គ្នាយើងប្រហែលជាធ្លាប់បានឮរឿងហាមផឹកទឹកពេលកំពុងញ៉ាំអាហារហើយមើល៍ទៅ។ អ្នកជំនាញខ្លះបានពន្យល់ថាទឹកអាចពង្រាវអាស៊ីតក្នុងក្រពះ និងអ្នកជំនាញផ្សេងទៀតគិតថាការធ្វើបែបនេះនឹងធ្វើឲ្យយើងធាត់។ មនុស្សមួយចំនួនទៀតក៏គិតថាទឹកអាចរុញអាហារមិនទាន់រំលាយចេញពីក្រពះបានផងដែរ។ តោះស្វែងយល់ទាំងអស់គ្នា។
ដំណើរការនៃការរំលាយអាហារ
ដំណើរការនៃការរំលាយអាហារចាប់ផ្តើមតាំងពីយើងគិតពីអាហារដែលត្រូវញ៉ាំ ហើយទឹកមាត់ក៏ចាប់ផ្ដើមផលិតនៅក្នុងមាត់។ នៅពេលដែលយើងទំពារអាហារ អាហារនឹងលាយជាមួយទឹកមាត់ដែលមានអង់ស៊ីមចាំបាច់សម្រាប់ការរំលាយអាហារ។ បន្ទាប់ពីនោះ អាហារដែលបន្ទន់រួចនឹងចូលក្នុងក្រពះ និងលាយជាមួយនឹងអាស៊ីតក្រពះ។ ជាមធ្យម ក្រពះត្រូវការរយៈពេល៤ម៉ោងដើម្បីធ្វើការរំលាយអាហារមុននឹងបំលែងទៅជាសារធាតុរាវ ឬអាស៊ីត (chyme) ដែលអាស៊ីតនេះនឹងបន្តទៅពោះវៀនតូច និងផ្តល់សារធាតុចិញ្ចឹមទាំងអស់ទៅឲ្យរាងកាយ។
ចំណែកឯទឹកមិនស្តុកនៅក្នុងក្រពះយូរទេ។ ក្រពះត្រូវការរយៈពេលតែ១០នាទីប៉ុណ្ណោះដើម្បីបញ្ជូនទឹក ២៩៥មីល្លិលីត្រ។ ដូចនេះបើយើងផឹកទឹកអំឡុងពេលញ៉ាំអាហារ ទឹកមិនស្តុកក្នុងក្រពះទេ គឺទឹកនឹងហូរកាត់អាហារទាំងនោះ ផ្តល់សំណើមដល់អាហារទាំងនោះ ហើយចេញពីក្រពះយ៉ាងឆាប់រហ័ស។
សារធាតុរាវមិនកាត់បន្ថយភាពខ្លាំងរបស់អាស៊ីតទេ
រាងកាយយើងជាប្រព័ន្ធដែលមានភាពស្មុគស្មាញ ប៉ុន្តែមានមុខងារច្បាស់លាស់។ ប្រសិនជាក្រពះមិនអាចរំលាយអាហារណាមួយ ក្រពះនឹងផលិតអង់ស៊ីមបន្ថែម និងបង្កើនជាតិអាស៊ីតឲ្យសារធាតុរាវនៅខាងក្នុងនោះ។ ទោះបីយើងផឹកទឹកច្រើនរហូតដល់មួយលីត្រកន្លះក៏ដោយ ទឹកក៏មិនមានឥទ្ធិពលអ្វីទៅលើកម្រិតអាស៊ីតដែរ។ ដោយឡែក យើងមានញ៉ាំអាហារដែលមានជាតិទឹកដែរដូចជាផ្លែក្រូចជាដើម ដែលផ្លែក្រូចមួយផ្លែមានជាតិទឹក ៨៦%។
ការសិក្សាជាច្រើនបានបង្ហាញថាអាហារមួយចំនួនអាចនឹងបន្ថយកម្រិតជាតិអាស៊ីតនៅក្នុងក្រពះ ប៉ុន្តែកម្រិតជាតិអាស៊ីតនឹងត្រលប់មកសភាពដើមវិញយ៉ាងឆាប់រហ័ស។
សារធាតុរាវមិនប៉ះពាល់ដល់ការរំលាយអាហារទេ
មិនមានការសិក្សាណាមួយអាចបញ្ជាក់ថាសារធាតុរាវរុញអាហាររឹងទៅក្នុងពោះវៀនតូចមុនពេលត្រូវបានរំលាយទេ។ អ្នកវិទ្យាសាស្ត្របានអះអាងថាសារធាតុរាវចេញពីរាងកាយលឿនជាងអាហាររឹង ប៉ុន្តែសារធាតុរាវមិនបានរំខានដល់ដំណើរការនៃការរំលាយអាហារទេ។
តើអាចផឹកទឹកពេលកំពុងញ៉ាំអាហារបានដែរឬទេ?
ការផឹកទឹកអំឡុងពេលញ៉ាំអាហារមិនមានផលប៉ះពាល់អ្វីទេ។ ផ្ទុយមកវិញ ទឹកជួយបន្ទន់អាហារដែលរឹង។ ប៉ុន្តែយកល្អកុំផឹកទឹកមុននឹងលេបអាហារ ព្រោះអាហារត្រូវការទឹកមាត់ដែលមានផ្ទុកអង់ស៊ីមចាំបាច់ក្នុងការរំលាយអាហារ។ ម៉្យាងទៀត ការសិក្សាបង្ហាញថានៅពេលយើងផ្អាកការញ៉ាំដើម្បីផឹកទឹកនោះអាចពន្យឺតការញ៉ាំអាហារ និងធ្វើឲ្យយើងញ៉ាំអាហារតិចជាងមុនដែលនេះជាការណ៍ល្អសម្រាប់អ្នកចង់សម្រកទម្ងន់ និងបង្ការកុំឲ្យញ៉ាំអាហារលើសកំណត់។
បើយើងទម្លាប់នឹងការផឹកទឹកតែពេលញ៉ាំអាហារ ក៏មិនមានបញ្ហាអ្វីដែរ។ ការស្រាវជ្រាវបានឲ្យដឹងថាកម្រិតជាតិអាស៊ីតក្នុងក្រពះគឺមិនមានភាពខុសគ្នាក្រោយពេលផឹកតែ ឬផឹកទឹកធម្មតាទេ។ សីតុណ្ហភាពទឹកដែលយើងផឹកក៏មិនមានឥទ្ធិពលលើដំណើរការនៃការរំលាយអាហារ ឬបរិមាណសារធាតុចិញ្ចឹមដែលរាងកាយទទួលទេ ព្រោះក្រពះអាចបន្ថែមកម្តៅ ឬបញ្ចុះកម្ដៅឲ្យអាហារក្នុងកម្រិតចាំបាច់។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រណែនាំឲ្យផឹកទឹកក្ដៅឧណ្ហៗត្រឹម៦៥អង្សាសេ។
អត្ថបទពាក់ព័ន្ធ៖
- ញ៉ាំទឹកអត់ចេះតែញ៉ាំតាមស្រេកទេ មានពេលល្អ គ្នាយើងគួរដឹង
- ផឹកទឹកច្រើនល្អ តែកុំផឹកច្រើនហួសហេតុពេក អាចពុលដល់សន្លប់
- អនុវត្តវិធីទាំង៦នេះ ជួយដល់ការរំលាយអាហារបានលឿន
- ផ្លែគីវីមានប្រយោជន៍ដល់អ្នកជំងឺហឺត ជួយប្រព័ន្ធរំលាយអាហារ គ្រប់គ្រងសម្ពាធឈាម
- ញ៉ាំផ្លែម្នាស់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហារ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]