backup og meta

ម៉ាក់ៗផឹកស្រាពេលមានផ្ទៃពោះ អាចនឹងប៉ះពាល់សុខ​ភាពកូន​ពេញ​មួយ​ជីវិត​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 22, 2020

    ម៉ាក់ៗផឹកស្រាពេលមានផ្ទៃពោះ អាចនឹងប៉ះពាល់សុខ​ភាពកូន​ពេញ​មួយ​ជីវិត​

    ម៉ាក់​ៗភាគច្រើន​ទំនង​ជា​​បាន​ដឹង​ច្រើន​ពី​ផល​ប៉ះ​ពាល់​របស់​គ្រឿង​ស្រវឹង​មក​លើ​កូន​ក្នុង​ផ្ទៃ និង​មិន​ហ៊ាន​ផឹក​នោះ​ទេ​ ខណៈ​ក៏​មាន​ម៉ាក់ៗ​មួយ​ចំនួន​ទៀត​បាន​ដឹង តែ​ក៏​​ម្ដង​ម្កាល​ឆ្លៀត​ផឹក​គ្រឿង​ស្រវឹង​ពេល​កំពុង​ពពោះ​ដែរ។

    បើ​គ្នា​យើង​ណា​គិត​ថា​ផឹក​ម្ដង​ម្កាល​មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​នោះ គួរ​ដូរ​គំនិត​នេះ​ចេញ​ហើយ។ មក​ដល់ពេល​នេះ​មិន​ទាន់​មាន​អ្នក​ជំនាញ​ណា​ហ៊ាន អះអាង​ឲ្យ​ជាក់​ច្បាស់​ថា​ស្រ្តី​មាន​ផ្ទៃ​ពោះ​អាច​ផឹក​គ្រឿង​ស្រ​​វឹង​ក្នុង​កម្រិត​ណា​មាន​សុវត្ថិភាព​នោះ​ទេ បើ​ទោះជា​ខ្លះ​គ្រាន់តែ​និយាយ​ថា​ទំនងជា​ផឹក​ម្ដងៗ​ចាប់​ពី​ប្រាំ​កែវ​ឡើង​ទៅ​នឹង​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​កូន​ក្នុង​ផ្ទៃ​ក៏​ដោយ។

    ជា​ការ​ណែនាំ​សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ ឬ​ស្រ្តី​ដែល​មាន​បំណង​យក​កូន​ គឺ​មិន​​គួរ​ផឹក​គ្រឿង​ស្រ​វឹង​នោះ​ទេ។ ការ​ផឹក​គ្រឿង​ស្រ​វឹង​កាន់តែ​ច្រើន ហានីភ័យ​គ្រោះ​ថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​ក៏​កាន់តែ​ខ្ពស់​ទៅ​តាម​ហ្នឹ​ង​ដែរ​ និង​ក្នុង​រយៈពេល​វែង​ទៀត​ផង​។

    ពេល​ម៉ាក់​ៗ​ផឹក​គ្រឿង​ស្រវឹង ជាតិ​អាល់កុល​នឹង​ឆ្លង​តាម​ឈាម​របស់​យើង​ទៅ​ទង​សុក និង​ចម្លង​ដល់​កូន​យើង​ដែរ។ ថ្លើម​របស់​កូន​យើង​មិន​ទាន់​លូត​លាស់​បាន​ល្អ​នៅ​ឡើង​ទេ​ក្នុង​ត្រីមាស​ដំបូង ពោល​គឺ​ថ្លើម​កូន​លូត​លាស់​បាន​ល្អ​ពេញ​លេញ​នៅ​ជិត​ដល់ពេល​សម្រាល​ឯណោះ។

    ម៉ាក់ៗ​ត្រូវ​ដឹងថា​កូន​ក្នុង​ផ្ទៃ​មិន​អាច​បំប្លែង​ជាតិអាល់​កុល​​បាន​ល្អ​ដូច​យើង​ជា​មនុស្ស​ធំ​នោះ​ទេ ដូច​នេះ​ជាតិ​អាល់​កុល​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​លូត​លាស់​របស់​កូន​ក្នុង​ផ្ទៃ។ ពិសេស​ប់​ម៉ាក់ៗ​ផឹក​គ្រឿង​ស្រ​វឹង​នៅ​ត្រី​មាស​ដំបូង​ អាច​ប្រ​ឈម​នឹង​រលូត​កូន កូន​កើត​មិន​គ្រប់ខែ ឬ​កូន​កើត​មិន​គ្រប់​គីឡួ​ទៀត​ផង។

    តើ​មាន​ផល​ប៉ះពាល់​អ្វី​ទៀត​បើ​ម៉ាក់ៗ​ផឹក​គ្រឿង​ស្រវឹង​ពេល​ពពោះ?

    ផល​ប៉ះពាល់​ដែល​បាន​រៀបរាប់​ខាង​លើ​គឺ​មិន​ទាន់​អស់​នោះ​ទេ ការ​ផឹក​គ្រឿង​ស្រវឹង​ពេល​ពោះ​ពោះ​អាច​បង្ក​ផល​វិបាក​ពី​ស្រាល​ទៅ​ធ្ងន់​ធ្ងរ​ទៅ​តាម​កម្រិត​ដែល​​ម៉ាក់ៗ​បាន​ផឹក។ ខាង​ក្រោម​នេះ​ជា​ផល​វិបាក​ផ្សេង​ៗ​ដែល​អាច​កើត​មាន​លើ​កូន​ក្នុង​ផ្ទៃ និង​ក្រោយ​សម្រាល៖

  • ប៉ះពាល់​ដល់​ការ​លូតលាស់ ឬ​បំផ្លាញ​កោសិកា​ខួរក្បាល និង​ឆ្អឹង​ខ្នង
  • កូន​មាន​បញ្ហា​ក្បាល​តូច មុខ​សំប៉ែត
  • ក្រិន ឬ​លូត​លាស់​មិន​ស្រប​តាម​វ័យ
  • ខ្សោយ​បញ្ញា ឬ​មាន​អកប្បកិរិយា​ខុសប្រក្រតី
  • ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​អ៊ីចឹង​ បើ​យើង​មាន​បំណងយក​កូន ឬកំពុង​មាន​ផ្ទៃពោះ ឬ​កំពុង​បំបៅ​ដោះ​កូន មិន​គួរ​ផឹក​គ្រឿង​ស្រ​វឹង​នោះ​ទេ ទោះ​ក្នុ​ង​កម្រិត​ណា​ក៏​ដោយ ដើម្បី​សុវត្តិ​ភាព​ចំពោះ​សុខ​ភាព និង​ការ​លូត​លាស់​របស់​កូន​យើង។

    យ៉ាង​ណាមិញ បើ​យើង​ជា​មនុស្ស​ចូលចិត្ត ឬញៀន​ស្រា យើង​ត្រូវ​តែ​ហ៊ាន​និយាយ​ដោយ​បើក​ចំហ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ទទួល​បាន​ការ​ប្រឹក្សា​ត្រឹម​ត្រូវ និង​ដឹង​ថា​អាច​ប៉ះ​ពាល់​បែប​ណា​ខ្លះ​ដល់​កូន​របស់​យើង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Oct 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម