ក៏តូចជាងទារកធម្មតាប្រមាណ ១សង់ទីម៉ែត្រឯណោះ។ ហើយស្រីៗពពោះប្រឈមខ្ពស់ គឺស្ថិតក្នុងចំណោមការងារ ដូចជាអ្នកលក់ទំនិញ គ្រូបង្រៀន និងអ្នកថែទាំក្មេងជាដើម។
ការសិក្សាបានប្រៀបធៀបស្រីៗមានផ្ទៃពោះជិតពាក់កណ្ដាល ដែលធ្វើការចន្លោះពី ២៥-៣៩ ម៉ោង/សប្តាហ៍ និងប្រហែល ២៥% ទៀត ធ្វើការច្រើនជាង ៤០ម៉ោង ដោយរកឃើញ គ្នាយើងធ្វើការច្រើនម៉ោង ប្រឈមធ្វើឲ្យកូនមានទំហំតូចជាង ស្រីៗ ធ្វើការចន្លោះពី ២៥-៣៩ ម៉ោង/សប្តាហ៍ ខណៈអត្រាកូនកើតមិនគ្រប់ខែ គឺមានស្មើគ្នា រីឯទំហំក្បាល និងទម្ងន់កូនខុសគ្នា នឹងបង្ហាញច្បាស់នៅត្រីមាសទី ៣ នៃការពពោះ។ ទោះយ៉ាងនេះក្ដី ការសិក្សានេះ នៅមិនទាន់ដឹងពីភាពខុសគ្នា ពាក់ព័ន្ធការលូតលាស់របស់ក្មេងរយៈពេលវែងនៅឡើយទេ។
២- វិធីការពារស្រីៗពពោះនៅកន្លែងធ្វើការ
ប្រភេទការងារមួយចំនួន ដូចជា លើកដាក់ឥវ៉ាន់ ការងារយប់ និងឈរធ្វើការច្រើនម៉ោង ជាការងារគ្នាយើងគួរគិតគូរដោយប្រុសប្រយត្ន័បន្តិច។ព្រោះស្រាវជ្រាវ បានណែនាំថា ការផ្លាស់ប្តូរការងារ ជារឿងចាំបាច់ចំពោះស្រីៗកំពុងពពោះ រួមទាំងការកំណត់វេនការងារ និងចំនួនម៉ោងឲ្យបានត្រឹមត្រូវ។ បរិយាកាសនៅកន្លែងធ្វើការមានភាពល្អប្រសើរ គឺជារឿងសំខាន់ណស់សម្រាប់ស្រ្តីក្នុងវ័យបន្តពូជ ដោយអ្នកជំនាញជាច្រើនបានណែនាំ ឲ្យកែសម្រួលកាលវិភាគការងារ ព្រមទាំងតាមដានការលូតលាស់គភ៌ឲ្យបានទៀងទាត់ ចាប់ពីអំឡុងត្រីមាសទី ៣ នៃការពពោះ។
អត្ថបទពាក់ព័ន្ធ៖
- ពេលពពោះ ស្រីៗមិនគួរញ៉ាំសណ្តែកដី?
- អ្វីជាមូលហេតុនាំឲ្យហើមជើងពេលពពោះ ត្រូវដោះស្រាយម៉េច?
៣- សេចក្តីសន្និដ្ឋាន
ដោយសារបញ្ហាហិរញ្ញវត្ថុសំខាន់ខ្លាំង ស្រីមានផ្ទៃពោះជាច្រើន គ្មានជម្រើសគួរឈប់ធ្វើការងារ ឬបន្ថយម៉ោងការងារនោះទេ បើទោះបីប្រឈមនឹងបញ្ហាសុខភាពក៏ដោយ។ ប៉ុន្តែការសិក្សាផ្សេងទៀត មិនបានលើកឡើង ថាតើស្រីៗមានផ្ទៃពោះ និងជិតកើត ធ្វើការឈរច្រើនម៉ោងបណ្តាលឲ្យកូនកើតមិនគ្រប់ខែ ឬមិនគ្រប់គីឡូនោះទេ។
៤- ហេតុផលមិនគួរឈរយូរពេលពពោះ
បើអាច ជើងទាំងពីររបស់យើង គួរតែសម្រាកឲ្យបានញឹកញាប់ បើមិនសម្រាក ទ្រាំឈររាប់ម៉ោង រៀងរាល់ថ្ងៃ ជើងមួយគូរបស់យើង នឹងឈឺ ហើម អាចក្លាយទៅជាបញ្ហាឈឺចុកចាប់ខ្លាំង ពិសេសអំឡុងសប្តាហ៍ចុងក្រោយនៃការពពោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]