ម៉ាក់ៗ ឬដៃគូគួរទូរស័ព្ទទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីសួរពិគ្រោះយោបល់ និងដំបូន្មាននៅមុនថ្ងៃកំណត់ឈឺពោះសម្រាល។ បើសិនម៉ាក់ៗមានរោគសញ្ញាផ្លូវដង្ហើម ឬសញ្ញាទាក់ទងនឹងជំងឺកូវីដ-១៩ផ្សេងៗទៀត (ក្អក ហៀរសំបោរ ក្ដៅខ្លួន…) ម៉ាក់ៗត្រូវប្រាប់ទៅកាន់មន្ទីរពេទ្យឲ្យបានដឹងមុន។ ធ្វើបែបនេះ ខាងគ្រូពេទ្យជំនាញអាចរៀបចំវិធានការការពារទុកមុនពេលយើងទៅដល់ ឬចាត់វិធានការការពារផ្សេងៗទៀត។
២. ប្រាប់អ្នកផ្ដល់សេវាឲ្យបានច្បាស់លាស់
ម៉ាក់ៗគួរតែនិយាយប្រាប់គ្រូពេទ្យពីជម្រើស និងស្ថានភាពរបស់ខ្លួនឲ្យបានច្បាស់លាស់។ ម៉ាក់ៗអាចប្រាប់អ្នកជំនាញពីការធ្វើចលនាចុះឡើងនៅពេលឈឺពោះសម្រាល និងឥរិយាបថសម្រាលកូនដែលចង់បាន ឬស្នើរសុំវិធីសាស្ត្របន្ថយការឈឺចាប់ផ្សេងៗ។ ប៉ុន្តែ បើម៉ាក់ៗមានអារម្មណ៍ថាឈឺក្បាល វិលមុខ ថប់ដង្ហើម ឬឈឺពោះខ្លាំងពិបាកទ្រាំ គួរតែប្រាប់ទៅកាន់គ្រូពេទ្យឲ្យដឹងជាបន្ទាន់។