នៅពេលដែលយើងមានវ័យកាន់តែច្រើន រាងកាយចាប់ផ្ដើមផលិតកូឡាជែនកាន់តែតិច ហើយកង្វះកូឡាជែននេះ នឹងធ្វើឲ្យស្នាមជ្រីវជ្រួញលេចឡើងច្បាស់ជាងមុនបន្តិចម្ដងៗ។ ជាមួយគ្នានេះដែរ ប្រសិនបើស្បែករបស់យើងបាត់បង់ភាពយឺត វានឹងប្រែទៅជាយារធ្លាក់ ក៏ដូចជាមានស្នាមជ្រីវជ្រួញ។ ការប្រែប្រួលនៃស្បែកនេះ គឺជាសញ្ញាទូទៅដែលបញ្ជាក់ថាខូឡាជែននៃស្បែកត្រូវបានថយចុះ។ យ៉ាងណាមិញ ស្រីៗយើងអាចបំពេញបន្ថែមនូវខូឡាជែននៃស្បែក និងកាត់បន្ថយស្នាមជ្រីវជ្រួញបានយ៉ាងមានប្រសិទ្ធភាពតាមវិធីសាស្ត្រងាយៗខាងក្រោមនេះ។
១. ផលិតផលផ្សំពីអាស៊ីដHyaluronic
អាស៊ីដHyaluronic គឺជាសមាសធាតុផ្សំសម្រាប់ផលិតខូឡាជែននៃស្បែក ហើយស្រីៗយើងគួរជ្រើសរើសសេរ៉ូម ឬគ្រីមដែលផ្សំពីអាស៊ីដមួយប្រភេទនេះ ដើម្បីពន្យារស្នាមជ្រីវជ្រួញដ៏គួរឲ្យស្អប់ខ្ពើម។ បន្ថែមពីនេះ អាហារដែលសំបូរទៅដោយអាស៊ីដអាមីណូ ដូចជាសណ្ដែក បន្លែមើម (ការ៉ុត ឆៃថាវ ដំឡូង…) ក៏មានផ្ទុកអាស៊ីដHyaluronic នេះដែរ។
២. វីតាមីនC
ដើម្បីទទួលបានស្បែកភ្លឺរលោង យើងមិនអាចមើលរំលងវីតាមីនCបានឡើយ។ ទោះបីជាវីតាមីនដ៏អស្ចារ្យនេះមិនត្រូវបានផលិតនៅក្នុងរាងកាយយើងក៏ពិតមែន ប៉ុន្តែយើងអាចទទួលបានវាតាមរយៈអាហារសុខភាពមួយចំនួនដូចជា ផ្លែក្រូច ល្ហុង ដំឡូងបារាំង ស្វាយ និងផ្កាខាត់ណាជាដើម។ ជាក់ស្តែង វីតាមីនC មានតួនាទីសំខាន់ណាស់ក្នុងការការពារសុខភាពស្បែក និងបង្កើតខូឡាជែននៅក្នុងរាងកាយ។
៣. ជែលប្រទាលកន្ទុយក្រពើ
យោងតាមការសិក្សាមួយបានបង្ហាញថា ការប្រើប្រាស់ប្រទាលកន្ទុយក្រពើអាចជួយបង្កើនការផលិតអាស៊ីដHyaluronicនិងខូឡាជែននៃស្បែកទ្វេដង។ លើសពីនេះ វាក៏អាចជួយរំញោចកោសិកាឲ្យលូតលាស់ ដើម្បីកាត់បន្ថយការលេចចេញស្នាមជ្រីវជ្រួញផងដែរ។ ដូចនេះ យើងគប្បីជ្រើសរើសជែលប្រទាលកន្ទុយក្រពើមកលាបនៅលើស្បែកដោយផ្ទាល់ ឬប្រើប្រាស់ផលិតផលថែរក្សាសម្រស់ដែលផ្សំឡើងពីប្រទាលកន្ទុយក្រពើ។
៤. សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម
រាងកាយរបស់យើងប្រើប្រាស់សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដើម្បីការពារខ្លួនពីរ៉ាឌីកាល់សេរី ដែលបំផ្លាញដល់រាងកាយ។ ថ្វីត្បិតតែសារធាតុប្រឆាំងនឹងអុកស៊ីតកម្មមិនអាចជួយដល់ការផលិតខូឡាជែនក៏ពិតមែន ប៉ុន្តែវាជួយការពារខូឡាជែនក្នុងរាងកាយមិនឲ្យបាត់បង់ ក៏ដូចជាបំពេញមុខងាររបស់ខ្លួនបានយ៉ាងល្អប្រសើរ។ រីឯអាហារដែលផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មមានដូចជា តែបៃតង ផ្លែប្លូប៊ឺរី និងជីនាងវង ជាដើម។
៥ ប្រើប្រាស់ផលិតផលថែសម្រស់ដែលមានផ្ទុកRetinol
Retinol គឺជា សមាសធាតុផ្សំទូទៅ ដែលមាននៅក្នុងផលិតផលថែរក្សាសម្រស់ជាច្រើន ហើយវាក៏ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មមួយប្រភេទ ដែលចម្រាញ់ចេញពីវីតាមីនA និងត្រូវបានប្រើប្រាស់ក្នុងការបង្កើនកម្រិតខូឡាជែននៅក្នុងស្បែក។ ជាងនេះទៅទៀត វាជួយបង្កើនអាយុកាលនៃខូឡាជែន ក៏ដូចជាទប់ស្កាត់អង់ស៊ីមមួយចំនួនដែលបំផ្លាញខូឡាជែនថែមទៀតផង។
[embed-health-tool-bmr]