គ្រប់ម៉ាក់ទាំងអស់ពេលមានប៊េបីប្រាកដជាចង់ឲ្យកើតមកមានសុខភាពល្អ និងសម្បុរស្បែកសខ្ចី ទន់រលោងដូចគ្នា។ ទាក់ទិននឹងរឿងនេះដែរ ម៉ាក់ៗមានបទពិសោធន៍មួយចំនួនបានចូលខ្លួនចែករំលែករបបអាហារដែលជួយឲ្យកូនមានស្បែកសស្អាត។
១- ផ្លែទទឹម
សម្រាប់ ប៉ែន ប៉ុណ្ណីកា បានចែករំលែកមកថា អ្នកនាង និងស្វាមីសុទ្ធតែសម្បុរមិនសទេ តែកូនៗវិញសាច់ដូចសំឡី។ ពេលកូនដំបូងស្ត្រីវ័យ ៣០ ឆ្នាំរូបនេះមិនដឹងឡើយថាមកពីអ្វី គ្រាន់តែញ៉ាំផ្លែទទឹមតាំងពីមានភ្លាមៗរហូតដល់កើត ព្រោះជាផ្លែឈើដាំនៅផ្ទះខ្លួនស្រាប់។ ស្ត្រីមេផ្ទះនៅស្រុកបសេដ ខេត្តកំពង់ស្ពឺ បានបន្ថែមទៀតថា ក្រៅពីផ្លែទទឹម ក៏មានញ៉ាំផ្លែឈើដទៃទៀតដូចជាប៉ោម និងទំពាំងបាយជូរ គ្រាន់តែមិនសូវច្រើនប៉ុណ្ណោះ លុះដល់មានកូនទី២ និងទី៣ នៅតែបន្តញ៉ាំផ្លែទន្ទឹម និងចំណីអាហារល្អៗ ផ្លែឈើចម្រុះបន្ថែមទៀតកូនក៏នៅតែស្អាតទាំងអស់។
២- ក្រូចពោធិ៍សាត់ និងទឹកដោះគោឆៅ
អ្នកនាង ឆឺន ឡុងហៀង អ្នកស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានចែករំលែកបទពិសោធខ្លួនថា តាំងពីចាប់ផ្ដើមទម្ងន់ រហូតដល់គ្រប់ខែសម្រាល ម៉ាក់ៗរូបនេះញ៉ាំតែក្រូចពោធិ៍សាត់ ២ ផ្លឺ និងទឹកដោះគោឆៅ ២ កំប៉ុង/ថ្ងៃ។ លទ្ធផលគឺកូនអ្នកនាងមានសម្បុរសស្អាតខ្លាំងណាស់ ទាំងដែលខ្លួនមានស្បែកខ្មៅ។ ម៉ាក់ៗកូនប្រុសដំបូងរូបនេះ បានបន្តទៀតថា ចំណីអាហារ ឬភេសជ្ជៈដែលមានពណ៌ខ្មៅៗដូចជា សូកូឡា កាហ្វេ កូកា តែ… មិនញ៉ាំបន្តិចសោះឡើយ ព្រោះខ្លាចធ្វើឲ្យប៉ះពាល់សុខភាព និងពណ៌ស្បែកកូន។ ស្ត្រីវ័យ ៣៣ ឆ្នាំរូបនេះបានបន្ថែមទៀតថា ក្រៅពីនេះនៅមានលេបថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ បូករួមបន្លែបៃតងជាច្រើនមុខដែលញ៉ាំមិនដែលខានមួយថ្ងៃ ទើបកូនមានស្បែកស្អាតបាន។
៣- ឈើរី និងប៊័រី
អ្នកស្រី ទាវ មុន្នីរ័ត្ន បានជ្រើសរើសញ៉ាំផ្លែឈើទាំង ២ មុខនេះ ព្រោះពួកវាស្ថិតក្នុងចំណោមផ្លែឈើមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់បំផុត។ ម៉ាក់កូន ២ រូបនេះក៏បន្ថែមទៀតថា ខ្លួនតែងតែចូលមើលទៅតាមវិបសាយសុខភាពជាច្រើន ដែលនិយាយពីប្រយោជន៍របស់ផ្លែឈើទាំងនេះ។ មួយវិញទៀតអ្នកស្រីក៏ព្យាយាមញ៉ាំផ្លែប៉េងប៉ោះជាប្រចាំផងដែរ ព្រោះវាអាចជួយការពារស្បែកពីបញ្ហារលាកផ្សេងៗ។ អ្នកក្រុងតាខ្មៅដដែល បញ្ជាក់ទៀតថា ក្រៅពីផ្លែឈើ ២ មុខនេះ ក៏នៅមានញ៉ាំស៊ុបបន្លែគ្រប់មុខ ទើបជួយទាំងពណ៌សម្បុរ និងសុខភាពកូន ហើយអ្នកស្រីមិនសូវញ៉ាំសាច់ច្រើនឡើយ។
៤- ត្រី
បើតាមបទពិសោធម៉ាក់ៗ សៀន រ៉ាមី បានឲ្យដឹងថា ត្រី ល្អចំពោះកូន និងខ្លួនឯងផ្ទាល់តែម្ដង។ ម៉ាក់ៗរូបនេះលើកឡើងថា កូនអ្នកស្រីមានស្បែករលោងខ្លាំង ព្រោះពេលមានផ្ទៃពោះ គាត់ព្យាយាមញ៉ាំត្រី ជាពិសេសត្រីមានខ្លាញ់ច្រើនៗ។ ចំពោះត្រីសមុទ្រ អ្នករស់នៅភ្នំពេញក៏ថា ញ៉ាំដែរ តែមិនច្រើនដូចត្រីទឹកសាបធម្មតា ហើយព្យាយាមញ៉ាំផ្លែឈើគ្រប់មុខ ជាពិសេសចេក សារី ឪឡឹក ផ្លែឈើសម្បូរជាតិទឹក ដំឡូង និងពោត។ អ្នកម៉ាក់វ័យក្មេងបានអះអាងថា គ្រួសារអ្នកស្រីមិនមាននរណាមានស្បែកសឡើយ ត្រឹមសម្បុរសណ្ដែកបាយប៉ុណ្ណោះ តែកូនវិញប្រាប់អ្នកដទៃ គេមិនជឿថាជាកូនខ្លួន ព្រោះតែកូនសពេក។
អត្ថបទពាក់ព័ន្ធ៖ ស្រីៗមានផែនការចង់បានកូន ត្រូវចៀសពីថ្នាំទាំងនេះ!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]