រាល់ការពពោះមិនមែនរលូនរហូតទៅតាមការគិតរបស់យើងទេ។ ចំពោះស្ត្រីពពោះ ទម្រាំសម្រាលកូនបានមកសុខភាពល្អ គ្មានបញ្ហាអី គឺត្រូវថែទាំខ្លួនឲ្យបានល្អមែនទែន។ ជួនកាលដល់ថ្ងៃសម្រាលហើយ កូនមិនព្រមបង្វិលក្បាលចុះក្រោម នៅទម្រង់បញ្ច្រាសនៅឡើយ។ ករណីកូនបញ្ជ្រាស ជាបញ្ហាប្រឈមមួយដល់ស្ត្រីគ្រប់ៗរូប។
តាមមន្ទីរពេទ្យ កាល់ម៉ែត ការសម្រាលកូនទម្រង់បញ្ច្រាស ជាការសម្រាលកូនដោយផ្នែក ដែលកើតចេញមកមុនគេ ជាទម្រង់គូទ ឬជើង ហើយផ្នែកក្បាលចេញមកតាមក្រោយវិញ។ ទម្រង់នេះមានពី ៣-៤% នៃស្ត្រីមានផ្ទៃពោះទាំងអស់។ ក្នុងករណីដែលម៉ាក់ៗពពោះមានបញ្ហាកូនបញ្ច្រាសជើង ម៉ាក់ៗនៅតែអាចសម្រាលតាមបែបធម្មជាតិបាន តែលុះត្រាតែម៉ាក់ៗមានលក្ខណដូចខាងក្រោម៖
– មានអាងត្រគាកទូលាយល្អ និងមិនធាត់ខ្លាំង
– មិនធ្លាប់វះកាត់យកកូនពីមុន
– គ្មានជំងឺផ្ទាល់ខ្លួន ដែលអាចប្រឹងក្នុងការសម្រាលកូនបាន
– គ្មានសុកពាំងមាត់ស្បូន
– កូនមានទម្ងន់ចន្លោះ ២.៥០០-៣.៨០០ ក្រាម
– ក្បាលកូនមិនធំខ្លាំង និងមិនងើយ
– ទារកក្នុងពោះមិនខ្សោយ
– មិនបែកទឹកភ្លោះយូរ មុនពេលសម្រាល
– មានការយល់ព្រមពីម្ដាយ និងក្រុមគ្រួសារក្នុងការសម្រាលកូនបែបធម្មជាតិ។ល។
យើងអាចដឹងថាស្ត្រីពពោះមានបញ្ហាកូនបញ្ច្រាសជើងបានតាមរយៈការស្ទាបពោះម៉ាក់ ការស្ដាប់បេះដូងកូនដែលស្ថិតនៅផ្នែកលើនៃផ្ចិតម៉ាក់ ការពិនិត្យអេកូសាស្ត្រ និងការលូកមាត់ស្បូនម្ដាយ។ ហើយបញ្ហាកូនក្នុងផ្ទៃមានទម្រង់បញ្ច្រាសជើង អាចបណ្ដាលមកពីបញ្ហាច្រើនរួមមាន កូនមិនគ្រប់ខែ ទឹកភ្លោះច្រើនលើសលប់ ឬតិចតួច ទងសុកខ្លី ឬរុំក ជាដើម។
[embed-health-tool-due-date]