មានរឿងកក្រើកផ្នែកវេជ្ជសាស្ត្រមួយ កាលពីម្សិលមិញ គឺស្ត្រីម្នាក់ បានសម្រាលកូនពីស្បូន ដែលទទួលបានតាមរយៈការវះកាត់ផ្លាស់ប្ដូរពីអ្នកផ្សេង។ នេះជាដំណឹងល្អមួយ សម្រាប់ស្ត្រីដែលពុំអាចមានកូនបាន ដោយសារតែបញ្ហាស្បូន។
នេះជាករណីដំបូង នៅអាមេរិក និងជាករណីទី២ លើពិភពលោក ដែលស្រ្តីម្នាក់បានសម្រាលកូន ដែលទទួលបានតាមរយៈការវះកាត់ផ្លាស់ប្ដូរពីអ្នកផ្សេង។ វេជ្ជបណ្ឌិត បានសម្រាលកូនឲ្យស្ត្រីដែលសុំមិនបញ្ចេញអត្តសញ្ញាណម្នាក់នេះ ដោយវះកាត់ កាលពីខែមិថុនា កន្លងទៅ។ គ្លីនិក Cleveland ដែលទទួលខុសត្រូវលើករណីនេះ បញ្ជាក់ថា ទាំងការវះកាត់ផ្លាស់ប្ដូរ និងផ្ដល់កំណើត ជាផ្នែកមួយនៃការស្រាវជ្រាវរបស់គ្លីនិក ដើម្បីជួយស្ត្រី ដែលមិនអាចមានកូនបាន ដោយសារបញ្ហាស្បូន។
គ្លីនិកដដែលបន្ថែមថា វេជ្ជបណ្ឌិតបានវះកាត់ផ្លាស់ប្ដូរស្បូនឲ្យស្រ្តីខាងលើនេះ កាលពីឆ្នាំ២០១៧ ខណៈដែលស្ត្រីម្នាក់នេះ កើតមកពុំមានស្បូននោះទេ។ បន្ទាប់មក ស្ត្រីម្នាក់នេះ បានចាប់ផ្ដើមពពោះ នៅចុងឆ្នាំ ២០១៨ តាមរយៈការបង្កកំណើតក្រៅខ្លួន (In Vitro Fertilization)។
អត្ថបទពាក់ព័ន្ធ៖
- កូនក្រៅស្បូន បើទុកយូរអាចនាំទុក្ខដល់ម៉ាក់ៗកាត់ដៃស្បូនម្ខាងចោល
- ស្រីៗមានស្បូនព្រែកអាចមានកូនបានធម្មតា ដូចគេឯងអត់?
ការសម្រាលកូន ដែលទទួលបានដោយការវះកាត់ផ្លាស់ប្ដូរដូច្នេះ បានកើតឡើងលើកទី១ នៅក្នុងប្រទេសប្រេស៊ីល នៅឆ្នាំ២០១៧។ ស្រដៀងគ្នានឹងករណីខាងលើដែរ ស្ត្រីវ័យ ៣២ឆ្នាំម្នាក់ ដែលកើតមកពុំមានស្បូន បានវះកាត់ផ្លាស់ប្ដូរស្បូនរបស់ស្ត្រីវ័យ ៤៥ឆ្នាំម្នាក់ ដែលស្លាប់ដោយជំងឺដាច់សរសៃឈាមខួរក្បាល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]