អំឡុងពពោះ ស្ត្រីប្រែប្រួលគ្រប់យ៉ាង ក្នុងនោះមានទាំងការប្រែប្រួលរាងកាយ របបអាហារ អារម្មណ៍ជាដើម។ បើតាមលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត ស្ត្រីផ្ទៃពោះមានសុខភាពខ្សោយជាងស្ត្រីធម្មតា ឯគ្រាប់ឈាមក៏ចុះថយ ដោយត្រូវបែងចែកចំណីអាហារដែលខ្លួនញ៉ាំចូល ទៅចិញ្ចឹមកូនក្នុងផ្ទៃ។
លោកវេជ្ជបណ្ឌិតថា អំឡុងពេលពពោះស្រីៗតែងអស់កម្លាំងខុសធម្មតា សុខភាពក៏ខ្សោយដែរ បែបនេះហើយទើបគ្រូពេទ្យណែនាំឲ្យស្ត្រីពពោះសម្រាកឲ្យបានគ្រប់គ្រាន់ ញ៉ាំឲ្យបានច្រើន ចៀសវាងការធ្វើការលើសកម្លាំង ហើយបើមានអ្នកជួយម៉ាស្សា និងសម្រាលការងារខ្លះៗកាន់តែប្រសើរ។
ចំណែកអាការៈមួរម៉ៅខុសធម្មតាវិញ គឺដោយសារអ័រម៉ូនប្រែប្រួល ឯរាងកាយក៏ប្រែប្រួលដែរ ពិបាកទាំងការគេង ដេក ដើរ ឈរអង្គុយបែបនេះទើបស្ត្រីពពោះប្រែប្រួលអារម្មណ៍ ឆាប់មួរម៉ៅជាងពេលធម្មតា។ អំឡុងពេលនេះបុរសជាប្តីគួរតែលើកចិត្តនាងឲ្យបានច្រើន ហើយមិនត្រូវប្រកាន់ឡើយ បើនាងលើសលោះសម្តីលើនោះ។
តាមការពន្យល់របស់លោកស្រី អ៊ួង លីដា នាយសាល ផ្នែកបន្ទប់សម្រាល នៃមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក អារម្មណ៍មួម៉ៅ ស្មុគស្មាញពេលពពោះអាចប៉ះពាល់ដល់ការលូតលាស់កូនក្នុងផ្ទៃទៀតផង។ លោកស្រីថា តែកាលណាម្តាយពិបាកចិត្ត ស្មុគស្មាញច្រើន នោះកូនក្នុងពោះក៏ស្មុគស្មាញ ស្ត្រេសទៅតាមនោះដែរ អ៊ីចឹងហើយពេលពពោះទោះជាលំបាក ឬជួបបញ្ហាមិនសប្បាយចិត្ត ក៏ម៉ាក់ៗត្រូវចេះទប់អារម្មណ៍ ធ្វើចិត្តឲ្យរីករាយ ទើបមិនប៉ះទង្គិចដល់ផ្លូវចិត្តយើងផង ផ្លូវចិត្តកូនយើងទៀត។
[embed-health-tool-ovulation]