ជំងឺរលាកសន្លាក់ (Rheumatoid Arthritis) ជាប្រភេទជំងឺរ៉ុាំរ៉ៃ មិនត្រឹមតែប៉ះពាល់សន្លាក់ទេ មានករណីខ្លះ អាចប៉ះពាល់ដល់សរីរាង្គខាងក្នុង រួមទាំងស្បែក ភ្នែក សួត បេះដូង និងសរសៃឈាមផងដែរ។ វាកើតឡើង ពេលប្រព័ន្ធភាពសុាំយើង ច្រឡំវាយប្រហារលើជាលិកាខ្លួនឯង។ ចុះបើមានជំងឺរលាកសន្លាក់ផង ពពោះផង ប្រើថ្នាំអាចប៉ះពាល់កូនក្នុងផ្ទៃដែរអត់? គួរធ្វើម៉េច? ចំពោះសំណួរនេះ “Hello គ្រូពេទ្យ’ នឹងបញ្ជាក់ក្នុងអត្ថបទនេះ។
១- ផលប៉ះពាល់ថ្នាំព្យាបាលរលាកសន្លាក់ទៅលើគភ៌ក្នុងផ្ទៃ
ភាគច្រើន ថ្នាំព្យាបាលជំងឺរលាកសន្លាក់ មានប្រសិទ្ធភាព ដោយការជ្រាបចូលទៅបង្ក្រាបប្រព័ន្ធភាពសុាំ និងគ្រប់គ្រងការរលាកនៅផ្នែកខាងក្នុងរាងកាយ។ យ៉ាងណាមិញ ប្រភេទថ្នាំនីមួយៗ តែងមានហានិភ័យរបស់វា ថ្នាំខ្លះអាចធ្វើឲ្យគភ៌ខូចទ្រង់ទ្រាយពីកំណើត ខ្លះទៀតបណ្ដាលឲ្យរលូតកូន ហើយក៏មានថ្នាំខ្លះ អាចធ្វើឲ្យយើងប្រឈមមុខជំងឺលើសឈាម ឬជំងឺទឹកនោមផ្អែម។
ពេលវេលាប្រើប្រាស់ថ្នាំ ក៏សំខាន់ណាស់ដែរ ព្រោះមានថ្នាំមួយចំនួន ត្រូវបានគេហាមមិនឲ្យប្រើអំឡុងពេលមានគភ៌ និងមួយចំនួន ត្រូវចៀសវាងប្រើនៅត្រីមាសទី ៣។
២- ប្រភេទថ្នាំព្យាបាលរលាកសន្លាក់ត្រូវចៀសវាងប្រើពេលពពោះ
– ថ្នាំ Methotrexate (Trexall)៖ Methotrexate ជាថ្នាំមួយប្រភេទ គេនិយមប្រើសម្រាប់ព្យាបាលជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។ ថ្នាំនេះ អាចបណ្ដាលឲ្យរលូតកូន បើប្រើក្នុងត្រីមាសដំបូងនៃការពពោះ ខណៈបើប្រើអំឡុងពេលពពោះចាស់ខែបន្តិច អាចធ្វើឲ្យគភ៌លូតលាស់មិនពេញលក្ខណៈ ជាពិសេសផ្នែកខួរក្បាល និងឆ្អឹង។
– ថ្នាំ Lefulnomide (Arava)៖ ថ្នាំប្រភេទនេះ គួរតែចៀសវាងកុំប្រើ ទោះមុនពេលពពោះក៏ដោយ ពីព្រោះវេជ្ជបណ្ឌិតជឿថា អាចមានសកម្មភាពក្នុងរាងកាយបានយូរ។ តែបើចង់បន្សាបជាតិថ្នាំនេះលឿន ពេទ្យប្រហែលណែនាំឲ្យប្រើថ្នាំមួយប្រភេទទៀត ហៅថា Cholestyramine ។
– ពពួកថ្នាំ Biologic response modifiers៖ ចំពោះក្រុមថ្នាំមួយប្រភេទនេះ មិនមានភស្តុតាងណាបញ្ជាក់ថា បណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃទេ ប៉ុន្តែដើម្បីសុវត្ថិភាពជាចម្បង គ្រូពេទ្យបានណែនាំមិនឲ្យប្រើថ្នាំនេះឡើយ បើសិនស្រីៗគ្នាយើងមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃ និងមានផែនការយកកូន។ ពពួកថ្នាំនេះ មានដូចជា ថ្នាំ Anakinra (Kineret) ថ្នាំ Rituximab (Rituxin) ថ្នាំ Abatacept (Orencia) និងថ្នាំ Tocilizumab (Actemra) ។
អត្ថបទពាក់ព័ន្ធ៖
- បើឈឺជង្គង់ គួរទៅពិនិត្យ ទុកយូរប្រយ័ត្នរលាកសន្លាក់ ព្យាបាលមិនជា
- ពេលពពោះលេបថ្នាំផ្តេសផ្តាស ឬតាមគ្នា គ្រោះថ្នាក់ខ្លាំងបំផុត
៣- ប្រុងប្រយ័ត្នពេលប្រើថ្នាំរលាកសន្លាក់រ៉ាំរ៉ៃ
បើសិនយើងកំពុងប្រើប្រាស់ថ្នាំប្រភេទទាំងអស់នេះ គួរតែប្រើវិធីពន្យារកំណើតឲ្យបានជាប់លាប់។ ពេលណាមានគម្រោងយកកូន សូមពិភាក្សាជាមួយពេទ្យជាមុនសិន ព្រោះជម្រើសដ៏ល្អ គឺចៀសវាងប្រើពពួកថ្នាំបានរៀបរាប់ខាងលើនេះ ឲ្យបានច្រើនខែ មុនពេលយកកូន (ទាំងប្រុសៗ ទាំងស្រីៗ)។
ការប្រើថ្នាំ Predinisone ក្នុងកម្រិតខ្សោយ ចាត់ទុកថា មានសុវត្ថិភាពក្នុងអំឡុងពពោះ។ ថ្នាំ Hydroxychloroquice (Plaqeunil) និង Sulfasalazine ក៏ចាត់ទុកថាមិនប៉ះពាល់ដូចគ្នា។ សម្រាប់ពពួកថ្នាំ Biologic ដូចជាថ្នាំ Etanercept (Enbrel) ថ្នាំ Etanercept-szzs (Erelzi) ថ្នាំ Infliximab (Remicade) និង Infliximab-dyyb (Inflectra) ទោះបីជាមិនមានភស្តុតាងគ្រប់គ្រាន់ បញ្ជាក់ពីផលប៉ះពាល់ តែក៏ត្រូវបានគេចាត់ទុកថាអាចប្រើបានដោយសុវត្ថិភាពផងដែរ។
យ៉ាងណាមិញ វិធីល្អបំផុត កុំប្រើថ្នាំព្យាបាលតែម្តងអំឡុងពេលមានផ្ទៃពោះ តែធ្វើបែបនេះ អាចប្រឈមមុខហានិភ័យខូចសន្លាក់ធ្ងន់ធ្ងរ ព្រោះមានស្រីៗមួយចំនួន ត្រូវបានពេទ្យណែនាំឲ្យប្រើជម្រើសនេះ តែក៏ត្រូវស្ថិតក្រោមការតាមដាន ពិនិត្យមើលយ៉ាងដិតដល់ពីពេទ្យដូចគ្នា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនឡើយ៕
[embed-health-tool-pregnancy-weight-gain]