គ្នាយើងដឹងហើយថាការផឹកទឹកគឺសំខាន់សម្រាប់សុខភាពណាស់។ ចុះបើយើងបានបន្ថែមទឹកឃ្មុំទៅក្នុងទឹកក្ដៅឧណ្ហៗ និងផឹករាល់ថ្ងៃ តើទឹកឃ្មុំអាចផ្តល់ប្រយោជន៍អ្វីខ្លះដល់សុខភាពយើង? តោះស្វែងយល់ទាំងអស់គ្នា។
១. បន្ថយឧស្ម័នក្នុងពោះវៀន
ប្រសិនជាយើងមានបញ្ហាហើមពោះ ឬមានអារម្មណ៍ថាមានឧស្ម័នក្នុងពោះជាប្រចាំ ការផឹកទឹកក្ដៅឧណ្ហៗលាយជាមួយទឹកឃ្មុំអាចជួយបន្សាបឧស្ម័នចេញពីពោះវៀនបាន។
២. ពង្រឹងប្រព័ន្ធភាពស៊ាំ
ទឹកឃ្មុំអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើងបានយ៉ាងល្អ។ ទឹកឃ្មុំធម្មជាតិគឺអាចផ្តល់ប្រយោជន៍កាន់តែច្រើនដល់សុខភាពដោយសារទឹកឃ្មុំធម្មជាតិសំបូរដោយអង់ស៊ីម វីតាមីន និងជាតិរ៉ែដែលអាចការពារយើងពីបាក់តេរីផ្សេងៗ។
៣. បញ្ចេញជាតិពុល
ទឹកក្ដៅឧណ្ហៗលាយជាមួយនឹងទឹកឃ្មុំគឺជាជម្រើសដ៏ល្អដើម្បីបញ្ចេញជាតិពុលពីក្នុងខ្លួនយើង។ យកល្អយើងអាចបន្ថែមក្រូចឆ្មារបន្តិចព្រោះអាចជួយដល់ការបញ្ចុះនោមបាន។
៤. ស្បែកភ្លឺរលោង
ទឹកឃ្មុំគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិដែលអាចកម្ចាត់នូវកាកសំណល់ផ្សេងៗ ហើយទឹកឃ្មុំក៏ជាសារធាតុប្រឆាំងបាក់តេរីដែលអាចជួយរក្សាស្បែកយើងឲ្យស្អាត និងភ្លឺរលោង។
៥. ជួយសម្រកទម្ងន់
យើងអាចបារម្ភពីជាតិស្ករក្នុងទឹកឃ្មុំ ប៉ុន្តែជាតិស្ករក្នុងទឹកឃ្មុំគឺខុសពីពពួកស្ករស ព្រោះស្ករក្នុងទឹកឃ្មុំជាស្ករធម្មជាតិ។ ស្ករធម្មជាតិអាចជួយឲ្យយើងមិនឃ្លានអាហារមានជាតិស្ករផ្សេងៗដូចជានំខេក សូកូឡា និងភេសជ្ជៈផ្អែមផ្សេងទៀត។ បើយើងផ្លាស់ប្តូរទម្លាប់ពីការផឹកភេសជ្ជៈមានជាតិស្ករមកផឹកទឹកឃ្មុំ យើងអាចបន្ថយកាឡូរីដែលរាងកាយទទួលបានរហូតដល់ ៦៤%។
៦. សម្រួលដល់អាការៈឈឺ ក
ទឹកក្ដៅឧណ្ហៗលាយជាមួយនឹងទឹកឃ្មុំអាចជួយសម្រាលអាការៈឈឺ កបាន។ ទឹកឃ្មុំជាឱសថធម្មជាតិសម្រាប់ជួយព្យាបាលការឆ្លងមេរោគនៅផ្លូវដង្ហើម និងអាការៈក្អក។
៧. រក្សាកម្រិតជាតិស្ករក្នុងឈាម
ដូចបានលើកឡើងខាងលើថាស្ករក្នុងទឹកឃ្មុំជាស្ករធម្មជាតិដែលជា fructose និង glucose។ ស្ករពីរប្រភេទនេះអាចជួយរាងកាយរក្សាកម្រិតជាតិស្ករក្នុងឈាម និងបញ្ចុះកូលេស្តេរ៉ូលដែរ។
៨. បង្ការជំងឺបេះដូង
សារធាតុ flavonoids និងសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងទឹកឃ្មុំជួយការពារ និងបន្ថយហានិភ័យជំងឺបេះដូង។ ការសិក្សាបង្ហាញថាទឹកឃ្មុំពន្យឺតដំណើរអុកស៊ីតកម្មនៃខ្លាញ់អាក្រក់នៅក្នុងឈាមដែលអាចបង្កគ្រោះថ្នាក់ដល់បេះដូង និងឈានទៅរកការគាំងបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
[embed-health-tool-bmr]