ខ្លាញ់ត្រីល្អចំពោះសុខភាព ចុះបើស្ត្រីពពោះញ៉ាំថ្នាំខ្លាញ់ត្រីនេះ មានសុវត្ថិភាពចំពោះម៉ាក់ៗ និងគភ៌អត់? “Hello គ្រូពេទ្យ’ នឹងបកស្រាយឲ្យគ្នាយើងបានដឹង។
ខ្លាញ់ត្រីល្អចំពោះសុខភាព ចុះបើស្ត្រីពពោះញ៉ាំថ្នាំខ្លាញ់ត្រីនេះ មានសុវត្ថិភាពចំពោះម៉ាក់ៗ និងគភ៌អត់? “Hello គ្រូពេទ្យ’ នឹងបកស្រាយឲ្យគ្នាយើងបានដឹង។

១- ផលប្រយោជន៍ខ្លាញ់ត្រីលើស្រីៗមានផ្ទៃពោះ
ដោយសារដំណើរលូតលាស់ និងការអភិវឌ្ឍផ្នែកសំខាន់ៗរបស់ខួរក្បាលចាប់ផ្តើមនៅពេលទារកមានអាយុ ២ ឆ្នាំដំបូង នាំឲ្យអាស៊ីដខ្លាញ់អូមេហ្គា ៣ ជាពិសេសសារធាតុ DHA ដើរតួជាធាតុសំខាន់សម្រាប់ស្រីមានផ្ទៃពោះ និងទារកទើបកើត។ ខ្លាញ់ត្រី ជាប្រភពសំខាន់នៃ DHA ក៏ត្រូវចាត់ទុកជាអាហារចាំបាច់សម្រាប់ស្រីមានផ្ទៃពោះគ្រប់រូប ទាំងអំឡុងពេលបំបៅកូនដោយទឹកដោះផងដែរ។
DHA អាចជួយដល់ការសាងសង់ និងរីកលូតលាស់នៃភ្នាសកោសិកាសរសៃប្រសាទ និងភ្នាសកោសិកាភ្នែកទារក ឯ EPA ជាប្រភេទអាស៊ីដខ្លាញ់អូមេហ្គា៣ ត្រូវបានគេរកឃើញភាគច្រើននៅក្នុងខ្លាញ់ត្រី ដើរតួនាទីយ៉ាងសំខាន់ធ្វើឲ្យប្រព័ន្ធភាពស៊ាំទារកកាន់តែប្រសើរឡើង និងការពារពីហានិភ័យកើតមានជំងឺផ្លូវចិត្ត។
ក្នុងការសិក្សារបស់អូស្ត្រាលីចេញផ្សាយក្នុងឆ្នាំ២០០៦ ផ្តោតលើស្រីៗមានផ្ទៃពោះ និងមានសុខភាពល្អចំនួន ៩៨ នាក់ ត្រូវបានគេបែងចែកជា ២ ក្រុម ដោយក្រុមទី១ បានញ៉ាំប្រេងអូលីវ ៤ ក្រាមជារៀងរាល់ថ្ងៃ និងក្រុមមួយទៀត ត្រូវបានឲ្យញ៉ាំខ្លាញ់ត្រីចំនួនស្មើគ្នា ដោយចាប់ផ្តើមញ៉ាំនៅសប្តាហ៍ទី២០ នៃការមានផ្ទៃពោះ រហូតដល់ថ្ងៃសម្រាលកូន។
ជាលទ្ធផលនៃការស្រាវជ្រាវនេះ បន្ទាប់ពីទារកសម្រាលរួច និងធំលូតលាស់ដល់វ័យ ២ ឆ្នាំកន្លះ ក្មេងទាំងពីរក្រុម មិនមានភាពខុសប្លែកគ្នាលើការរីកលូតលាស់ខាងរាងកាយ និងសមត្ថភាពផ្នែកភាសាឡើយ។ ប៉ុន្តែសម្រាប់ក្រុមដែលម៉ាក់ៗញ៉ាំខ្លាញ់ត្រី គឺមានពិន្ទុខ្ពស់ជាង ក្រុមម៉ាក់ៗញ៉ាំប្រេងអូលីវ លើផ្នែកទំនាក់ទំនងរវាងដៃ និងភ្នែក។ លើសពីនេះ អ្នកស្រាវជ្រាវ អះអាងដែរថា ម៉ាក់ៗដែលបានប្រើប្រាស់ខ្លាញ់ត្រី អាចបន្ថយហានិភ័យនៃជំងឺហឺត ប្រតិកម្មអាលែកហ្ស៊ី និងជំងឺស្បែកដទៃទៀត។
អត្ថបទពាក់ព័ន្ធ៖
២- គួរញ៉ាំខ្លាញ់ត្រីអំឡុងពេលមានផ្ទៃពោះដែរទេ?
សម្រាប់ចម្លើយ គឺមិនមែន ១០០% ទេ ព្រោះមិនមែនគ្រប់ខ្លាញ់ត្រីទាំងអស់ បង្កើតដោយធាតុផ្សំដូចគ្នាទេ ហេតុនេះគ្រប់ប្រភេទខ្លាញ់ត្រី ក៏មិនមែនសុទ្ធតែមានសុវត្ថិភាពសម្រាប់គភ៌ដែរ។
ខ្លាញ់ត្រីមានពីរប្រភេទសំខាន់ៗ ដោយប្រភេទមានសុវត្ថិភាពសម្រាប់ម៉ាក់ៗអំឡុងពេលពពោះ ជាប្រភេទខ្លាញ់ត្រីចេញពីសាច់ត្រី តែមិនមែនជាតិខ្លាញ់អូមេហ្គា ៣ បានពីថ្លើមត្រី (ដូចជា ថ្នាំគ្រាប់ Cod liver oil pills) នោះទេ ដោយសារតែខ្លាញ់ថ្លើមត្រី មានកម្រិតវីតាមីន A ខ្ពស់។ កម្រិតខ្ពស់នៃវីតាមីន A ខ្ពស់ពេក អាចបង្កឲ្យមានជាតិពុលដល់ថ្លើម និងបង្កឲ្យមានភាពពិការភាពដល់ទារក។ បើចំណីអាហារយើងមានកម្រិតសារធាតុ Retinol (វីតាមីន A) គ្រប់គ្រាន់ នោះសំខាន់បំផុតត្រូវកំណត់បរិមាណប្រើប្រាស់សារជាតិនេះ ដោយសារវាសំខាន់ណាស់សម្រាប់ប្រយោជន៍ដល់គភ៌ ហើយស្រីៗពពោះ ក៏មិនគួរប្រើប្រាស់ថ្នាំបំប៉នវីតាមីនចម្រុះ Multi-Vitamins និងផលិតផលថែរក្សាស្បែក មានសារធាតុ Retinol ដូចគ្នា។
ស្រីៗមិនចូលចិត្តញ៉ាំត្រី ឬមិនអាចញ៉ាំត្រីបាន ដោយសារមូលហេតុមួយចំនួន គួរប្រើថ្នាំគ្រាប់ខ្លាញ់ត្រី។ ទោះជាយ៉ាងណា ញ៉ាំត្រីស្រស់ នៅតែជាវិធីសាស្ត្រល្អបំផុត ដើម្បីបានអាស៊ីដខ្លាញ់អូមេហ្គា ៣ ។ យោងតាមអ្នកឯកទេសសុខាភិបាល បើយើងញ៉ាំត្រីដែលមានជាតិខ្លាញ់ច្រើន ដូចជា ត្រីសាលម៉ុន ត្រីម៉ាការែ និងត្រីធូណា រៀងរាល់សប្តាហ៍ យើងក៏មិនចាំបាច់ញ៉ាំខ្លាញ់ត្រីបន្ថែមទេ។
បើញ៉ាំបួស គួរញ៉ាំអាហារបំប៉នមានសារធាតុអូមេហ្គា ៣ ដែលគេសំយោគចេញពីសារាយសមុទ្រ (Algae)។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Is it safe to take fish oil supplements in pregnancy? http://www.babycentre.co.uk/x541094/is-it-safe-to-take-fish-oil-supplements-in-pregnancyAccessed January 17, 2017
Cognitive assessment of children at age 2(1/2) years after maternal fish oil supplementation in pregnancy: a randomised controlled trial. https://www.ncbi.nlm.nih.gov/pubmed/17185423 Accessed January 17, 2017
កំណែប្រែបច្ចុប្បន្ន
13/06/2019
អត្ថបទដោយ ចាន់ សុខឡាង
ត្រួតពិនិត្យដោយ គឹម កាណែល
បច្ចុប្បន្នភាពដោយ៖ Ly Sophat
ត្រួតពិនិត្យដោយ
គឹម កាណែល