អាលែកហ្ស៊ី សំដៅទៅលើប្រតិកម្មរាងកាយប្រឆាំងនឹងអ្វីមួយមកពីខាងក្រៅ រាប់បញ្ចូលទាំងអាហារយើងញ៉ាំផងដែរ។ ក្មេងៗមួយចំនួន គឺមានប្រតិកម្មជាមួយអាហារដែលញ៉ាំ ដែលបណ្តាលមានការឡើងរោលកន្ទួលក្រហមស្បែក ក្អួត ពិបាកដកបង្ហើម សន្លប់ ហើយក្នុងករណីធ្ងន់ធ្ងរ អាចបណ្តាលឲ្យស្លាប់ទៀតផង។ ហេតុនេះ ប៉ាម៉ាក់ ទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ នឹងចេះកត់សម្គាល់អាហារណាល្អសម្រាប់កូន និងអាហារណាធ្វើឲ្យកូនមានអាលែកហ្ស៊ី។ “Hello គ្រូពេទ្យ’ នឹងពន្យល់ពីអាលែកហ្ស៊ីចំណីអាហារលើក្មេងៗ ក្នុងអត្ថបទខាងក្រោមនេះ។
១- អ្វីជាបញ្ហាអាលែកហ្ស៊ីអាហារ?
អាលែកហ្ស៊ីអាហារ កើតឡើងពេលរាងកាយយើង ចាត់ទុកអាហារជារបស់មានគ្រោះថ្នាក់ ដោយវាផ្ដល់សញ្ញាទៅដល់ប្រព័ន្ធការពាររាងកាយ ផលិតអង់ទីករវាយតបត្រឡប់ទៅវិញ។ រាល់ការប៉ះពាល់ជាមួយអាហារទាំងអស់ មានដូចជាការប៉ះ ញ៉ាំ ឬហិតក្លិន វានឹងធ្វើឲ្យរាងកាយយើងបញ្ចេញសារធាតុគីមីជាក់លាក់មួយ ហៅថាហ៊ីស្តាមីន (Histamine) ដើម្បីការពារខ្លួន។ សកម្មភាពនេះ បញ្ចេញរោគសញ្ញាអាលែកហ្ស៊ីកើតឡើង ធ្វើឲ្យប៉ះពាល់លើប្រព័ន្ធដង្ហើម ប្រព័ន្ធរំលាយអាហារ ស្បែក និងប្រព័ន្ធសរសៃឈាមបេះដូង។
២- ធ្វើម៉េចទើបដឹងកូនអាលែកហ្ស៊ីជាមួយអាហារ?
រោគសញ្ញាសាមញ្ញនៃបញ្ហាអាលែកហ្ស៊ីអាហារមានដូចជា៖
– ឡើងក្រហមស្បែក
– ឡើងកន្ទាលត្រអាកលើស្បែក
– ឡើងកន្ទួលក្រហមរមាស់
– ហើមបបូរមាត់ ភ្នែក និងមុខ
– ហៀរសំបោរ ឬតឹងច្រមុះ កណ្ដាស់ ហៀរទឹកភ្នែក
– ចង្អោរចង់ក្អួត ក្អួត ឈឺពោះ រាក
– រមាស់ក្នុងមាត់ ឬបំពង់ក។
បើអាលែកហ្ស៊ីមានសភាពធ្ងន់ធ្ងរ ប្រតិកម្មអាណាហ្វីឡាក់ទិច (Anaphylaxis) អាចកើតមានឡើង ហេតុនេះត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យបើកូនយើងមានសញ្ញាដូចខាងក្រោម៖
– ដកដង្ហើមឮសម្លេង
– ថប់ក្នុងទ្រូង
– ហើមអណ្ដាត និងបំពង់ក
– ថប់តាមផ្លូវដង្ហើម
– សម្ពាធឈាមចុះទាបខ្លាំងគ្រោះថ្នាក់ដល់ជីវិត (Shock)
– វិលមុខ វង្វេងរង្វាន់ បាត់ស្មារតី។
ក្នុងករណីខ្លះ បញ្ហាអាលែកហ្ស៊ីជាមួយអាហារ ពិបាកក្នុងការកំណត់ណាស់ ដោយសារតែវាមានភាពសាំញ៉ាំពេក។ បញ្ហាមួយនេះ អាចហៅម្យ៉ាងទៀតថា អាលែកហ្ស៊ីលាក់មុខ ច្រើនកើតលើក្មេងទើបកើត ហើយខុសគ្នាពីអាលែកហ្ស៊ីចេញសញ្ញាភ្លាមៗ ដែលវាមានបញ្ចេញហ៊ីស្តាមីន ចំណែកឯអាលែកហ្ស៊ីដែលមិនងាយបង្ហាញសញ្ញាវិញ វាទាក់ទងជាមួយប្រព័ន្ធការពារខ្លួនយើងត្រូវការពេលយូរទើបឆ្លើយតបជាមួយសារធាតុបង្កអាលែកហ្ស៊ី (Allergen)។
ការឆ្លើយតបយឺត ធ្វើឲ្យយើងពិបាកដឹងថា អាហារណាមួយ ជាមូលហេតុធ្វើឲ្យអាលែកហ្ស៊ី ហើយប៉ាម៉ាក់ អាចនឹងបញ្ចុកអាហារដដែល និងធ្វើឲ្យកូនអាលែកហ្ស៊ីម្ដងហើយម្ដងទៀត។ អាលែកហ្ស៊ីជាមួយអាហារ ដែលមិនងាយបញ្ចេញសញ្ញា អាចធ្វើឲ្យខ្លួនយើងមានជំងឺមួយចំនួនដូចជា ជំងឺត្រអក(Eczema) ហើមពោះ ឈឺពោះខ្លាំង ក្មេងលូតលាស់មិនបានល្អ រាករូស និងទល់លាមក។ រោគសញ្ញាទាំងអស់នេះ នឹងបាត់ទៅវិញ នៅពេលយើងឈប់ឲ្យកូនៗញ៉ាំអាហារណាធ្វើឲ្យអាលែកហ្ស៊ីទាំងនេះ។ អាហារបង្កបញ្ហាទាំងអស់ ភាគច្រើនគឺទឹកដោះគោ ទឹកសណ្ដែក ស៊ុត និងស្រូវសាលី។
អត្ថបទពាក់ព័ន្ធ៖
- នេះជាហេតុផល កូនយើងត្រូវការវីតាមីន និងសារធាតុរ៉ែជាចាំបាច់!
- បន្លែបៃតងល្អចំពោះសុខភាពកូន តែគួរចម្អិនបែបណា ទើបសុវត្ថិភាព?
៣- អាលែកហ្ស៊ីអាហារ និងការញ៉ាំអាហារខុស
ភាគច្រើនយើងតែងច្រឡំគ្នា រវាងបញ្ហាទាំងពីរនេះ ហើយករណីញ៉ាំអាហារខុស ធ្វើឲ្យចេញរោគសញ្ញាស្រដៀងគ្នា ប៉ុន្តែវាមិនទាក់ទងគ្នាជាមួយនឹងប្រព័ន្ធការពារក្នុងខ្លួន ហើយរាងកាយក៏មិនបញ្ចេញហ៊ីស្តាមីនដែរ។ ញ៉ាំអាហារខុស អាចដោយសារតែប្រព័ន្ធរំលាយអាហារមិនអាចធ្វើការបានល្អចំពោះអាហារមួយចំនួន។ បញ្ហានេះ អាចគួរឲ្យធុញទ្រាន់ ប៉ុន្តែវាមិនបង្ករឲ្យមានគ្រោះថ្នាក់នោះទេ។
៤- គួរធ្វើម៉េចពេលកូនអាលែកហ្ស៊ីជាមួយអាហារ?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]