ការសិក្សាជាច្រើនបង្ហាញថា ភាពស្រ្តេស តប់ប្រមល់ ឬធ្លាក់ទឹកចិត្ត អំឡុងពេលពពោះអាចបង្កើនឱកាសឱ្យម៉ាក់ៗសម្រាលកូនមុនកាលកំណត់ ឬអូនៗកើតមកមិនគ្រប់គីឡូជាដើម។ ប៉ុន្តែនៅមានចំណុចខ្លះទៀត ដែលអាចបង្កផលប៉ះពាល់ដល់អូនៗដែរ ដូចនេះម៉ាក់ៗ គួរតម និងចៀសវាង ដើម្បីសុខភាពអាអូនជាទីស្រឡាញ់។
១. ជម្លោះ និងការស្រែកខ្លាំងៗ
ការឈ្លោះ បង្កឱ្យកើតមានអារម្មណ៍ធុញថប់ និងធ្លាក់ទឹកចិត្ត ជាហេតុនាំឱ្យប៉ះពាល់អាអូនក្នុងផ្ទៃ ពិសេសប្រព័ន្ធការពារ និងខួរក្បាលរបស់ពួកគេ។ បន្ថែមពីនេះ ពេលអ្នកម្តាយស្រែកខ្លាំងៗ ក៏មិនល្អដល់អាអូនដែរ វាបង្កជាអាការៈឈឺក្បាល ក្អួត និងបញ្ហាដល់ដំណេក ដូចនេះ ដើម្បីសុខភាពអូនៗ ម៉ាក់ៗគួរចៀសវាង។
២. ញ៉ាំជាតិស្ករច្រើនពេក
ការសិក្សាបង្ហាញថា ម៉ាក់ៗដែលស្រូបយកជាតិស្ករច្រើននៅពេលពពោះ អាចបង្កបញ្ហាមួយចំនួនដល់អូនៗ ដូចជាការចងចាំ និងរៀនសូត្រ។ គួរចៀសវាងអាហារ ឬភេសជ្ជៈសម្បូរជាតិស្ករ ដោយជំនួសវិញនូវផ្លែឈើស្រស់វិញ។
៣. យំ
ការយំ អាចជារឿងធម្មតាអំឡុងពេលពពោះ ព្រោះអារម្មណ៍របស់ម៉ាក់ៗប្រែប្រួលច្រើននៅពេលនោះ។ យ៉ាងណាមិញ បើសម្គាល់ឃើញមានអ្វីប្លែកៗ ដូចជាយំដោយសារ បាត់ចំណង់លើអាហារដែលចូលចិត្ត អារម្មណ៍ខុសឆ្គង គេងច្រើនពេក ឬបាត់បង់ចំណូលចិត្តលើសកម្មភាពធ្លាប់ចូលចិត្តពីមុនៗ នោះយើងគួរពិគ្រោះជាមួយគ្រូពេទ្យ ឬស្រីៗមានបទពិសោធធ្លាប់ជួបអាការៈដូចនេះ។
៤. គេងមិនគ្រប់គ្រាន់
ផ្អែកតាមការស្រាវជ្រាវជាច្រើន ៧៨% នៃស្ត្រីមានផ្ទៃពោះ តែងកើតមានបញ្ហារំខានដល់ដំណេកពួកគេ នេះគឺដោយសារបម្រែបម្រួលអ័រម៉ូន ជាហេតុបង្កឱ្យពួកគេឧស្សាហ៍អស់កម្លាំងល្ហិតល្ហៃ។ យ៉ាងណាមិញ គួរស្វែងរកវិធីដោះស្រាយចំពោះបញ្ហារំខានដំណេកនេះ ព្រោះថាការគេងពុំលក់ស្កប់ស្កល់អាចបង្កឱ្យ អ្នកម្តាយមានអាការៈឈឺពោះយូរ ពេលសម្រាលកូន។
អត្ថបទពាក់ព័ន្ធ៖
- ជួបបញ្ហាធ្ងន់ធ្ងរទាំងនេះ ដោយសារតែស្ត្រីពពោះផឹកថ្នាំបុរាណ
- ពិនិត្យមើលជាតិស្ករពេលពពោះ សំខាន់ខ្លាំងប៉ុនណា?
៥. ផឹកជាតិកាហ្វេអ៊ីន
ផ្អែកតាមការសិក្សាជាច្រើន ជាតិកាហ្វេអ៊ីនច្រើនពេក អាចបង្កផលប៉ះពាល់ដល់អូនៗក្នុងផ្ទៃ ដូចជាអូនៗកើតមកមិនគ្រប់គីឡូ ឬអាចរលូតជាដើម ដែលនេះ ម៉ាក់ៗគ្រប់រូបគួរគប្បីយកចិត្តទុកដាក់៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]