មានជំនឿតៗគ្នា ញ៉ាំអាហារសាច់សុទ្ធ អាចប៉ូវកម្លាំងបានខ្លាំង ពិសេសពពួកសាច់ក្រហមដូចជាសាច់គោ សាច់ជ្រូក សាច់ចៀម កូនចៀម និងកូនគោជាដើម ខណៈទស្សនៈនេះអាចត្រឹមត្រូវខ្លះដែរ ប៉ុន្តែក៏មានហានិភ័យសុខភាពដូចគ្នា។ អត្ថបទនេះ “Hello គ្រូពេទ្យ’ នឹងបង្ហាញខ្លះៗពីគុណសម្បត្តិ និងគុណវិបត្តិពេលញ៉ាំសាច់សុទ្ធឲ្យគ្នាយើងបានដឹង។
១- គុណសម្បត្តិ
បង្កើនថាមពលបានលឿន
មានហេតុផលជាច្រើន សម្រាប់ក្មេងៗគួរញ៉ាំអាហារសម្បូរសាច់ក្រហម ព្រោះជួយឲ្យរាងកាយ និងបញ្ហាស្មារតីលូតលាស់លឿន និងរឹងមាំ។ សាច់ក្រហម គឺជាប្រភពដ៏អស្ចារ្យនៃជាតិដែក ដែលរាងកាយត្រូវការយ៉ាងចាំចាច់ដើម្បីបង្កើតគ្រាប់ឈាមក្រហម (Hemoglobin) ព្រោះឈាមមានតួនាទីសំខាន់ នាំយកអុកស៊ីហ្សែនទៅចិញ្ចឹមគ្រប់កោសិកាទាំងអស់ក្នុងរាងកាយ។
បើគ្មានជាតិដែកគ្រប់គ្រាន់ ដំណើរការទាំងនេះ នឹងធ្លាក់ចុះ នាំឲ្យជាតិដែក ត្រូវគេចាត់ទុកជាសាធាតុរ៉ែដ៏សំខាន់សម្រាប់គ្រប់គ្រងកម្រិតថាមពលក្នុងរាងកាយ។ យោងតាមការណែនាំចេញផ្សាយលើកាសែត The New York Times គ្នាយើងដែលមានបញ្ហាខ្វះជាតិដែក អាចប្រឈមមានអារម្មណ៍ល្ហិតល្ហៃ គ្មានកម្លាំងកំហែង ដកដង្ហើមខ្លី និងឈឺក្បាល។
ជួយប្រព័ន្ធភាពស៊ាំកាន់តែខ្លាំងក្លា
មានប្រព័ន្ធភាពស៊ាំដ៏ល្អមួយ ជាគ្រឹះរឹងមាំជួយឲ្យជីវិតរស់នៅមានសុខភាពល្អ ពិសេសអំឡុងពេលរដូវផ្តាសាយចូលមកដល់។ វិធីសាស្ត្រអស្ចារ្យជាងគេដើម្បីជួយប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ គឺត្រូវប្រាកដថា រាងកាយយើងទទួលបានជាតិស័ង្កសីគ្រប់គ្រាន់។
ការសិក្សាបញ្ជាក់ថា សាច់គោ ១០០ក្រាម មានផ្ទុកជាតិស័ង្កសីសរុបដល់ទៅ ៣៤% នៃតម្រូវការប្រចាំថ្ងៃរបស់យើង ហើយនៅពេលយើងញ៉ាំជាតិនេះពីអាហារផ្សេងៗទៀត ពិសេសគ្រាប់ធញ្ញជាតិ វានឹងកាន់តែជួយរាងកាយមានលទ្ធផលទាញជាតិស័ង្កសីពីសាច់ក្រហមកាន់តែខ្ពស់។
លើសពីនេះ វេជ្ជបណ្ឌិត Rikki Keen ធ្លាក់លើកឡើងថា អាហារប្រភេទសាច់អាំងដូចជាស្តេក ឬសាច់ជ្រូកអាំង អាចជួយរាងកាយជួសជុលរបួសតូចៗលើសាច់ដុំរបស់យើង តាមរយៈអាស៊ីអាមីណូមានក្នុងសាច់ទាំងនេះ។
គាំទ្រដល់ការធ្វើមេតាបូលីស
យើងទាំងអស់គ្នា គ្មាននរណាម្នាក់ថាមិនចង់បានការធ្វើមេតាបូលីសក្នុងរាងកាយបានល្អនោះទេ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ ដំណើរការមេតាបូលីសយើង នឹងចុះខ្សោយបន្តិចម្តងៗ។ ដើម្បីដោះស្រាយបញ្ហានេះបាន គ្នាយើងត្រូវស្វែងរកអាហារណាដែលសម្បូរវីតាមីន B12 ដែលជាវីតាមីនល្អបំផុតជួយជំរុញការធ្វើមេតាបូលីសក្នុងរាងកាយ។ អ្វីកាន់តែពិសេសនោះ គឺសម្រាប់គ្នាយើងចូលចិត្តញ៉ាំសាច់ក្រហម ដូចជាសាច់គោនោះ គឺជាប្រភពជាវីតាមីន B12 យ៉ាងច្រើនដែលរាងកាយយើងត្រូវការ។
អត្ថបទពាក់ព័ន្ធ៖
- តិចនិកពិសេស ជួយរាងកាយធ្វើមេតាបូលីសកាន់តែលឿន សុខភាពកាន់តែល្អ
- វិធីជំរុញមេតាបូលីសដុតថាមពលក្នុងរាងកាយ ជួយកុំឲ្យក្លាយជាកាម៉ាប់ៗ
ពង្រឹងសុខភាពខួរក្បាល
យើងទាំងអស់គ្នា សុទ្ធតែចង់មានសុខភាពខួរក្បាលល្អយូរបំផុតតាមអាចធ្វើទៅបាន ហើយវិធីតែមួយគត់អាចជួយខួរក្បាលមានសុខភាពល្អ គឺត្រូវបន្ថែមអាស៊ីដខ្លាញ់អូមេហ្គា ៣ ក្នុងរបបអាហារប្រចាំថ្ងៃឲ្យបានច្រើន។
យោងតាមភ្នាក់ងារព័ត៌មាន CNN ការវិភាគលើការសិក្សាសរុប ៦៧ ដោយប្រៀបធៀបទៅលើសាច់ធម្មជាតិ និងសាច់កែច្នៃ រាប់បញ្ចូលទាំងសាច់គោ សាច់មាន់ ជ្រូក ចៀម ពពែជាដើមនោះនាំឲ្យអ្នកស្រាវជ្រាវរកឃើញថា សាច់សត្វធម្មជាតិ ដែលយើងនិយមហៅថា អាហារសរីរាង្គនោះ គឺមានគុណប្រយោជន៍ល្អខ្លាំងនៅពេលយកមកចម្អិនជាអាហារ។ អ្នកស្រាវជ្រាវរកឃើញថា សាច់សរីរាង្គ គឺមានផ្ទុកអាស៊ីដខ្លាញ់អូមហ្គា ៣ រហូតដល់ទៅ ៤៧% ច្រើនជាងសាច់ដែលចញ្ចឹមតាមកសិដ្ឋាន ឬកែច្នៃ ដែលនេះមានន័យថា សាច់ក្រហមធម្មជាតិ គឺល្អខ្លាំងសម្រាប់សុខភាពខួរក្បាល។
២- គុណវិបត្តិ
បង្កើនហានិភ័យកើតមហារីកច្រើនប្រភេទ
ពពួកសាច់ក្រហម ជាយូរមកហើយ ត្រូវអ្នកស្រាវជ្រាវចាត់ទុកជាកត្តាមួយជួយជំរុញកើតជំងឺមហារីក។ ជាក់ស្តែង សាច់ក្រហម គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយជំងឺមហារីកពោះវៀនធំ។ អ្នកស្រាវជ្រាវលើកឡើងថា គ្នាយើងចូលចិត្តញ៉ាំសាច់ក្រហម នឹងបង្កើនហានិភ័យមហារីក ២០-៣០ ភាគរយ។
លើសពីនេះ សាច់ក្រហម ក៏មានទំនាក់ទំនងជាមួយជំងឺមហារីកលំពែង មហារីកសុដន់ មហារីកក្រពេញប្រូស្តាត ជាដើម ហេតុនេះ ត្រូវកម្រិតបរិមាណយើងញ៉ាំឲ្យបានត្រឹមត្រូវ។
អាចនាំឲ្យកើតជំងឺទឹកនោមផ្អែម
សាច់ក្រហម ក៏មិនជាល្អប៉ុន្មានសម្រាប់សុខភាពរាងកាយយើងទាំងមូលនោះដែរ ហើយអាចនាំហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ ២ បានទៀតផង។
យោងតាមការស្រាវជ្រាវរបស់សាលាសុខភាពសាធារណៈ នៃសាកលវិទ្យាល័យ Harvard គ្នាយើងមានរបបអាហារសម្បូរសាច់ក្រហម ប្រមាណ ៣,៥ ដង/សប្តាហ៍ នឹងបង្កើនហានិភ័យវិវត្តទៅរកជំងឺទឹកនោមផ្អែម ក្នុងនោះ មាន ៥០% គឺវិវត្តទៅជាទឹកនោមផ្អែមអំឡុង ៤ឆ្នាំទៅមុខ។
ប្រឈមជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល
មិនមែនជារឿងភ្ញាក់ផ្អើលនោះទេ ដែលថា សាច់ក្រហមមិនចាំបាច់សម្រាប់សុខភាពបេះដូងនោះ។ យោងតាមទស្សនាវដ្តី SFGate សាច់ក្រហម នឹងធ្វើឲ្យជាតិកូលេស្តេរ៉ូល និងខ្លាញ់ឆ្អែតក្នុងរាងកាយយើងកើនឡើង។ កត្តានេះ មិនត្រឹមតែបង្កើនហានិភ័យជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលប៉ុណ្ណោះទេ ប៉ុន្តែអាចថែមទាំងនាំឲ្យយើងឡើងទម្ងន់ខ្លាំងទៀតផង ដែលជាកត្តាបង្កើនមហានិភ័យជំងឺលើសឈាម និងសរសៃឈាមបេះដូង។
មានទំនាក់ទំនងនឹងការស្លាប់មុនអាយុ
កត្តាភាគច្រើនកើតចេញពីចំណូលចិត្តញ៉ាំអាហារសាច់សុទ្ធ គឺនាំឲ្យស្លាប់មុនអាយុ។ ជាក់ស្តែង ការសិក្សារបស់សាលាវេជ្ជសាស្ត្រ Harvard រកឃើញទំនាក់ទំនងរវាងសាច់ក្រហម និងមូលហេតុនាំឲ្យស្លាប់ និងអាចស្លាប់ទាំងវ័យក្មេង បើសិនជាយើងញ៉ាំអាហារសម្បូរសាច់ជារៀងរាល់ថ្ងៃ។ ករណីស្លាប់ភាគច្រើន គឺដោយសារជំងឺសរសៃឈាមបេះដូង និងជំងឺមហារីកតែម្តង។
អត្ថបទពាក់ព័ន្ធ៖
- គេងមិនគ្រប់គ្រាន់ធ្វើឲ្យមានបញ្ហាទាំងនេះដល់ខួរក្បាល
- ប្តីល្អធ្វើរឿងមួយនេះបាន ពេលប្រពន្ធពពោះ កូនកើតមកនឹងរីករាយ ខួរក្បាលឆ្លាត
- ចង់ឲ្យកូនប្រើខួរក្បាលទាំងសងខាង ក្លាយជាក្មេងឆ្លាត កុំឲ្យកូនរៀនតែលេខអក្សរឲ្យសោះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]