«មានកូនតាមប្រាថ្នា មិនមែនតាមការចៃដន្យ» គឺជាពាក្យស្លោកដែលលើកទឹកចិត្តដល់គ្រួសារចង់បានកូន ឲ្យគិតគូរតាំងពីមុនពពោះ។ នេះជាការលើកឡើងរបស់ សាស្ត្រាចារ្យ គុំ កាណាល់ ប្រធានសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា។
ថ្លែងក្នុងកម្មវិធី Vitabiotics-Education Meet 2019 កាលពីពេលកន្លងទៅ លោកបានពន្យល់ពីហេតុផលដែលគ្រួសារនីមួយៗត្រូវយល់ដឹងពីការធ្វើផែនការគ្រួសារ ដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់ចំពោះសមាជិកថ្មី មានទាំងការគិតគូរសុខភាពម៉ាក់ៗ និងកូន នោះទើបគ្រួសារមានសុភមង្គល និងជីវភាពរស់នៅដោយសមរម្យ។ លោកក៏ជំរុញឲ្យបុគ្គលិកសុខាភិបាល គួរតែផ្ដល់ព័ត៌មាននេះដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ព្រោះវានឹងជួយទាំងម្ដាយ និងកូនមានសុខភាពល្អ។
អត្ថបទពាក់ព័ន្ធ៖ ផលវិបាកប្ដីប្រពន្ធប្រញាប់យកកូន ទាំងគ្មានផែនការច្បាស់លាស់
សាស្ត្រាចារ្យរូបនេះ ក៏បន្ថែមទៀតថា “នៅពេលយើងទទួលបានសមាជិកគ្រួសារ ដោយមានផែនការច្បាស់លាស់ នោះយើងអាចគិតចេញពីអនាគតដ៏ល្អរបស់គេ។ ព្រោះយើងបានត្រៀមខ្លួនជាម្ដាយដែលមានសុខភាពល្អម្នាក់ កូនក្នុងផ្ទៃក៏ល្អដូចគ្នាដែរ ហើយពេលកូនមានសុខភាពល្អ ការសិក្សារៀនសូត្រក៏ទទួលលទ្ធផលល្អដែរ”។
ថ្លែងពីគម្រោងមានកូនដោយមានគម្រោង ប្រធានសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា បានឲ្យដឹងទៀតថា អ្នកដែលបានត្រៀមខ្លួនធ្វើជាអាណាព្យាបាលគេ ប្រាកដជាបានគិតគូរវែងឆ្ងាយ ទាំងផ្នែកសុខភាព និងជីវភាពរស់នៅ។ កាលណាមានការគិតគូរដិតដល់ នោះមានការត្រៀមទុកប្រាក់កាសទុកផ្គត់ផ្គង់ពេលមានបញ្ហាសុខភាពក៏គ្រប់គ្រាន់។
[embed-health-tool-ovulation]