backup og meta

វិធីព្យាបាលក្បាលដោះរបួស ដោយសារកូនខាំពេល​បំបៅ

វិធីព្យាបាលក្បាលដោះរបួស ដោយសារកូនខាំពេល​បំបៅ

ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ គឺ​ជា​វិធី​សាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​មើលចិញ្ចឹមបីបាច់​កូនឲ្យមានសុខភាពល្អ។ ប៉ុន្តែក្នុងអំឡុង​ពេល​បំបៅ​ដោះ​កូន​ ម៉ាក់​ជាច្រើន​តែង​ទទួល​រងការ​ដាច់​រហែក ឬ​ឈឺ​នៅ​ក្បាល​ដោះ។ ដូចនេះហើយស្រ្តីទាំងឡាយមិនគួរមើល​រំលង​ការ​ឈឺ​ចាប់​នៅ​ក្បាល​ដោះ ឬ​ការ​ដាច់​រហែក​នោះទេ​ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ខ្លួនឯងច្រើន។

១- មូលហេតុក្បាលដោះដាច់របួស

មូល​ហេតុ​ចម្បង​នៃ​ការ​ប្រេះ​ដាច់​ រហែក​នៅ​ក្បាល​ដោះ​អាច​បណ្ដាល​មក​ពី​ការ​ខាំញេញៗ ឬខាំ​ទាញរបស់កូនពេលកំពុង​បៅ ហើយ​ករណី​នេះ​កើតឡើង​នៅពេល​កូន​ដុះ​ធ្មេញ​ដំបូងៗ និង​ពេល​ទឹកដោះ​លែង​ចេញ តែ​កូន​បៅ​មិនទាន់ឆ្អែត។ ចំណែក​មូលហេតុ​មួយ​ទៀត​អាច​មកពីការ​បី​កូន​ក្នុង​ទំរង់​មិន​ត្រឹម​ត្រូវ ដោយ​ដាក់​កូន​ទាប​ពេក ហើយ​កូន​ព្យាយាមខាំ​ទាញ​ដោះ​ កុំឲ្យរបូត​ពី​មាត់។​

ក្នុង​ករណី​ស្រាល ម៉ាក់ៗ​អាច​ផ្លាស់​ប្តូរ​ជំហរ និង​របៀប​​បំបៅ​កូន តែប្រសិន​បើ​សម្គាល់​ឃើញ​ថា​មិន​មាន​ភាព​ប្រសើរ​ឡើង​ក្រោយ ៤៨ ម៉ោង​នោះ​ គួរ​តែ​ទៅ​រក​ជំនួយ​ពី​អ្នក​ពិគ្រោះ​យោបល់​ខាង​បំបៅ​ដោះ​កូន​ ដើម្បី​រក​ពី​មូល​ហេតុ​នៃ​ការ​ឈឺ​ចាប់​របស់យើង​។ ស្ត្រី​ដែល​លែង​បំបៅ​ដោះ​កូន​ហើយ ប៉ុន្តែ​នៅ​តែ​មាន​ការ​ដាច់​ប្រេះ​នៅ​លើ​ក្បាល​ដោះ ​ត្រូវ​ទៅ​រក​ការ​ព្យាបាល​ឲ្យ​បាន​ឆាប់។ ចំណែកមូលហេតុ​មួយ​ទៀត គឺ​ដោយសារ​ម៉ាក់​ៗ​ប្រើ​ឧបករណ៍​បូម​ទឹកដោះ ហើយ​ប្រើ​កម្លាំងច្របាច់​ខ្លាំងពេក ក៏​អាច​បណ្ដាលឲ្យ​រយះសាច់​ក្បាលដោះ​បាន​ដែរ។

២- វិធីព្យាបាលលើក្បាលដោះដែលដាច់រហែកពេលបំបៅកូន

ក្នុងអំឡុង​ពេល​បំបៅ​ដោះ​កូន

  • ប្តូរ​ទី​តាំង​កូន​​ពេល​បំបៅ៖ អ្នក​ជំនាញ​បាន​ណែនាំ​ ពេល​ដែល​បំបៅ​កូន​​ត្រូវ​លើកបី​កូន​​ក្នុង​ទីតាំង​បញ្ឆិត​ក្បាលខ្ពស់ គូទ​ទាប ហើយ​ត្រូវ​ដាក់​​ច្រមុះ​កូន​ខ្ពស់ជាងទីតាំង​ក្បាល​ដោះ។ អញ្ចាញ​ធ្មេញ​ខាង​ក្រោម​របស់​កូន​ ត្រូវ​ដាក់​ឲ្យ​ចំ​ផ្នែក​ខាង​ក្រោម​នៃ​ក្បាល​ដោះ​ ​រួចត្រូវ​ឱប​កូន​​​ពេល​កំពុងបៅ ហើយ​​ត្រូវ​ប្រាកដ​ថា​ក្បាល​ដោះ​របស់​យើង​​ទាំង​មូល​បាន​ត្រូវ​ចូល​ទៅ​ក្នុង​មាត់​របស់​កូន​។ ចៀសវាង​ពេល​កូន​ខាំ ព្យាយាម​ទាញ​ដោះ​ចេញ នោះ​អាច​បណ្ដាលឲ្យ​របួស​កាន់តែ​ខ្លាំង ត្រូវ​គោះ​កូន ដើម្បី​ឲ្យ​ឈប់ ឬចាប់មាត់​គេកុំឲ្យខាំបន្ត ហើយ​បើនៅតែ​មិន​ឈប់ ត្រូវ​បញ្ឈប់​សកម្មភាព​បៅ​សិន។

បំបៅដោះ

  • ត្រូវ​ស្វែង​យល់​ពី​ទីតាំង​​ក្នុង​ការ​បំបៅ​ដោះ​កូន៖ ម៉ាក់ៗ​​ត្រូវ​សាក​ល្បង​​កន្លែង​បំបៅ​ផ្សេង​ៗ​គ្នា​ ដើម្បី​ស្វែង​រក​ទីតាំង​ដែល​ធ្វើ​ឲ្យ​​ស្រួល​ខ្លួន​ឯង និង​កូន​។ ក្នុង​ទីតាំង​ដែល​ត្រឹម​ត្រូវ​អាច​ធ្វើ​ឲ្យ​កូន​បៅ​បាន​ស្រួល និង​មិន​បណ្តាល​ឲ្យ​អ្នក​មាន​ការ​ឈឺ​ចាប់ខ្លួនឯង​ពេល​កូន​កំពុង​បៅ​។ ​បើ​យើង​មាន​ការ​ឈឺ​ចាប់​នៅ​ក្បាល​ដោះ​ម្ខាង នោះ​​គួរ​តែ​ឲ្យ​កូន​បៅ​​​ដោះ​ម្ខាង​ទៀត​ដែល​មិន​មាន​ការ​ឈឺ​ចាប់ឲ្យអស់ទឹកដោះសិន ចាំ​ប្ដូរទៅ​ដោះ​ម្ខាង​ទៀត​ នោះយើង​​នឹង​លែង​សូវ​ឈឺ​ ព្រោះ​កូន​​មិនសូវប្រឹងបឺត។
  • លាង​កន្លែង​របួស​មុន​ពេល​បំបៅ​កូន៖ ប្រសិន​បើ​ក្បាល​ដោះ​របស់​យើង​​មាន​ការ​ឈឺ​ចាប់​ខ្លាំង នោះ​គួរ​តែ​ស្អំ​ទឹក​កក​ដើម្បី​ឲ្យ​ស្ពឹក​ព្រោះ​ជា​ធម្មតា​វា​តែង​មាន​ការ​ឈឺ​ចាប់​នៅ​ពេល​ដំបូង​នៅ​ពេលឲ្យកូនបៅ។

ក្រោយ​ពេល​បបៅ​ដោះ​កូន

  • លេប​ថ្នាំ៖ ក្នុង​ករណី​​​ឈឺ​ចាប់ និង​ការ​ដាច់​ប្រេះ​មិន​ជា​ទៅ​វិញ​ដោយ​ខ្លួន​ឯង យើង​​អាច​លេប​ថ្នាំ​តាម​វេជ្ជបញ្ជា និង​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​បាន។
  • ត្រូវ​លាង​សម្អាត​ក្បាល​ដោះ​​ដោយ​ប្រុង​ប្រយ័ត្ន៖ ក្រោយ​ការ​បំបៅ​ដោះ​កូន​ យើង​ត្រូវ​លាង​សម្អាត​ក្បាល​ដោះ​​ថ្នម​ៗ​ជាមួយ​នឹង​ទឹក​ក្តៅឧណ្ហៗ​​ ដើម្បី​ការ​ពារ​កុំ​ឲ្យ​ប្រេះ​ដាច់​។ ប្រសិន​បើ​ក្បាល​ដោះ​​មាន​ស្នាម​ប្រេះ និង​ហូរ​ឈាម ​នោះ​យើង​​ត្រូវ​លាង​ជម្រះ​ក្បាល​ដោះ​ឲ្យ​បាន​ស្អាត​ជាមួយ​ទឹក​សេរ៉ូម​ប្រៃ (saline) ឬ​លាង​នឹង​ទឹក​ធម្មតាមុនពេលឲ្យកូនបៅ​ ហើយ​ត្រូវ​លាង​សម្អាត​ដោះទាំងមូលផងដែរ ​ដោយ​ប្រើ​សាប៊ូ​ដែល​មិន​មាន​ក្លិនក្រអូប ​ដើម្បី​សម្អាត​មុខ​របួស និង​ជួយ​ឲ្យ​របួស​​ឆាប់​ជា​សះ​ស្បើយ។
  • លាប​ថ្នាំ​ប្រឆាំង​បាក់តេរី៖ ប្រេង​ប្រឆាំង​បាក់តេរី​ត្រូវ​បាន​ប្រើ​សម្រាប់​មុខ​របួស​ដែល​ចំហរ។ ក្នុង​ករណី​ដែល​ការ​បំបៅ​ដោះ​កូន​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេក ​យើង​​ត្រូវ​បញ្ឈប់​ការ​បំបៅ​ដោះ​កូន​មួយ​រយៈ​សិន​រហូត​ដល់​​អាច​គ្រប់​គ្រង​ស្ថាន​ភាព​នៃ​ការ​ឈឺ​ចាប់​របស់​យើង​​បាន។ យើង​អាច​បូម​ទឹក​ដោះ​​ទុក​​នៅ​ក្នុង​ទូ​ទឹក​កក​បាន។ យើងអាច​សួរ​គ្រូពេទ្យ​​​អំពី​វិធី​ត្រឹម​ត្រូវ​នៃ​ការ​បូម​ទឹក​ដោះ​ និង​ការ​ថែរក្សា​ទឹក​ដោះ​ ដើម្បី​កុំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​បន្ថែម​នៅ​លើ​ក្បាល​ដោះ​ ហើយក្នុង​ករណី​ធ្ងន់​ធ្ងរ​ជាង​នេះ ប្រសិន​បើ​ម៉ាក់ៗ​​សម្គាល់​ឃើញ​ថា​មាន​ការ​រលាក ឡើង​ពក​បែក មាន​ខ្ទុះ និង​ក្តៅ​ខ្លួន​នោះ​វា​គឺ​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ ដូច្នេះ​​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ​ឲ្យ​បាន​ឆាប់​ដើម្បី​ការ​ពារ​ពី​ការ​ចម្លង​​រោគ​ដូច​ជា​ជំងឺ​រលាក​សុដន។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Cracked or bleeding nipples. http://www.babycenter.com/0_cracked-or-bleeding-nipples_8493.bc. Accessed January 23, 2017.

Healing Tips for Nipple Cracks or Abrasions. http://kellymom.com/bf/concerns/mother/nipplehealing/. Accessed January 23, 2017.

10 ways to prevent and treat sore nipples. http://www.todaysparent.com/baby/top-10-ways-to-prevent-and-treat-sore-nipples/. Accessed January 23, 2017.

កំណែ​ប្រែបច្ចុប្បន្ន

01/12/2021

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទារកទើប​កើត គួរ​បំបៅដោះ​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ?​

ម៉ាក់ៗកំពុងបំបៅដោះកូន អាចញ៉ាំទឹកឃ្មុំបានអត់?​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Dec 01, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម