បើស្រីៗគ្នាយើងកំពុងតែចង់បានកូន សំខាន់ណាស់ត្រូវចាំថា មានកត្តាជាច្រើនអាចជះឥទ្ធិពល ធ្វើឲ្យយើងគ្មានកូនបាន ហើយកត្តាធំបំផុត គឺជាការប្រើថ្នាំពេទ្យតែម្តង។ ហេតុនេះ “Hello គ្រូពេទ្យ’ នឹងលើកយកអត្ថបទពាក់ព័ន្ធថ្នាំមួយចំនួន យើងគួរចៀសវាងនៅពេលកំពុងចង់បានកូន ឲ្យគ្នាយើងបានដឹង នឹងអាចត្រៀមខ្លួនទាំងអស់គ្នា ទើបផែនការពពោះយើងអាចទទួលបានជោគជ័យ។
១- ផលិតផលអ័រម៉ូនសម្រាប់ថែរក្សាសម្ផស្ស
អ័រម៉ូនអឺស្ត្រូហ្សែន និងប្រូហ្គេស្តេរ៉ូន ក្នុងកម្រិតខ្ពស់ ដែលមាននៅក្នុងផលិតផលគ្រឿងសំអាង និងផលិតផលថែរក្សាស្បែក ដូចជា ជែលលាបសក់ ឡេលាបស្បែក ឡេការពារកម្តៅថ្ងៃ ឬម៉ាសមុ អាចមានឥទ្ធិពលលើអ័រម៉ូនអឺស្ត្រូហ្សែន អាចរំខានដល់ការបញ្ចេញមេជីវិតញី និងមានការថយចុះនូវចំណង់ផ្លូវភេទចំពោះស្រីៗ។ មានការណែនាំចំពោះស្រីៗគ្នាយើង មានរោគសញ្ញាបង្ហាញថា មានកម្រិតអ័រម៉ូនអឺស្ត្រូហ្សែនឡើងខ្លាំង គួរតែញ៉ាំបន្លែពពួកស្ពៃក្ដោប (Cruciferous vegetables) ឲ្យបានច្រើន ដើម្បីកាត់បន្ថយនូវកម្រិតអ័រម៉ូនអឺស្ត្រូហ្សែនក្នុងខ្លួន។
២- ថ្នាំព្យាបាលជំងឺផ្លូវចិត្ត
ជំងឺបាក់ទឹកចិត្ត និងជំងឺថប់បារម្ភ អាចបណ្តាលអត្រាគ្មានកូនកាន់តែខ្ពស់ តែស្រីភាគច្រើន មិនបានដឹងទេថា ថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ត និងថ្នាំប្រឆាំងជំងឺផ្លូវចិត្តផ្សេងទៀត អាចមានជះឥទ្ធិពលមិនល្អ បណ្តាលឲ្យយើងគ្មានកូន។ ក្នុងការសិក្សាផ្សេងៗគ្នា ពពួកថ្នាំ SSRIs (Selective Serotonin Reuptake Inhibitors) ដែលជាធាតុផ្សំទូទៅនៅក្នុងថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្តនៅពេលបច្ចុប្បន្ន បានបង្ហាញថា មានឥទ្ធិពលអាចបន្ថយនូវចំណង់ផ្លូវភេទទាំងប្រុសៗ និងស្រីៗ។ ស្រីៗប្រើថ្នាំ SSRIs រយៈពេលយូរអំឡុងពេលពពោះ អាចបណ្តាលឲ្យរលូតកូន កូនកើតមិនគ្រប់ខែ ដោយសារតែការកើនឡើងកម្រិតអ័រម៉ូន Prolactin។ ជំនាញផ្នែកសុខភាព និងផ្ទៃពោះ បានណែនាំឲ្យស្រីៗគ្នាយើងព្យាបាលជំងឺបាក់ទឹកចិត្តតាមបែបធម្មជាតិ តាមរយៈការញ៉ាំរបបអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្គា ៣ ឬដោយបង្កើនសកម្មភាពផ្នែករាងកាយ។ សម្រាប់គ្នាយើងមិនមានលេចចេញរោគសញ្ញា គួរតែឈប់ប្រើថ្នាំនេះយ៉ាងហោចណាស់ឲ្យបាន ៦ ខែ។
អត្ថបទពាក់ព័ន្ធ៖
- ប្រើថ្នាំព្យាបាលជំងឺបាក់ទឹកចិត្តពេលពពោះ ប៉ះពាល់កូនក្នុងផ្ទៃដែរអត់?
- ប្រើថ្នាំព្យាបាលមុន ពេលកំពុងមានផ្ទៃពោះ អាចប៉ះពាល់ដល់កូនអត់?
៣- ថ្នាំប្រឆាំងសារធាតុ Histamine
សារធាតុ Histamine មិនត្រឹមតែអាចការពាររាងកាយពីការឆ្លងមេរោគប៉ុណ្ណោះទេ ថែមទាំងមានតួនាទីយ៉ាងធំក្នុងការបញ្ចេញ និងផ្សាំមេជីវិតញីចូលក្នុងស្បូនផងដែរ ដូច្នេះថ្នាំប្រឆាំងសារធាតុ Histamine ក៏អាចមាននាទីរារាំងដល់ឱកាសមានផ្ទៃពោះ ដោយរំខានដល់ការបញ្ចេញមេជីវិតញីផងដែរ។ បើយើងកំពុងមានផ្ទៃពោះ មិនគួរប្រើថ្នាំប្រឆាំង Histamine ទេ ព្រោះប្រភេទថ្នាំនេះមួយចំនួន មានដូចជា ថ្នាំ Chlorpheniramine អាចបណ្តាលឲ្យមានការវិវត្តទៅជាជំងឺភ្នែកលើទារកទើបនឹងកើត។
៤- ថ្នាំប្រឆាំងនឹងការរលាក
ពពួកថ្នាំ COX-2 inhibitors និងពពួកថ្នាំ NSAIDs (ថ្នាំប្រឆាំងការរលាកមិនមែនជាពពួកស្តេរ៉ូអ៊ីត) ដូចជាថ្នាំ Advil ថ្នាំ Ibuprofen ឬ Motrin អាចបញ្ឈប់ដល់ការបញ្ចេញមេជីវិតញីបណ្តោះអាសន្ន និងរារាំងដល់សមត្ថភាពបញ្ចេញមេជីវិតញី ហើយស្ថានភាពនេះ ត្រូវគេហៅថា LUFS ឬបណ្តុំរោគសញ្ញានៃ luteinizing unruptured follicle syndrome ដោយវាមានលទ្ធភាពកាត់បន្ថយការផលិតទឹករំអិលរបស់មេជីវិតទៀតផង។
ថ្នាំដទៃទៀតអាចកាត់បន្ថយឱកាសមានកូនរបស់ស្រីៗបាន រួមមាន ថ្នាំលើសឈាម ថ្នាំព្យាបាលជំងឺឈឺក្បាលប្រកាំង ថ្នាំក្អក ថ្នាំ Clomiphene និងថ្នាំព្យាបាលដំបៅក្រពះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]