បញ្ហាឈឺក្បាល ពេលខ្លះអាចធ្វើឲ្យយើងពិបាកទ្រាំ ពិសេសចំពោះម៉ាក់ថ្មីថ្មោង។ អំឡុងសម្រាលកូនរួចប្រហែលមួយសប្ដាហ៍ ម៉ាក់ៗមួយចំនួន ចាប់ផ្ដើមមានអាការៈឈឺក្បាល ដែលអាចបង្កឡើងដោយកត្តាសាមញ្ញធម្មតា តែមានបញ្ហាសុខភាពខ្លះ អាចធ្វើឲ្យម៉ាក់ៗឈឺក្បាលក្រោយសម្រាលបានដូចគ្នា។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនសែនសុខ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានពន្យល់ឲ្យដឹងថា អាការៈឈឺក្បាលក្រោយសម្រាលអាចកើតឡើងដោយសារបម្រែបម្រួលកម្រិតអ័រម៉ូន estrogen បន្ទាប់ពីស្ត្រីពពោះរួច។ នៅក្នុងករណីកម្រខ្លះ ម៉ាក់ៗថ្មីថ្មោងឈឺក្បាលអាចបណ្ដាលមកពីបញ្ហាសុខភាពធ្ងន់ធ្ងរក៏ថាបាន។ លោកបន្តថា មួយវិញទៀត ក្រោយសម្រាលរួច កម្រិតអ័រម៉ូន estrogen របស់ស្ត្រីមានការធ្លាក់ចុះយ៉ាងគំហុក ជាហេតុក៏អាចធ្វើឲ្យម៉ាក់ៗថ្មីថ្មោង ងាយកើតជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូនដែរ។
មូលហេតុចម្បងនៃបញ្ហាឈឺក្បាលក្រោយសម្រាលមានដូចជា៖
- ស្ត្រេស
- គេងមិនគ្រប់គ្រាន់
- ហត់ អស់កម្លាំង
- ខ្វះជាតិទឹក
- អ័រម៉ូន estrogen ធ្លាក់ចុះ។
មូលហេតុសុខភាពធ្ងន់ធ្ងរបណ្ដាលឲ្យឈឺក្បាលក្រោយសម្រាល៖
- ជំងឺបម្រុងក្រឡាភ្លើង ឬក្រឡាភ្លើង
- ប្រតិកម្មថ្នាំមួយចំនួន
- ដុះដុំសាច់ខួរក្បាល
- ឈឺឆ្អឹងខ្នង
- ជំងឺរលាកស្រោមខួរ។
វេជ្ជបណ្ឌិតរូបនេះឲ្យដឹងទៀតថា ក្នុងករណី ម៉ាក់ៗឈឺក្បាលទាំងពេលសម្រាកនៅមន្ទីរពេទ្យនៅឡើយ ក្រុមគ្រូពេទ្យនឹងត្រូវធ្វើ CT ស្កេន ឬ MRI ដើម្បីកំណត់មូលហេតុនៃការឈឺក្បាលក្រោយសម្រាលឲ្យប្រាកដ និងព្យាបាលឲ្យបានលឿន។ ប៉ុន្តែ បើម៉ាក់ៗ ឈឺក្បាលតិច-មធ្យម និងមិនមានចេញរោគសញ្ញាគ្រោះថ្នាក់ទេនោះ យើងអាចព្យាបាលបានដូចអាការៈឈឺក្បាលទូទៅដូចជា៖
១. ស្អំទឹកក្ដៅ ឬទឹកកក
២. គេង ឬសម្រាកឲ្យគ្រប់គ្រាន់
៣. សម្រាកក្នុងបន្ទប់មានពន្លឺតិច និងស្ងប់ស្ងាត់
៤. ញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីនតិច
៥. ម៉ាស្សា ឬចាក់ម្ជុលវិទ្យាសាស្ត្រ
៦. ញ៉ាំទឹកឲ្យច្រើនៗ
៧. ញ៉ាំថ្នាំបំបាត់ការឈឺចាប់(ញ៉ាំតិចតួចបាន)។
[embed-health-tool-ovulation]