ទឹកម្នាស់ជាប្រភេទភេសជ្ជៈផ្ដល់គុណប្រយោជន៍សម្បូរបែបដល់ស្ត្រីកំពុងពពោះ ដោយសារវាមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗ ដែលទារកកំពុងលូតលាស់ត្រូវការជាចាំបាច់ ដើម្បីទទួលបានសុខភាពល្អ។ ស្ត្រីពពោះមួយចំនួនមានការព្រួយបារម្ភពីសុវត្ថិភាពនៃទឹកម្នាស់ ព្រោះមានការយល់ច្រឡំពីឥទ្ធិពលនៃសមាសធាតុ Bromelain ទៅលើមាត់ស្បូន។ ពិតណាស់ ទឹកម្នាស់សម្បូរទៅដោយវីតាមីន C ជាសារធាតុចិញ្ចឹមសំខាន់ ដើម្បីជួយដល់ការលូតលាស់ឆ្អឹង ស្បែក ឆ្អឹងខ្ចី និងសរសៃពួរ របស់ទារកក្នុងផ្ទៃ។ ជាទូទៅ ស្រ្តីពពោះត្រូវការវីតាមីនC ប្រចាំថ្ងៃ យ៉ាងហោចណាស់៨៥មិល្លីក្រាម។ ទឹកម្នាស់ផ្ទុកវីតាមីនCចំនួន២៥មិល្លីក្រាមក្នុងមួយពែង។ បន្ថែមពីនេះ ទឹកម្នាស់ក៏ផ្ដល់សារធាតុចិញ្ចឹមជាច្រើនទៀត រួមមានវីតាមីនA និងB-6 សារធាតុ Folate, Niacin, Thiamin ជាតិដែក ម៉ាញេស្យូម ប៉ូតាស្យូម និងម៉ង់ហ្គាណែហ្ស។