ជាធម្មតាអ្នកសម្រាលកូនដោយវះកាត់ បាត់បង់ឈាមច្រើនជាងម៉ាក់ៗសម្រាលតាមធម្មជាតិ។ ហេតុដូចនេះហើយ ទើបស្ត្រីដែលសម្រាលដោយវះកាត់តែងតែមានអាការៈវិលមុខ ធីងធោង ល្ហិតល្ហែ អស់កម្លាំង ឬឈឺក្បាលក្រោយប៉ុន្មានថ្ងៃបន្ទាប់។ នេះបើតាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានបញ្ជាក់។
វេជ្ជបណ្ឌិតរូបនោះបន្តទៀតថា អាការៈទាំងនោះនឹងបាត់ទៅវិញអំឡុង ១-២ សប្ដាហ៍ប៉ុណ្ណោះ តែយើងត្រូវសម្រាក និងញ៉ាំឲ្យបានគ្រប់គ្រាន់។ ក្រៅពីនោះប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ អាការៈទាំងនោះក៏អាចមកពីការធ្លាក់ឈាមក្រោយសម្រាលបន្ថែមទៀតដែរ។
តែសម្រាប់ម៉ាក់ៗដែលសម្រាលយូរហើយ មិនថាតាមបែបធម្មជាតិ ឬវះកាត់ឡើយបែរនៅតែមានអាការៈវិលមុខមិនឈប់ គួរតែត្រឡប់ទៅជួបគ្រូពេទ្យវិញជាបន្ទាន់ ដើម្បីឲ្យគ្រូពេទ្យជំនាញពិនិត្យទៅតាមបច្ចេកទេស។ តែត្រូវចាំថា បើអាការៈវិលមុខធីងធោង ព្រោះអត់ងងុយ ឬញ៉ាំមិនបានគ្រប់គ្រាន់ ធ្វើការងារផ្ទះច្រើន និងត្រូវបំបៅកូនដោយទឹកដោះទៀតនោះ ម៉ាក់ៗត្រូវបំប៉នខ្លួនដោយអាហារសម្បូរជីវជាតិ។
មួយវិញទៀតបើយើងគិតថា ខ្លួនមិនរឹងមាំឡើងវិញ កុំទាន់ហ៊ានធ្វើការងារធ្ងន់ៗ ឬបង្អត់ខ្លួនដើម្បីឲ្យឆាប់ស្រកទម្ងន់ឲ្យសោះ ព្រោះវាប៉ះពាល់ចំពោះសុខភាពខ្លាំងទៅវិញទេ។ ដូចនេះអ្វីដែលខ្លួនត្រូវធ្វើ ពេលមានអាការៈវិលមុខ ត្រូវរកទឹកផ្លែឈើផ្អែមៗផឹក និងសម្រាលឲ្យត្រឹមត្រូវ។ ចំណែករបបអាហារក្រោយសម្រាលកូន ត្រូវតែមានទាំងបន្លែ ត្រី សាច់ និងជាតិទឹកទើបអាចផ្ដល់ថាមពលដល់រាងកាយបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕