ស្ត្រេសពេលពពោះ ស្រីៗយើងពិតជាចៀសមិនផុតនោះទេ ដែលនេះកើតឡើងដោយសារតែយើងប្រែប្រួលរាងកាយ និងអ័រម៉ូន ហើយបើយើងស្រ្តេសម្ដងម្កាលមិនជាថ្វីនោះទេ តែថាបើស្ត្រេសយូរពេកអាចបង្កផលប៉ះពាល់ទាំងសុខភាពម៉ាក់ៗ និងកូនក្នុងផ្ទៃទៀតផង។
អត្ថបទ Hellokrupet មុនៗបាននិយាយច្រើនហើយពីមូលហេតុស្រីៗយើងកើតស្រ្តេសពេលពោះ និងផលប៉ះពាល់ដល់កូន ហើយពេលនេះនឹងប្រាប់ម៉ាក់ៗថាត្រូវដោះស្រាយបែបណាបើយើងមានស្ត្រេសពេលពពោះវិញម្ដង។
១. ផ្ដោតអារម្មណ៍លើកូនជាសំខាន់
វាជាការល្អណាស់បើម៉ាក់ៗអាចបង្វែរអារម្មណ៍ខ្វល់ខ្វាយពីរឿងផ្សេង មកគិតដល់កូនក្នុងផ្ទៃយើងឲ្យបានច្រើនវិញនោះ។ កុំខ្វល់រឿងផ្សេងច្រើនពេក ងាកមកកូនក្នុងផ្ទៃវិញ ម៉ាក់ៗដឹងទេចាប់ពីសប្ដាហ៍ទី២៣នៃការពពោះទៅអូនៗអាចស្តាប់ ឮម៉ាក់ៗនិយាយហើយ។ ដូចនេះ នៅចាំអីទៀត ម៉ាក់គួរកុំគិតច្រើនរឿងរ៉ាវដែលធ្វើឲ្យយើងខ្វល់ចិត្ត ងាកមកនិយាយលេងជាមួយកូនក្នុងផ្ទៃ ឬអានសៀវភៅឲ្យអូនស្ដាប់ក៏បាន។ ការធ្វើបែបនេះ អាចជួយឲ្យស្រីៗយើងគិតរឿងវិជ្ជមានពេលមានផ្ទៃពោះបានកាន់តែច្រើន។
២. សម្រាក និងគេងឲ្យបានគ្រប់គ្រាន់
ក្នុងអំឡុងពេលពពោះនេះ ម៉ាក់ៗត្រូវចេះសង្កេតពីខ្លួនយើងឲ្យបានច្រើន បើយើងមានអារម្មណ៍ថាអស់កម្លាំង ទៅសម្រាកបន្តិចទៅ អាចគេងមួយភ្លែត ឬបើពេលយប់ត្រូវឆាប់ចូលគេង។ ការគេងបានគ្រប់គ្រាន់ជារឿងសំខាន់ណាស់ក្នុងអំឡុងពេលនេះ មិនថាចំពោះសុខភាពផ្លូវកាយ ឬចិត្តនោះទេ។ បើយើងមានការងារផ្ទះច្រើន យើងគួរស្នើដៃគូឲ្យជួយរំលែកខ្លះ ដើម្បីយើងមានពេលខ្លះបានសម្រាក។
៣. ចេះស្វែងរកជំនួយ
បើយើងមានកង្វល់ច្រើនជាមួយនឹងសុខភាពកូនក្នុងផ្ទៃ ឬបញ្ហាសុខភាពផ្ទាល់ខ្លួន កុំស្ទាក់ស្ទើរក្នុងការពិភាក្សាជាមួយគ្រូពេទ្យជំនាញ។ ពេលណាយើងនិយាយបញ្ហា ឬកង្វល់នានាចេញមកកាន់តែច្រើន យើងនឹងទទួលបានការជ្រោមជ្រែងកាន់តែច្រើនផងដែរ។
ដូចគ្នាដែរ ក្រៅពីពិភាក្សាជាមួយគ្រូពេទ្យ យើងក៏គួរប្រាប់ដៃគូយើងឲ្យបានដឹងដូចគ្នា ពីអ្វីដែលយើងកំពុងបារម្ភ។ ការជជែកគ្នា នឹងធ្វើឲ្យអ្នកទាំងពីរអាចយល់ពីបញ្ហា និងក្ដីកង្វល់របស់គ្នាបានកាន់តែច្រើន និងអាចដោះស្រាយ ឬរំលែកទុក្ខគ្នាបានកាន់តែឆាប់។
៤. ញ៉ាំអាហារល្អចំពោះសុខភាព
រឿងដែលកាន់តែសំខាន់នោះ គឺសុខភាពនេះឯង បើយើងថែទាំសុខភាពមិនបានល្អ កូនក្នុងផ្ទៃក៏មានបញ្ហាទៅតាមហ្នឹងដែរ។ ម៉ាក់ៗត្រូវព្យាយាមញ៉ាំអាហារសុខភាព ទៅតាមការណែនាំរបស់គ្រូពេទ្យ។ មិនត្រឹមតែញ៉ាំអាហារដែលល្អចំពោះសុខភាពទេ ត្រូវញាំឲ្យបានទៀងទាត់ផងដែរ។ ដូចគ្នាដែរ កុំភ្លេចញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ គឺអាចញ៉ាំចន្លោះពី៦ទៅ៨កែវក្នុងមួយថ្ងៃ(១កែវប្រហែល២០០មិល្លីលីត្រ) ដើម្បីឲ្យរាងកាយមានជាតិទឹកគ្រប់គ្រាន់។
៥. ហាត់ប្រាណ
ទោះបីជាយើងកំពុងមានផ្ទៃពោះក៏ដោយការហាត់ប្រាណនៅតែសំខាន់ចំពោះសុខភាពផ្លូវកាយ និងចិត្តរបស់ម៉ាក់ៗ។ ក្នុងអំឡុងពេលនេះម៉ាក់ៗអាចដើរហាត់ប្រាណ ឬហាត់យូហ្កា ជាដើម។ ការហាត់ប្រាណជួយបញ្ចេញសារធាតុគីមីម្យ៉ាងធ្វើឲ្យម៉ាក់ៗមានអារម្មណ៍ល្អ ដែលនេះជាការណ៍សំខាន់មួយសម្រាប់ម៉ាក់កាត់បន្ថយស្រ្តេសពេលពពោះ។
[embed-health-tool-ovulation]