កូនក្រៅស្បូន គឺជាការបង្កកំណើតរបស់កូន ដែលស្ថិតនៅខាងក្រៅប្រហោងស្បូន ហើយកូនក្រៅស្បូននេះដែរ ភាគច្រើននៅក្នុងបំពង់ដៃស្បូន ដែលបង្កលក្ខណៈមិនអាចមានផ្ទៃពោះដូចមនុស្សធម្មតា។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត សូ សំណាង ឯកទេសទូទៅ បម្រើការងារនៅគ្លីនិក មង្គលទួលសង្កែ។
លោកបន្តថា វាមិនត្រឹមតែនៅក្នុងបំពង់ដៃស្បូនប៉ុណ្ណោះទេ ពេលខ្លះក៏អាចកើតនៅក្នុងក្រពេញអូវែ មាត់ស្បូន ឬក្នុងពោះជាដើម ហើយមានកត្តាជាច្រើនដែលនាំឲ្យស្ត្រីជួបបញ្ហាកូនក្រៅស្បូននេះ ហើយក្នុងនោះមានដូចជា៖
– ជក់បារី
– មានប្រវត្តិកូនក្រៅស្បូន
– ធ្លាប់ឆ្លងមេរោគនៅអាងត្រគៀកពីមុន
– មានជំងឺ Endometriosis
– ធ្លាប់វះកាត់ដៃស្បូនពីមុន
– ធ្លាប់វះកាត់ពោះពីមុន
– ការប្រើប្រាស់ឧបករណ៍ពន្យារកំណើត ធ្វើនៅក្នុងស្បូន (IUCD ឬ IUD)
ចំពោះរោគសញ្ញាទូទៅវិញវេជ្ជបណ្ឌិតរូបនោះ បានឲ្យដឹងថាមិនមានអ្វីច្រើនឡើយ គឺបាត់រដូវ ឈឺពោះ និងមានហូរឈាមតាមទ្វារមាសពណ៌ក្រម៉ៅ ដែលនេះជារោគសញ្ញាទូទៅពេលកូនក្រៅស្បូនមិនទាន់ធ្លាយ។ ប៉ុន្តែពេលខ្លះរោគសញ្ញាទាំងនោះ មិនទាន់ប្រាកដ ១០០% ដែរ ទាល់តែតាមដានជាមួយគ្រូពេទ្យជំនាញសិន ទើបអាចវិនិច្ឆ័យតាមបានច្បាស់។
ដើម្បីឲ្យដឹងច្បាស់ថាមានកូនក្រៅស្បូនឬអត់ គ្រូពេទ្យនឹងពិនិត្យទៅលើ៖
– ឧបករណ៍មើលក្នុងស្បូន (Coeliosopie)
– ពិនិត្យអត្រាអ័រម៉ូន
-ពិនិត្យអេកូពោះ និងអេកូក្នុងទ្វារមាស
-ពិនិត្យឈាម-ទឹកនោម។
រីឯវិធីព្យាបាលវិញ គឺមើលតាមស្ថានភាពកូននោះ បើមិនទាន់ធ្លាយអាចចោះយកតាមដៃស្បូន ហើយបើធ្លាយគឺប្រើវិធីវះកាត់។
អត្ថបទពាក់ព័ន្ធ៖
- កូនក្រៅស្បូន បើទុកយូរអាចនាំទុក្ខដល់ម៉ាក់ៗកាត់ដៃស្បូនម្ខាងចោល
- កូនក្រៅស្បូនមកពីបញ្ហាច្រើន ម៉ាក់ៗប្រហែសតែបន្តិចគ្រោះថ្នាក់ដល់ជីវិត
[embed-health-tool-ovulation]